ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ពុធ ធីតា សរសើរ​ដល់​ការ​លះបង់ និង​ឆន្ទៈ​កីឡាការិនី​កម្ពុជា ​កំពុង​ប្រកួត​ពាន AFF

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹង​កេ​ត និង​ជា​ប្រធាន​គណៈកម្មការ​បាល់ទាត់​

រាជធានី​ភ្នំពេញ ៖ លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹង​កេ​ត និង​ជា​ប្រធាន​គណៈកម្មការ​បាល់ទាត់​នារី​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​សរសើរ​ដល់​កីឡាការិនី​កម្ពុជា​មាន​ឆន្ទៈ​ខ្ពស់ ក្រោយ​ការ​ប្រកួត​ដែល​ក្រុម​នេះ​បាន និង​កំពុង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFF Women’s Championship នៅ​ប្រទេស​ហ្វី​លី​ពី​ន​។

ក្រុមកីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា នៅ​សល់ការ​ប្រកួត​មួយ​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​ក្រុម​ជម្រើសជាតិ​នារី ទី​ម័​រ​ខាងកើត នា​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​៦:០០​នាទី​ល្ងាច​។

ខណៈ​ការ​ប្រកួត​ចំនួន ៣​លើក​កន្លង​មក កម្ពុជា​មាន​១​ពិន្ទុ ដោយ​ចាញ់​វៀតណាម ៣-០ ចាញ់​មី​យ៉ា​ន់
ម៉ា ៣-០ និង​ស្មើ​ឡាវ ១-១​។ ទោះ​យ៉ាងណា ក្រោយ​ការ​ប្រកួត​ចំនួន ៣​លើក​នេះ លោកស្រី ពុធ ធីតា ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រុមកីឡា​ការិនី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពាន​ខាងលើ បានឃើញ​ពី​ការ​ពុះពារ​ប្រកួត​ទល់​ប្រទេស​ផ្សេង​ៗ បើ​ទោះ​ដឹង​ថា កម្រិត​បាល់ទាត់​នារី​កម្ពុជា ហាក់​នៅ​មាន​កម្រិត ប៉ុន្តែ​លោកស្រី​សរសើរ​ទឹកចិត្ត​ប្រយុទ្ធ​របស់​គ្រប់​កីឡាការិនី​ក្នុង​ក្រុម មាន​ខ្ពស់​មែនទែន​។

ថ្នាក់ដឹកនាំ​ក្នុង​ក្រុម​បឹង​កេ​ត​រូប​នេះ បាន​និយាយ​ថា ម្សិលមិញ​នេះ អាណិត​កីឡាការិនី​យើង​ខ្លោចចិត្ត ម្សិលមិញ​២​នាក់​ទៅ​ពេទ្យ ម្នាក់​ប៉ះ​ឆ្អឹងដងកាំបិត ម្នាក់​ទៀត​របួស​ឆ្អឹងត្រគាក​។ និយាយ​ទៅ យើង​មាន​ឆន្ទៈ​ខ្ពស់ តែ​កម្លាំង​យើង​មិន​ដល់​គេ​ទេ ។ កម្រិត​បាល់ទាត់​នារី​យើង​៣-៤​ឆ្នាំ​ទៀត ដឹង​តែ​ប្រហាក់ប្រហែល​ក្រុម​ខ្លាំង​ក្នុង​តំបន់​គ្រាន់តែ​យើង​ត្រូវការ​គាំទ្រ​ពី​មហាជន​ឲ្យ​បាន​ខ្លាំង​។ ដូច​យើង​ដឹង​ស្រាប់​ហើយ ពី​មុន​មក​បាល់ទាត់​នារី​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ​។

លោកស្រី​បន្ថែម​ថា «​បាល់ទាត់​នារី​យើង​ត្រូវការ​ចាំបាច់​មែនទែន ការ​លើកទឹកចិត្ត​ពី​ឪពុក​-​ម្ដាយ​របស់​កីឡាការិនី ។ ពេល​យើង​ចេញ​មក​ប្រកួត​នៅ​ក្រៅ​អ៊ីចឹង យើង​ឃើញ​កីឡាការិនី​គេ​ដូច​ប្រុស​មែនទែន ។ តែ​សូម​សរសើរ​។ ពួក​គាត់​ស៊ូ​ហ្មង​។ ម៉េច​ក៏​ដោយ ចាញ់​កម្លាំង​គេ​ក៏​ដោយ អី​ក៏​ដោយ​គាត់​ប្រឹង​ណាស់​។ ខ្ញុំ​ពិតជា​ចង់​នៅ​គាំទ្រ​ពួក​គាត់​បន្ត​ទៀត ។ និយាយ​ដោយ​ត្រង់​ចុះ ខ្ញុំ​ដំបូង​គិត​ថា មក​លើកទឹកចិត្ត​ពួក​គាត់​តែ​២​ប្រកួត​ដំបូង​ទេ ព្រោះ​ការងារ​ច្រើន ណាមួយ​កូន​ៗ​នៅផ្ទះ​ទៀត ហើយ​នៅ​នេះ មាន​គ្រូ​ៗ​គេ​គ្រប់គ្រង​ហើយ តែ​ដល់​ពេល​ឃើញ​ពួក​គាត់​ស៊ូ​អ៊ីចឹង មិន​ដាច់​ចិត្ត​ពី​ពួក​គាត់​ទេ​។ ដូច​យប់មិញ នៅ​ពេទ្យ​ជាមួយ​ពួក​គាត់​ដល់​ម៉ោង ១ ម៉ោង ២ យប់​»​។

ជា​ចុង​ក្រោយ លោកស្រី បាន​អំពាវនាវ​ដល់សាធារណជន​ដែល​មានកូន​ស្រី​ៗ ដែល​បាន​ស្រឡាញ់​វិស័យ​កីឡា​ជួយ​ផ្ដល់​កម្លាំងចិត្ត លើកទឹកចិត្ត​ដល់​កូន​របស់​ខ្លួន​ឲ្យ​បន្ត​ប្រឹងប្រែង​។ លោកស្រី​ដឹង​ថា សម្រាប់​នារី​ដែល​លះបង់​មក​លេង​កីឡា​បាន គឺ​ប្រឈម​បញ្ហា​ច្រើន​ណាស់ ពិសេស​គឺ​គ្រួសារ​តែ​ម្ដង ព្រោះ​លោកស្រី​យល់​ថា គ្រប់​ក្រុម​គ្រួសារ​មិនសូវ​ចង់​ប៉ុន្មាន​ទេ​ក្នុង​ការ​ឲ្យ​កូនស្រី​របស់​ខ្លួន​មក​លេង​បាល់ទាត់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ