ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ក្រោយ​ពី​ឆក់​ទូរស័ព្ទ​អ្នកដំណើរ

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​អ្នកដំណើរ​បាន​សម្រេច​២​លើក កាលពី​ពេល​កន្លង​ទៅ​នេះ ហើយ​គេចខ្លួន​រួច​ដោយ​សុវត្ថិភាព​ទាំង​២​លើក ។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ នគរបាល​ពុំ​បានដឹង​ថា​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​អ្នកដំណើរ​បាន​សម្រេច​២​លើក កាលពី​ពេល​កន្លង​ទៅ​នេះ ហើយ​គេចខ្លួន​រួច​ដោយ​សុវត្ថិភាព​ទាំង​២​លើក ។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ នគរបាល​ពុំ​បានដឹង​ថា​មាន​ហេតុការណ៍​នេះ​កើតឡើង​ទេ ព្រោះ​ជន​រង​គ្រោះ​អត់​បាន​ដាក់​ពាក្យបណ្តឹង​ឡើយ ។ ប៉ុន្តែ​ថ្មី​ៗ​នេះ ខណៈ​កម្លាំង​នគរបាល​កំពុង​ល្បាត ហើយ​ប្រទះ​ឃើញ​ជន​ម្នាក់​កំពុង​អង្គុយ​នៅ​ហាង​កាហ្វេ​មួយ​គួរ​ឲ្យ​សង្ស័យ ក៏​ឃាត់​ខ្លួន​សួរនាំ ទើប​ដឹង​ថា​ជា​មុខសញ្ញា​ឆក់​ទូរស័ព្ទ​ខាងលើ និង​ឈាន​ទៅ​ឃាត់ខ្លួន​បក្ខពួក​២​នាក់​ទៀត​ជា​បន្តបន្ទាប់ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​ជន​សង្ស័យ​ទាំង​៣​នាក់ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២២​កន្លង​ទៅ នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​លិច​វត្ត សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ៖ ១-​ឈ្មោះ សុខ សុខា ហៅ ឆេះ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​កេ​រិ៍្ត សង្កាត់​កំ​បូល ខណ្ឌកំ​បូល មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ។ ២-​ឈ្មោះ មឿ​ន សុ​ពិន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។ ៣-​ឈ្មោះ ប៉ោ លី​ហ៊ា​ង អាយុ​១៨​ឆ្នាំ មាន​ទី​លំនៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទេ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​នគរ​បាល​​ខណ្ឌ​កំ​បូល​បាន​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ។ លុះ​ពេល​ទៅ​ដល់​ភូមិ​លិច​វត្ត សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល បាន​ប្រទះ​ឃើញ​ឈ្មោះ សុខ សុខា ហៅ ឆេះ កំពុង​អង្គុយ​នៅ​ក្នុង​តូប​លក់​កាហ្វេ​មួយ​កន្លែង ។

ពេល​នោះ​ដោយ​មានការ​សង្ស័យ នគរបាល​បាន​ចូល​ទៅ​ឃាត់ខ្លួន​នាំ​យក​មក​សាកសួរ ហើយ​ជន​នេះ​សារភាព​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២២ កន្លង​ទៅ ខ្លួន​និង​បក្ខពួក​ម្នាក់​ឈ្មោះ ប៉ោ លី​ហ៊ា​ង បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ម៉ាក​អុ​ប​ប៉ូ​១​គ្រឿង​ពី​ស្ត្រី​២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​៤ នៅ​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

ប្រភព​ដដែល​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​នៅ​វេលា​ម៉ោង​ប្រហែល​១​និង​២០​នាទី​រសៀល នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​ស្វែងរក​ចាប់​ខ្លួន​ឈ្មោះ ប៉ោ លី​ហ៊ា​ង ដែល​ជា​បក្ខពួក​បន្ត​ទៀត ។ ពេល​នោះ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​រូប​នោះ​កំពុង​ឈរ​នៅ​លើ​ផ្លូវ​មុខ​តូប​លក់​សាច់ក្រក​អាំង ស្ថិត​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ក៏​ឃាត់ខ្លួន រួច​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ។

ជនសង្ស័យ​ទី​២​នាក់​នេះ​បាន​ឆ្លើយ​សារភាព​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ពួក​ខ្លួន​និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ មឿ​ន សុ​ពិន បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ម៉ាក​អុ​ប​ប៉ូ​១​គ្រឿង​ពី​ស្ត្រី​២​នាក់ នៅ​មុខ​ខ្លោងទ្វារវត្ត​ស្ងួន​ពេជ្រ ស្ថិត​ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ។

ប្រភព​ពី​នគរបាល​បន្ត​ថា ចំពោះ​ស្ត្រី​រង​គ្រោះ​ ដោយ​ការ​ឆក់​ទូរស័ព្ទ​ទាំង​២​លើក​ខាងលើ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​ក្រោយ​ពេល​កើតហេតុ ពួក​គាត់​ពុំ​បាន​ដាក់​ពាក្យបណ្ដឹង​ឡើយ ។ ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ទាំង​២​នាក់​នេះ​ហើយ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ នគរបាល​ខណ្ឌ​កំ​បូល បាន​ទៅ​សហការ​ជាមួយនឹង​នគរបាល​ស្រុក​អង្គស្នួល​ឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ មឿ​ន សុ​ពិន ទៀត ខណៈ​ជន​នេះ​កំពុង​ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​«​ហេង សំណា​ង​» ក្នុងភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ក្រុម​ជនសង្ស័យ ត្រូវ​បាន​នាំ​យក​ទៅ​សាក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ហើយ​ក្រោយ​​ទទួល​​បាន​ចម្លើយ​សារភាព​ហើយ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ