ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ខ្លែង​ព្នង​ឬ​ខ្លែងអែក និង​ប្រពៃណី​បង្ហើរខ្លែង

7 ឆ្នាំ មុន

«​កម្រង​ឯកសារ​ស្តី​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ » រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ និទាន​ថា តាំងពី​យូរយារ​ណាស់​មក​ហើយ ប្រទេស​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​នេះ​តែងតែមាន​ប្រពៃណី​បង្ហើរខ្លែង ប៉ុន្តែ​

«​កម្រង​ឯកសារ​ស្តី​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ » រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ និទាន​ថា តាំងពី​យូរយារ​ណាស់​មក​ហើយ ប្រទេស​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​នេះ​តែងតែមាន​ប្រពៃណី​បង្ហើរខ្លែង ប៉ុន្តែ​មាន​ពិធី​ធ្វើ​ខុស​ប្លែក​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ត្រង់​រដូវ​កាល​នៃ​ការ​បង្ហើរ និង​រូបភាព​នៃ​ខ្លែង និង​ពិធី​បង្ហើរ ដែល​ធ្វើ​ជា​ពិសេស​ទៅ​តាម​ប្រពៃ​ណិ និង​ជំនឿ​របស់​ជាតិ​សាសន៍​នីមួយ​ៗ ។

ជា​ប្រការ​គួរ​ឱ្យ​ស្តាយ​បំផុត​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥ ពិធី​បង្ហើរខ្លែង​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​ផ្អាក​សកម្មភាព ដោយ​ប្រទេស​យើង​មាន​អសន្តិសុខ ។ ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៧៥​រហូត​ដល់​ឆ្នាំ​១៩៧៩ សូ​ម្បី​តែ​ខ្លែង​មួយ​ធ្វើ​អំពី​ក្រដាស ឬ​ពី​ស្លឹក​ប៉ប្រក​ស្ងួត ក៏​គេ​ពុំ​ឃើញ​មាន​បង្ហើរ​នៅ​លើ​ដែនអាកាស​ខ្មែរ​ដែរ ព្រោះ​នៅ​សម័យ​នោះ វប្បធម៌​ប្រពៃណី​ខ្មែរ ត្រូវ​បាន​ហាមឃាត់​យា​៉​ង​តឹង​រឹ​ុ​ង​បំផុត ។ ក្រោយ​ឆ្នា​១៩៧៩ គេ​ឃើញ​មាន​ក្មេង​ៗ​បាន​ផ្តើម​បង្ហើរខ្លែង​ខ្លះ​ៗ​វិញ ។

នា​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​១៩៩៤ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ចាត់ចែង​រៀបចំ​ធ្វើ​ពិធី​បង្ហើរខ្លែង​នេះ​ឡើង​វិញ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ក្នុង​គោលបំណង​ស្តារ និង​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​ជាតិខ្មែរ​យើង​ឱ្យ​គង់វង្ស ជា​ពិសេស​ចង់​ដាស់​ស្មារតី​កូនចៅ​ខ្មែរ​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ៗ​ទៀត​ឱ្យ​ដឹង​ថា បុព្វបុរស​ជា​ដូនតា​របស់​ខ្លួន​បាន​បន្សល់​ទុក​នូវ​ប្រពៃណី​ទំនៀមទម្លាប់​មួយ ពិសេស​សម្រាប់​ជាតិ​សាសន៍​របស់​ខ្លួន ។

នៅ​ថ្ងៃ​ទី​២៥-២៦ ខែធ្នូ ឆ្នាំ​១៩៩៦​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រារព្ធ​ពិធី​បង្ហើរខ្លែង​នេះ​ជា​លើក​ទី​ពីរ ដើម្បី​អបអរសាទរ​ដល់​ចលនា​បង្រួបបង្រួម​ជាតិ ក៏​ដូច​ជា​ទទួល​ស្វាគមន៍​ចំពោះ​សន្តិភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

តទៅ​នេះ យើង​នឹង​សិក្សា​អំពី​ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង​ខ្មែរ ដែល​មាន​ពី​សម័យ​មុន ហើយ​ដែល​យើង​អាច​រៀបរាប់​ដូច​តទៅ ៖
របៀបរបប​បង្ហើរខ្លែង បាន​ឆ្លុះ​បញ្ចាំង​នូវ​ចរិត​របស់​សង្គម​ខ្មែរ ដែល​រស់នៅ​ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ ទទួល​ឥទ្ធិពល​ពី​ធម្មជាតិ និង​ប្រើប្រាស់​ថាមពល​ធម្មជាតិ​សម្រាប់​បម្រើ​ការ​រស់នៅ និង​ការ​កម្សាន្ត ។

ម្យ៉ា​ង​ទៀត ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង មិន​គ្រាន់តែ​ជា​ពិធី​មួយ​ធ្វើ​ឡើង​សម្រាប់​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ពិធី​មួយ​សម្រាប់​គោរព​បូជា​ដល់​សាសនា​សំខាន់​ទាំង​ពីរ​ផង​ដែរ ដែល​ប្រជាជន​ខ្មែរ​ធ្លាប់​ជឿ និង​គោរព​តាំងពី​ដើម​រៀង​មក​គឺ ៈ ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា ។

I-​ប្រភព​កំណើត និង​ពិធី​បង្ហើរខ្លែង​ខ្មែរ
១-​ប្រវត្តិ​ខ្លែង​ព្នង
មានរឿង​ព្រេង​និទាន​ជា​ច្រើន ដែល​ទាក់ទង​ទៅ​នឹង​ដើម​កំណើត​ខ្លែង និង​ការ​បង្ហើរខ្លែង​។ នៅ​ក្នុង​សៀវភៅ​រឿង «​ធនញ្ជ័យ​» ក៏​បាន​និយាយ​ដល់​ការ​បង្ហើរខ្លែង គឺ​នៅ​ពេល​ដែល​ធន​ញ្ជ​៧​យ​ជាប់គុក​សំ​រិ​ទ្ធ​នៅ​ប្រទេស​ចិន ។ ដោយសា​ការ​បកស្រាយ​សំឡេង​អែក ដែល​ភ្ជាប់​នឹង​ក្បាល​ខ្លែង ធនញ្ជ័យ​ត្រូវ​បាន​រួច​ពី​ការ​ឃុំឃាំង ហើយ​មាន​សេរីភាព​ឡើង​វិញ។

ឯកសារ​មួយ​ទាក់ទង​ទៅ​នឹង​ប្រវត្តិ​ខ្លែង​ព្នង​មាន​តំណាល​ថា កាលនោះ​មាន​ព្រះរាជា​មួយ​អង្គ​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​គេ​យក​ទង់ព្រលឹង​មក​ធ្វើ​ជា​ខ្លែងបង្ហើរ ដើម្បី​ឱ្យ​ប្រជារាស្ត្រ​ដឹង​ថា ជា​ព្រលឹង​ព្រះ​រៀម​របស់​ព្រះ​ង​ង្គ ដែល​ហោះ​អណ្តែត​ទៅ​កាន់​ឋាន​លើ ។ ចំពោះ​សំឡេង​អែក ពីរោះ​គួរ​ឱ្យ​ស្រណោះស្រណោក​នោះ គឺជា​ទំនួញ​សោយសោក​អាឡោះ​អាល័យ​របស់​ព្រះរាជ​វង្សានុវង្ស និង​ប្រជារាស្ត្រ​ចំពោះ​ម្ចាស់ផែនដី​របស់​ខ្លួន​ដែល​បាន​សោយ​ទិវង្គត​ទៅ ។ លុះដល់​តំណ​ក្រោយ​ៗ​មក​ពាក្យ​ថា «​ខ្លែង​ព្រលឹង​» នេះ ក៏​នាំ​គ្នា​ហៅ​ក្លា​យមក​ថា «​ខ្លែង​ព្នង​» ទៅ​វិញ ។

អ្នកស្រី​ពេ​ជ សល់ សមាជិក​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ នៃ​ពុទ្ធ​សាសន​បណ្ឌិត បានឱ្យ​យោបល់​ថា ពាក្យ «​ខ្លែង​ព្នង​» នេះ​ដោយ​ផ្អែក​ទៅ​លើ​កំណត់ហេតុ​របស់​ជូ​តា​ក្វា​ន់ បេសក​ជន​ចិន ដែល​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​រវាង​គ្រឹ​ស្តស​ករ​រាជ​១២៩៦ បានឱ្យ​ដឹង​ថា នគរ​ខ្មែរ​យើង​ពី​ដើម​ឈ្មោះ «​នគរ​ភ្នំ​» «​នគរ​វ្នំ​» ។ ចិន​ហៅ​ពាក្យ​នេះ​មិន​ត្រូវ​តាម​សូរសៀង​ដើម គឺ​ហៅ​បាន​ត្រឹម «​វណ​ន​ឬ​ហ្វូ​ណ​ន​» ។ ដូច្នេះ​អ្នកស្រី​ពេ​ជ សល់ ក៏​សន្និដ្ឋាន​ថា ប្រហែលជា​ខ្លែង​ព្នង​នេះ​ក្លា​យមក​ពី​ពាក្យ «​ខ្លែង​ភ្នំ​ឬ​ខ្លែង​អ្នក​នគរ​ភ្នំ​» ហើយ​ក្រោយមក​ក៏​ហៅ​ក្លាយជា «​ខ្លែង​ព្នង​» តែ​ម្តង​ទៅ ។ តែ​អ្នកស្រី​ក៏​នៅ​មានការ​សង្ស័យ​ម្យ៉ា​ង​ទៀត​ដែរ​ថា ប្រហែលជា​ខ្លែង​របស់​ជនជាតិ​ព្នង​ទេ​ដឹង?

មានរឿង​ព្រេង​និទាន​មួយទៀត​របស់​ជនជាតិភាគតិច នៅ​ខេត្តរតនគិរី ដែល​ពាក់ព័ន្ធ​ដល់​ដើម​កំណើត​នៃ​ខ្លែង​ព្នង​នេះ បាន​ដំណាល​មក​ថា អស់​កាល​ជា​យូរលង់​ណាស់​មក​ហើយ មាន​កសិករ​ជនជាតិ​តំបន់​ភ្នំ​ពីរ​នាក់​ប្តី​ប្រពន្ធ​មានកូន​ប្រុស​ម្នាក់​អាយុ​១៣​ឆ្នាំ​ឈ្មោះ «​រំ​ផ្ល​ង់​» ដែល​មាន​ប្រាជ្ញា​វៀងវៃ​ខុស​ប្លែក​ពី​ក្មេង​ឯទៀត​នៅ​ក្នុងភូមិ ។ ថ្ងៃមួយ​នៅ​ពេល​ដែល​វា​ត្រឡប់​មក​ពី​ចម្ការ​វិញ កុមារ​រំ​ផ្ល​ង់​បាន​ឆៀង​ចូល​ទៅ​អង្គុយ​លេង​នៅ​លើ​ផ្ទាំង​ថ្ម​រាប់ស្មើ​មួយ មើល​ទឹកជ្រោះ​ដ៏​ថ្លា​ឆ្វង់​ហូរ​កាត់​ភ្នំ​តាម​ចន្លោះ​ដុំ​ថ្ម​នា​ចង្កេះភ្នំ ។ ពេល​នោះ កុមារ​​បានឃើញ​ស្លឹកឈើ​ទុំ​មួយ​ធំ​ធ្លាក់​ពីលើ​មក​សន្សឹម​ៗ រេ​ចុះឡើង​មុន​នឹង​ធ្លាក់​ដល់​ដី ។ រំ​ផ្ល​ង់​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ក៏​រត់​ទៅ​រើស​យក​មក​ចងខ្សែ​បង្ហើរ​លេង​យ៉ា​សប្បាយ​​តែ​ម្នាក់ឯង ។ ឯ​កុមារ​ដទៃ​ទៀត ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ ក៏​នាំ​គ្នា​យក​ស្លឹកឈើ​ប្រភេទ​នោះ​មក​ចងខ្សែ​បង្ហើរ​លេង​តាម​កុមារ​រំ​ផ្ល​ង់​ដែរ ។ ថ្ងៃមួយ​ស្លឹកឈើ​របស់​កុមារ​រំ​ផ្ល​ង់​ក៏​ស្វិត​ស្រពោន​រេច​រិល ធ្លុះធ្លាយ​ជា​ច្រើន​អន្លើ ហើយ​ក៏​លេង​ហោះហើរ​បាន​ដូច​មុន​ទៀត ។ កុមារ​កម្សត់ ដោយ​ពុំ​បាន​លេង​កម្សាន្ត​សប្បាយ​ដូច​មុន​ក៏​អង្គុយ​យំសោក​ស្តាយ​ដោយ​ក្តី​អស់សង្ឃឹម ។ ឃើញ​ដូច្នោះ តា​ចាស់​ម្នាក់​ឈ្មោះ «​កា​លែង​ពោន​ង​» មានចិត្ត​អាណិត​កុមារ​ពន់ពេក ក៏​យក​ក្រណាត់​មួយ​ផ្ទាំង​ធំ​មក​ច្នៃ​ឱ្យ​ហោះហើរ​បាន ហើយ​ប្រគល់​ទៅ​ឱ្យ​កុមារ​រំ​ផ្ល​ង់​នោះ​មានឈ្មោះ​ពិបាក​ហៅ​ពេក ក្រោយមក​គេ​ក៏​នាំ​គ្នា​ហៅ​ឈ្មោះ​លោកតា​នោះ​ជា​ជំនួស​វិញ​គឺ «​កា​លែង​ពោន​ង​» ។ លុះ​ហៅ​យូរ​ៗ​ក៏​ចេះ​តែ​ក្លាយ​រួញ​កាន់តែ​ខ្លី​គឺ ៖

កា​លែង » ខ្លែង ពោន​ង » ព្នង
ដូច្នេះ​ពាក្យ​ថា «​ខ្លែង​ព្នង​» នេះ​ពី​មុន​គឺជា​ឈ្មោះ​ដើម​របស់​លោកតា «​កា​លែង​ពោន​ង​» ដែល​ជា​ឈ្មោះ​របស់​ជនជាតិ​តំបន់​ព្រៃ​ភ្នំ​ម្នាក់​នោះ​ឯង ។ ឯ​ទីវាល​មួយ​នៅ​ខេត្តរតនគិរី ដែល​កុមារ​រំ​ផ្ល​ង់​តែង​បង្ហើរខ្លែង​លេង​នោះ​មានឈ្មោះ​ថា​វាល «​រំ​ផ្ល​ង់​» រហូត​មក​ទល់​សព្វថ្ងៃ ។

មានរឿង​មួយទៀត ទាក់ទង​នឹង​ប្រវត្តិ​ខ្លែង​នេះ​ដែរ បាន​និទាន​ថា កាលនោះ​មាន​ព្រានប្រមាញ់​ម្នាក់​ឈ្មោះ «​លុន​ពណ៌​» រស់នៅ​ជាមួយនឹង​កូនកំលោះ​ពីរ​នាក់​ប្រកបរ​បរបាញ់​សត្វព្រៃ និង​ដាំ​ដំណាំ​សម្រាប់​ជា​មធ្យោបាយ​ចិញ្ចឹមជីវិត ។ ក្នុង​ពេល​ទៅ​បរបាញ់​សត្វ យុវជន​ទាំង​ពីរ​ចាប់​បាន​ខ្លែង​ពណ៌​មាស​មួយគូ​ដែល​មាន​ពណ៌​ល្អ​ប្លែក​លើស​ខ្លែង​ដទៃ ។ កាលណា​គេ​ទៅ​លក់​ផលិតផល​ប្រមាញ់​របស់​គេ​នៅ​ឯ​ផ្សារ គេ​ក៏​បាន​យក​ខ្លែង​ពណ៌​មាស​ទាំង​គូ​របស់​គេ​ទៅ​ជាមួយ​ផង​ដែរ ។ ថ្ងៃមួយ​មាន​រាជបុត្រី​ពីរ​អង្គ​យាង​មក​ក្រសាល​នៅ​ទីផ្សារ​ដែរ ។ ពេល​បានឃើញ​ខ្លែង​ពណ៌​មាស​របស់​អ្នកប្រមាញ់​កំលោះ​ល្អ​ប្លែក​ដូច្នេះ​ព្រះ​នាង​ក៏​ចាប់ចិត្ត​ស្រឡាញ់ខ្លែង​នេះ​ពន់ពេក ហើយ​ក៏​និយាយ​សុំ​ទិញ​ពី​បុរស​ទាំង​ពីរ​នាក់ ដើម្បី​យក​ទៅ​បង្ហើរ​លេង​នៅ​ឯ​រាជវាំង ។ តែ​យុវជន​ទាំង​ពីរ​នាក់ ដោយ​ខ្លួន​ក៏​ស្រឡាញ់​ខ្លែង​នេះ​ខ្លាំង​ណាស់​ដែរ​នោះ ក៏​ទូល​ថា «​ទូល​បង្គំ​មិន​លក់​ទេ​» ។ ដើម្បី​បាន​លេង​សប្បាយ រាជបុត្រី​ក៏​និយាយ​សុំ​ខ្ចី​ខ្លែង​នេះ​លេង​រួម​ជាមួយនឹង​ម្ចាស់​ខ្លែង​ផង នៅ​ទីវាល​មួយ​ក្បែរ​នគរ «​គុ​ជ្ជោ​រ​សិលា​» ។ យុវជន​យុវតី​ទាំង​បួន​យក​ខ្សែ​វែង​មក​ចងជើង​ខ្លែង ហើយ​​លែងឱ្យ​ហើរ​ទៅ​លើ​អាកាស ។ ទាំងអស់​គ្នា​សប្បាយ​នឹង​ល្បែង​នេះ​ពន់ពេក​ណាស់ ។ ដោយ​សារបាន​រស់នៅ​ជិត​ស្និទ្ធ​នឹង​គ្នា​រៀងរាល់ថ្ងៃ មិនយូរ​ប៉ុន្មាន​កំលោះ​ក្រមុំ​ទាំង​ពីរ​គូ​កាន់តែ ខ្លាំង​ឡើង​ៗ​។ ឯ​សត្វ​ខ្លែង​ពណ៌​មាស​វិញ ដោយ​ត្រូវ​ទទួល​ការ​លំបាក ហេវ​ហត់ បាក់កម្លាំង​ពី​ការ​បង្ហោះ​បង្ហើរ​ឥត​ស្រាកស្រាន្ត​ជា​រៀងរាល់ថ្ងៃ​ដូច្នេះ​ថ្ងៃមួយ​ក៏​ចាប់​មាន​ជំងឺ​ជា​ទម្ងន់ ។ ទោះជា​មានការ​ព្យាបាល​បែប​ណា​ពី​យុវជន​ទាំងនោះ ក៏​នៅ​ទីបំផុត ខ្លែង​នោះ​ស្លាប់​ទាល់តែ​បាន ។ រីឯ​កំលោះ​ក្រមុំ​ទាំង​បួន​នាក់ ក៏​បាន​សម្រេចចិត្ត​រៀប​ការ​ជា​ប្តី​ប្រពន្ធ​នៅ​ពេល​នោះ​ទៅ ។

ដើម្បី​រំលឹក​នូវ​កម្រង​អនុស្សាវរីយ៍ នៃ​សេចក្តី​ស្នេហា​របស់​ខ្លួន អ្នក​ទាំង​បួន​បាន​យក​សំពត់​មក​ធ្វើ​ជា​ខ្លែងបង្ហើរ​យា​៉​ង​សប្បាយ​ជំនួស​ខ្លែង​បក្សី​វិញ ។ រីឯ​អ្នកស្រុក អ្នក​ភូមិ ពិសេស​​ក្រមុំ​កំលោះ​ដែល​ស្រលាញ់​គ្នា​ក្នុង​រដូវរំហើយ ហើយ​ចង់បាន​គ្នា​ជា​ប្តី​ប្រពន្ធ​នាំ​គ្នា​យកតម្រាប់​តាម​កំលោះ​ក្រមុំ​ទាំង​ពីរ​គូ គេ​ក៏​នាំ​គ្នា​បង្ហើរខ្លែង​លេង​ដោយ​សប្បាយ​រីករាយ ។ នេះ​ជា​ប្រភព​កំណើត​នៃ​ការ​បង្ហើរខ្លែង​របស់​ខ្មែរ​យើង ។

២-​ប្រវត្តិ​ព្រះ​រាជពិធី​បង្ហើរខ្លែង
ព្រះ​រាជពិធី​បង្ហើរខ្លែង​នេះ មាន​ជា​តំណ​តាំងពី​យូរអង្វែង​មក​ហើយ ។ លោក​ហ្ស៊​ក សឺ​ដែ​ស អ្នកប្រាជ្ញ​បុរាណ​ពិ​ទូ នៃ​សាលា​បារាំង​ចុង​បូព៌​៌ា​ប្រទេស បាន​រក​ឃើញ​សិលាចារឹក​មួយ ក្នុង​ចុង​ចុល្លសករាជ ៨៩៤ ត្រូវ​នឹង​គ្រឹ​ស្ត​សករាជ​៩៧២​។ អត្ថន័យ​នៃ​សិលាចារឹក​នោះ បាន​បញ្ជាក់​អំពី​ការ​រៀបចំ​ព្រះ​រាជពិធី​បង្ហើរខ្លែង និង​តង្វាយ​ជា​ច្រើន​មុខ​ដូច​ជា មាស​ប្រាក់ សំរឹទ្ធិ ភ្លុក លង្ហិន ពាន គ្រឿង​ភ្លេង លំពែង និង​ខ្លែង​៥​ទៀត​ផង​។ លោក​ហ្ស៊​ក សឺ​ដែ​ស មិន​នឹក​ស្មានថា មាន​ខ្លែង​៥​នៅ​ក្នុង​តង្វាយ ឯទៀត​ៗ​ដែល​សុទ្ធ​សឹង​ជា​វត្ថុ​មាន​តម្លៃ​នោះ​សោះឡើយ ។ ប្រការ​ដែល​គួរ​ឱ្យ​ស្តាយ​នោះ គឺ​សិលាចារឹក​ពុំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា តើ​ខ្លែង​ដែល​មាន​ចំណែក​នៅ​ក្នុង​រណ្តាប់​តង្វាយ​នោះ គេ​ប្រើប្រាស់​សម្រាប់​ធ្វើ​អ្វី​នោះ​ឡើយ ។

នៅ​គ្រឹ​ស្ត​សករាជ ១៥៩០ លោក​កៀ​រ៉ូ​ហ្សា ដី​សង់ អង់​តូ​នី​ញ៉ូ (Quiroza de San Antonio) ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ដែល​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​បាន​សរសេរ​ទុក​ថា «​ប្រជា​ជន​ខ្មែរ​បាន​ចាត់ចែង​ធ្វើ​ពិធី​បង្ហើរខ្លែង​ដែល​ធ្វើ​ពី​ក្រដាស និង​ដើម​បបុស ។ ខ្លែង​នោះ​មាន​ចងខ្សែ​វែង ហើយ​អាច​ហោះហើរ​ឡើង​ទៅ​លើ​អាកាស​បាន កាលណា​ត្រូវ​ខ្យល់​បក់​មក ។ ខ្លែង​នោះ​មាន​បន្លឺ​ស្នូរ​សំឡេង​អ្វីមួយ​ពីរោះ​គួរ​ឱ្យ​ចង់​ស្តាប់​» ។

តាម​ឯកសារ​របស់​វិជ្ជា​ស្ថាន​លំនៅ​ខ្មែរ​បាន​បញ្ជាក់​ថា «​ការ​បង្ហើរខ្លែង​គឺជា​ព្រះរាជ​ពិធី​មួយ សម្រាប់​គោរព​បូជា​ដល់​ព្រះ​ចូឡាមណី​ចេតិយ​ដែល​ប្រតិស្ឋាន​នៅ​វិមាន​ត្រៃ​ត្រឹ​ង្ស ។ ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១២​រហូត​ដល់​ថ្ងៃ​ទី​១៥​កើត​ខែ​មិគសិរ ។ គេ​បាន​រៀបចំ​ធ្វើ​រោង​ពិធី​នៅ​គ្រប់​ទិស​ទាំង​បួន និង​រោង​ធំ​មួយ​នៅ​ចំ​កណ្តាល ។ ព្រះសង្ឃ​ជា​ព្រះ​រាជាគណៈ​ក្នុង​ព្រះ​នគរ​ត្រូវ​បាន​និមន្ត​មក​ចម្រើន​ព្រះ​បរិត្ត​នៅ​គ្រប់​រោង​ទាំង​ប្រាំ​ដែល​មាន​អុជ​គោម​បំភ្លឺ​នៅ​តាម​រោង​នីមួយ​ៗ ព្រមទាំង​មាន​យក​ខ្លែង​ប្រាំ​ទៅ​ដាក់​តាំងនៅ​ទីនោះ​ផង​ដែរ ។ ពិធី​នោះ​បាន​ធ្វើ​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​ដែល​គង់នៅ​ព្រះ​បរមរាជវាំង ឧដុង្គ​មាន​ជ័យ ។

លោក​ព្រឹទ្ធាចារ្យ មៀ​ច ប៉ុណ្ណ បន្ត​ថា ក្រោយ​តម​ក​ទៀត ក្នុង​រជ្ជ​ការ​ព្រះបាទ​សម្តេច​អង្គ​ដួង ព្រះរាជកិច្ច​ប្រារព្ធ​ពិធី​បង្ហើរខ្លែង ក៏​ត្រូវ​បាន​ចាប់ផ្តើម​ធ្វើ​ម្តងទៀត តាម​លំនាំ​ប្រពៃណី​ព្រះពុទ្ធ​សាសនា ។ រជ្ជកាល ក្រោយ​ៗ​មក​ទៀត បន្ទាប់​ពី​គ្រឹ​ស្ត​សករាជ​១៨៥៩ គេ​ពុំ​ឃើញ​មានការ​ប្រារព្ធ​ពិធី​បង្ហើរខ្លែង​នេះ​ទៀត​ឡើយ ។ ប៉ុន្តែ​ទោះបី​យា​៉​ង​នេះ​ក្តី ក៏​ប្រជា​រាស្ត្រ​នៅ​គ្រប់​ទិស​ទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលណា​រដូវរំហើយ​ចូល​មក​ដល់​គឺ​ខ្យល់​បក់​មក​ពី​ទិស​ខាងជើង គេ​នាំ​គ្នា​បង្ហើរខ្លែង​លេង​កម្សាន្ត​ទាំងចាស់ទាំងក្មេង ក្រោយ​ពី​បាន​ប្រមូល​ផល​ស្រូវ​រួច​ហើយ ។ ខ្លែង​ដែល​ប្រជាជន​លេង​នៅ​តាម​និគមជនបទ ផ្សេង​ៗ​ទូ​ទាំង​ប្រទេស​នោះ ចែក​ជា​ពីរ​ផ្នែក ៖

-​ចាស់​ៗ និយម​បង្ហើរខ្លែង​ព្នង ឬ​ខ្លែងអែក ។
-​ក្មេង​ៗ​លេង​ខ្លែង តូច​ៗ​ដូច​ជា​ខ្លែង​កណ្តូង ខ្លែង​ហោប៉ៅ ឬ​ប្រ​ប៉ៅ ខ្លែង​ផ្កាយ ខ្លែង​គោម ខ្លែង​ប៉ោត ។​ល​។

II. ការ​ចាត់ចែង​រៀបចំ​ពិធី​បង្ហើរខ្លែង
១-​ការ​សង់រោង​ពិធី
តាម​ទម្លាប់​ពី​មុន​រៀង​មក គេ​ត្រូវ​សង់រោង​ពិធី​ចំនួន​ប្រាំ គឺ ៖

-​រោង តូច​ៗ​នៅ​តាម​ទិស​ធំ​ទាំង​៤ គឺ​ខាងកើត​ខាងជើង​ខាងត្បូង និង​ខាងលិច ។

-​នៅ​ចំ​កណ្តាល​រោង​តូច​ទាំង​៤ គេ​សង់រោង​ធំ​មួយ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ ។ គឺ​នៅ​ក្នុង​រោង​ធំ​នេះ​ហើយ ដែល​ជា​វេទិកា​កិត្តិយស​សម្រាប់​ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ទ្រង់​យាង​មក​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ ឬ​ព្រះរាជ​តំណាង ជា​កន្លែង​សម្រាប់​ព្រះសង្ឃ​គង់ និង​ជាទី​សម្រាប់​សម្តែង​នៃ​ក្រុម​របាំ និង​វង់​តន្ត្រី​មក​ប្រគំ​កំដរ​ពិធី​នេះ​ផង ។ នៅ​ក្នុង​រោង​ធំ​នេះ​ដែរ គេ​បាន​តាំង​រូបសំណាក​ជា​តំណាង​ព្រះ​អាទិទេព (​ព្រះពាយ​) ដែល​គង់​លើ​អាសនៈ​សម្រាប់​ជាទី​គោរព​សក្ការៈ​ក្នុង​ពិធី​នេះ ។

នៅ​ពេល​ព្រលប់​នៃ​រាត្រី​ទី​មួយ ក្រុម​បារគូ​ត្រូវ​ដើរ​អុជ​ភ្លើងគោម​ដែល​គេ​ព្យួរ​នៅ​ទីនោះ​ឱ្យ​ភ្លឺ​ព្រោងព្រាត ។ គោម​នេះ​ត្រូវ​បាន​គេ​ពន្លត់​នៅ​ពេល​ព្រលឹម ស្រាង​ៗ​នៃ​ថ្ងៃ​បន្ទាប់ ។ នៅ​ពេល​ព្រលប់​នៃ​ថ្ងៃ​ទី​ពីរ មុន​ព្រះមហាក្សត្រ ឬ​ព្រះរាជ​តំណាង​យាង​មក​ដល់ គេ​អុជ​ភ្លើងគោម​ជា​ថ្មី​ម្តងទៀត ។ ព្រម​ពេល​ជាមួយ​នោះ​អស់​នាម៉ឺន​សព្វ​មុខមន្ត្រី ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ និង​ប្រជារាស្ត្រ​ដែល​បាន​ចូលរួម​ក៏​បាន​ដុត​ទៀន​-​ធូប ធ្វើ​ពិធីបួងសួង បន់ស្រន់ សុំ​ឱ្យ​បាន​សុខ​សប្បាយ សិរី​សួស្តី សុភមង្គល​នៅ​ចំពោះ​រូបតំណាង​ព្រះ​អាទិទេព (​ព្រះពាយ​)​ផង​ដែរ ។

២-​អំពី​តង្វាយ​ផ្សេង​ៗ
ក​-​តង្វាយ​ភ្លេង
ពិធី​ដង្ហែ​ខ្លែង​ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​បរិយាកាស​យ៉ាង​អធិកអធម ដោយ​មាន​ភ្ញៀវ​ធំ​-​តូច និង​មហាជន​ចូលរួម ។ ដោយឡែក ដើម្បី​ញ៉ាំង​ឱ្យ​ពិធីបុណ្យ​ប្រកបដោយ​ភាព​មនោ​រម្យ​ថែម​ទៀត​នោះ ក្រុម​តន្ត្រី​ពិណពាទ្យ​ប្រគំ​បទ​ភ្លេង​យ៉ាង​ពីរោះ​រងំ គួរ​ជាទី​រំភើប​រីករាយ ។ បទ​ដែល​តែងតែ​ប្រគំ​ក្នុង​ពិធី​នេះ​មាន​ជា​អាទិ៍ ៖ បទ​ក្រា​ណៃ បទ​ជើត បទ​តង្វាយ​ព្រះ​ពាយ បទ​តង្វាយព្រះ​ពិស្ណុការ បទ​អុំទូក ។​ល​។ បន្ទាប់​មក​ព្រះសង្ឃ​៧​អង្គ​និមន្ត​មក​ពី​វត្ត​៧​ស្វាយ​ធ្យា​យ​ធម៌​ជយ​ន្តោ ចំរើន​សិរី​សួស្តី ជ័យ​មង្គល​ដល់​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ។

ខ​-​តង្វាយ​របាំ
បន្ទាប់​ពី​ព្រះសង្ឃ​បាន​ស្វាធ្យាយ ព្រះ​សត្តប្បករណាភិធម្ម​រួច​ហើយ ក្រុម​សិល្បៈ​ចាប់​សម្តែង​របាំ​ថ្វាយ​ព្រះ​ពិស្ណុការ របាំ​បាចផ្កា របាំ​ទេព​មនោ​រម្យ និង​របាំ​នាង​មេខលា​ជាដើម ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​អាទិទេព​ទាំងឡាយ​ក្នុង​ព្រហ្មញ្ញសាសនា មាន​ព្រះ​សិវៈ ព្រះ​វិស្ណុ ព្រះព្រហ្ម ព្រះ​ឥន្ទ ព្រះ​ចន្ទ ព្រះអាទិត្យ ព្រះពាយ ។​ល​។

គ​-​គ្រឿង​តង្វាយ​ក្នុង​រោង​ធំ
រោង​ធំ​ដែល​ជា​រោង​ពិសេស​ចម្បង មាន​រៀបចំ​គ្រឿង​តង្វាយ សំខាន់​ៗ​មួយ​ចំនួន​ដូច​តទៅ ៖
-​បាយសី​៣​ថ្នាក់​១​គូ ។
-​បាយសី​៥​ថ្នាក់​១​គូ ។
-​បាយសី​៧​ថ្នាក់​១​គូ ។
-​បាយសី​៩​ថ្នាក់​១​គូ ។

-​ដាវ​ជ័យ​១, កា​បិត​មាស​១, កា​បិត​ប្រាក់​១, លំពែង​ពេជ្រ​១, ខ្លែង​ចំនួន​៥ ។ ក្រៅពី​នេះ​គេ​មាន​រៀបចំ​សំណែន​ជា​ម្ហូបចំណី និង​គ្រឿង​សក្ការៈ ផ្សេង​ៗ​រួម​មាន ៖

-​ចំអាប​២​ថាស បង្អែម​២​ថាស នំអន្សម នំគម នំ​បត់ គ្រឿង​ស្រវឹង ទៀន​ធូប ផ្កា​ភ្ញី​ជាដើម ។

ឃ​-​គ្រឿង​តង្វាយ​ក្នុង​រោង តូច​ៗ​ទាំង​៤
ក្នុង​រោង​ពិធី តូច​ៗ សង់​នៅ​តាម​ទិស​ធំ​ទាំង​បួន​នោះ​មាន​រៀប​រណ្តាប់​ដូច​គ្នា​គ្រប់​រោង​ដូច​ជា ៖ ផ្លែ​ឈើ​គ្រប់មុខ​ពីរ​ថាស​, ចំអាប​ពីរ​ថាស ស្រា ទៀន ធូប ផ្កា កែវ​ទឹកជា​ដើម ។

៣-​ក្បួន​ដង្ហែ​ខ្លែង
លុះ​ក្រុម​សិល្បៈ​របាំ​សម្តែង​ចប់​សព្វគ្រប់​ហើយ អាចារ្យ​បារគូ​បាន​នាំ​អ្នក​បង្ហើរខ្លែង​ទាំងអស់​កាន់​ខ្លែង រៀង​ៗ​ខ្លួន រួច​ធ្វើ​ពិធី​គោរព​ចំពោះ​ព្រះ​អាទិទេព ព្រះពាយ (​ខ្យល់​) នៅ​ក្នុង​រោង​ពិធី​ទាំង​រោង​តូច​ទាំង​រោង​ធំ ។ បន្ទាប់​មក​គេ​នាំ​គ្នា​ដើរ​ដង្ហែ​ប្រទក្សិណ​ជុំវិញ​ទីលាន​បង្ហោះ​ខ្លែង​មួយ​ជុំ ដោយ​មាន​ក្រុម​ឆៃ​យ៉ាំប្រគំ​នាំមុខ​ក្បួន​ផង ។ ក្បួន​ដង្ហែ​នេះ​ក៏​មាន​ភ្ញៀវ និង​មហាជន​ច្រើន​កុះករ​ចូលរួម​យ៉ាង​អធិកអធម​ផង​ដែរ ។

កាលណា​ក្បួន​ដង្ហែ​បាន​ប្រព្រឹត្ត​ទៅ​បាន​មួយ​ជុំ​ហើយ អាចារ្យ បារគូ​ក៏​ចាប់ផ្តើម​ពិធី​បង្ហោះ​ខ្លែង​តាម​លំដាប់លំដោយ​តទៅ ។

III.​ប្រភេទ​ខ្លែង​ខ្មែរ
ប្រជាជន​ខ្មែរ​បាន​ច្នៃប្រឌិត​ខ្លែង​ជា​ច្រើន​ប្រភេទ ដែល​មាន​ទ្រង់ទ្រាយ​ប្រហាក់ប្រហែល​នឹង​សត្វ​ខ្លះ ឬ​ដូច​វត្ថុ​ដែល​គេ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ខ្លះ ។ គេ​ឱ្យឈ្មោះ ប្លែក​ៗ​គ្នា​ទៅ​តាម​ទ្រង់ទ្រាយ​នៃ​ខ្លែង​នោះ​ដូច​ខាងក្រោម ៖

១-​ខ្លែង​ព្នង​, ២-​ខ្លែង​កន្ទោង​, ៣-​ខ្លែង​កណ្តូង​, ៤-​ខ្លែង​ខ្លោះ​, ៥-​ខ្លែង​កូន​មាន់​, ៦-​ខ្លែង​បៅ ឬ​ប្រ​ប៉ៅ​, ៧-​ខ្លែង​ប្រមង់​, ៨-​ខ្លែង​សាក់ ឬ​ខ្លែង​ចាក់​, ៩-​ខ្លែង​គោម​, ១០-​ខ្លែង​មេអំបៅ​, ១១-​ខ្លែង​ស្វា​ប្រសា​ក់ ឬ​ស្វា​ប្រចាក់​, ១២-​ខ្លែង​យក្ស​, ១៣-​ខ្លែង​ហោប៉ៅ​, ១៤-​ខ្លែង​ព្រះ​ខែ​, ១៥-​ខ្លែង​បណ្តើរកូន​, ១៦-​ខ្លែង​ប៉ោត​, ១៧-​ខ្លែង​ផ្កាយ​, ១៨-​ខ្លែង​ផ្កា​, ១៩-​ខ្លែង​ពស់​, ២០-​ខ្លែង​នាគ​, ២១-​ខ្លែង​កង្កែប​, ២២-​ខ្លែង​ប្រជៀវ​, ២៣-​ខ្លែង​ប្រយុទ្ធ​, ២៤-​ខ្លែង​ឃ្លោក ឬ​ខ្លែង​ក្អម ។

IV. របៀប​ធ្វើ​ខ្លែង​ព្នង ឬ​ខ្លែងអែក
មុន​នឹង​ធ្វើ​ខ្លែង ចាំបាច់​គេ​ត្រូវ​ជ្រើសរើស​រក​សម្ភារ​ដែល​ជា​គ្រឿងផ្សំ​ផ្គុំ​នោះ​ឱ្យ​មានគុណ​ភាពល្អ និង​គ្រប់មុខ​តាម​សេចក្តី​ត្រូវការ ។ របស់​ផ្សេង​ៗ​ដែល​គេ​តែង​ត្រៀម​ទុក​សម្រាប់​ធ្វើ​ខ្លែង​នោះ​មាន ៖

១-​ឫស្សី​(​ច្រើន​យក​ឫស្សី​ពេញ​ចំណាស់​ដើម្បី​ប្រើ​ជាប់​បាន​យូរ ។ ជួន​កាលបើ​គ្មាន​ឫស្សីស្រុក​គេ​យក​ឫស្សី​ពីងពង់​មក​ជំនួស​ក៏​បាន​ដែរ ។ ) សម្រាប់​ធ្វើ​ជា​គ្រោងឆ្អឹង​ខ្លែង ឬ​ដង​អែក ។

២-​ផ្តៅ​(​គេ​អាច​ប្រើ​ស្លឹក​ត្នោត ឬ​ស្លឹក​ទ្រាំង​ធ្វើ​អណ្តាត​អែក​ក៏​បាន​ដែរ ។ ) សម្រាប់​ធ្វើ​អណ្តាត​អែក ។

៣-​ក្រមួន​សម្រាប់​បិទ​ចុង​អណ្តាត​អែក​ទាំង​សងខាង ។

៤-​ស្លឹក​ត្នោត ស្លឹក​ទ្រាំង ឬ​ស្លឹក​ដូង សម្រាប់​ធ្វើ​កន្ទុយ​ខ្លែង ។

៥-​ជ័រ​ព្នៅ ឬ​បាយ​ម៉ា​ន ឬ​ជ័រកាវ​សម្រាប់​បិទ​ក្រដាស​ខ្លែង ។

៦-​សំពត់​ទេសឯក ឬ​សូត្រ ឬ​ក្រដាស​យៃ សម្រាប់​ពាស ឬ​ដាស​តួ​ខ្លែង និង​ផ្នែក​បន្ទាប់បន្សំ​ផ្សេង​ៗ​ទៀត​នៃ​ខ្លែង ។

លុះ​ប្រមែប្រមូល​គ្រឿង​សម្ភារ​បាន​គ្រប់មុខ​អស់ហើយ ដំបូង​ឡើង​គេ​ត្រូវ​យក​ឫស្សី​មក​កាត់​ទៅ​តាម​ខ្នាត​ដែល​គេ​ចង់បាន រួច​ហើយ​ពុះ​ច្រៀក​បិទ​ធ្វើ​ជា​ដង​អែក​ខ្លះ​ធ្វើ​ជា​ផ្នែក ផ្សេង​ៗ​នៃ​គ្រោងឆ្អឹង​ខ្លែង ខ្លះ​តូច ខ្លះ​ធំ មូល ឬ​សំប៉ែត វែង​ខ្លី​ទៅ​តាម​ផ្នែក​របស់​វា ។

ក​-​ការ​ធ្វើ​អែក
គេ​យក​ឫស្សី​ដែល​ពុះ​ច្រៀក​រួច​ហើយ​នោះ មក​បិទ​ឱ្យ​ស្អាត​នឹង​កាំបិតបន្ទោះ​យ៉ាង​មុត ។ ដង​អែក​ដែល​វែង​បំផុត​មិនសូវ​លើស​ពី​ពីរ​ម៉ែត្រ​ឡើយ ។ គេ​ធ្វើ​អែក​វែង ឬ​ខ្លី​ទៅ​តាម​ទំហំ​ខ្លែង​ធំ ឬ​តូច (​បើ​ខ្លែង​តូច អែក​ធំ នោះ​វា​មិន​គ្រាន់តែ​គ្មាន​សមាមាត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្លែង​យោង​មិន​រួច​មិន​អាច​ហោះហើរ​ទៅ​លើ​អាកាស​បាន​។​) ជា​ធម្មតា​ដង​អែក​ច្រើន​តែ​ធំ ហើយ​ក្រាស់​នៅ​ផ្នែក​កណ្តាល ហើយ​រាង​រៀវ​បន្តិច​នៅ​ចុង​ទាំង​សងខាង ដែល​គេ​តែងតែ​ឆ្លាក់​ធ្វើ​ជា​ក្បាច់​គន្លាក់ និង​ធ្វើ​ជា​ចម្ពាម​សម្រាប់​ទ្រ​ខ្សែ​អែក​ឱ្យ​នៅ​ចំ​ត្រង់​កណ្តាល​ចម្ពាម ។ ដើម្បី​ឱ្យ​ដង​អែក​រឹង​មាំ នៅ​ផ្នែក​កណ្តាល​នោះ គេ​ត្រូវ​យក​បន្ទះ​ឫស្សី​មួយ​កំណាត់​ទៀត​មក​ចង​អប​ស្រប​ជាមួយនឹង​ដង​អែក ដោយ​ទុក​ចន្លោះ​ប្រហោង​ល្មម តែ​អាច​ស៊ក​ក្បាល​ខ្លែង​បានជា​ប់រឹង​ល្អ​មិន​ឱ្យ​ងាករេ​បាន​។

បន្ទាប់​ពី​ធ្វើ​ដង​រួច​ហើយ គេ​យក​ផ្តៅ​ចាស់​មាន​ដើម​ត្រង់ ស្មើ​ល្អ​មក​ពុះ​ច្រៀក បិត​យ៉ាង​ផ្ចិតផ្ចង់​ឱ្យ​សំប៉ែត​ស្តើង​ស្មើ​សាច់ ហើយ​មាន​បន្ទារ​ប៉ុនគ្នា​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង ។ នៅ​ចុង​អណ្តាត​អែក​ទាំង​សងខាង គេ​លាក់​ត្រង់​អណ្តាត​បន្តិច​សម្រាប់​ចងខ្សែ​(​ខ្សែ​នេះ​គេ​ហៅ​ថា សាយអែក​ច្រើន​ធ្វើ​ពី​សរសៃសូត្រ​ទើប​ជាប់​ល្អ ហើយ​ងាយ​វិល​ញ័រ​ទៅ​តាម​កម្លាំង​ខ្យល់​បក់​) ភ្ជាប់​ទៅ​នឹង​ចុង​ដង​អែក​ទាំង​សងខាង ។ ត្រង់​កន្លែង​មាន​គន្លាក់​សម្រាប់​ចងខ្សែ​នោះ គេ​ចោះ​ប្រហោង​តូច​ល្មម​ប៉ុន​ជើងធូប សម្រាប់​ស៊ក​ខ្សែ​សាយអែក ។ នៅ​ត្រង់​កន្លែង​នោះ​ដែរ ដែល​គេ​បិទ​ក្រមួនឃ្មុំ សម្រាប់​ធ្វើ​ជា​ប៉ោល ជួយ​ឱ្យ​មាន​ទម្ងន់​យោល​បង្វិល​អណ្តាត​អែក​ទៅ​តាម​កម្លាំង​ខ្យល់​បក់ ។ មុន​ស៊ក​អែក​ទៅ​នឹង​ឆ្អឹង​ក្បាល​ខ្លែង គេ​ត្រូវ​ដំឡើង​ខ្សែ​សាយ​ឱ្យ​តឹង​ល្មម ដែល​ធ្វើ​ឱ្យ​ដង​អែក​រាង​ពត់​វង់​កោង​បន្តិច ដូច​ទម្រង់​ដង​ធ្នូ​ដែល​មិន​ទាន់​យឹត​ដូច្នោះ​ឯង ។ ប៉ុន្តែ​តាម​បទ​ពិសោធន៍​របស់​អ្នកលេង​ខ្លែង មុន​ដាក់​អែក​បង្ហោះ​ភ្ជាប់​ជាមួយ​ខ្លែង គេ​តែង​ចងខ្សែ​គ្រវី​ស្តាប់​សំឡេង​អែក​សាកមើល​សិន ដើម្បី​ឱ្យ​ដឹង​ថា តើ​សំឡេង​អែក​ឆ្លើយ​គ្នា​ល្អ​ឬទេ ? ពីរោះ​ឬទេ ? សំឡេង​អែក ឮ​ចេញ​មក​ប៉ុន្មាន​សូរ ? ។ បើ​ឮ​ឆ្លើយ​គ្នា​បាន​បួន ឬ​ប្រាំ​សំឡេង គេ​សន្និដ្ឋាន​ថា ល្អ​ណាស់​! ពីរោះ​ណាស់​! អាច​ដាក់​ភ្ជាប់​ជាមួយ​ខ្លែងបង្ហើរ​បាន ។ ផ្ទុយ​ទៅ​វិញ បើកាលណា​សំឡេង​អែក​ឮ​តែ​បី​សំឡេង ហើយ​មិន​ឆ្លើយ​គ្នា​រណ្តំ​រងំ​ទេ​នោះ អ្នក​ធ្វើ​អែក​ត្រូវ​មាន​វិធានការ​រិះរក​វិធី​កែសម្រួល ដោយ​បិត​អណ្តាត​ឱ្យ​កាន់តែ​ស្តើង ឬ​បិត​សម្រួល​ឱ្យ​ស្មើ​ល្អ ឬ​ក៏​បន្ថែមបន្ថយ​ក្រមួន​ដែល​បិទ​នៅ​ចុង​អណ្តាត ធ្វើ​យ៉ាង​ណា​ទាល់តែ​សំឡេង​អែក​ឆ្លើយឆ្លង​បាន​ពីរោះ ។ ពេល​គ្រវី​សាក​គេ​យក​មេដៃ និង​ចង្អុលដៃ​ឈ្លេ​ញ​បង្វិល​សាយអែក​ឱ្យ​វិល​រួច​ទើប​គ្រវី​ឱ្យ​ជក់ ទាល់តែ​ធ្វើ​យ៉ា​ង​នេះ ទើប​អណ្តាត​អែក​វិល ហើយ​បន្លឺ​សំឡេង​ចេញ​មក​បាន ។

ខ​-​របៀប​ធ្វើ​តួ​ខ្លែង
គេ​យក​ឫស្សី​មក​ពុះ​ជ្រៀក​ធ្វើ​ឆ្អឹងទ្រូង​ដែល​ធំ ហើយ​រឹង​មាំ​ជាង​ឆ្អឹង​ផ្នែក​ដទៃ​ទៀត ។ គេ​បិត​ឆ្អឹងទ្រូង​នេះ​ឱ្យ​រាង​មូល​សំ​បែ​៉​ត​បន្តិច ដែល​ត្រូវ​ដាក់​ចំ​កណ្តាល​តួ​ខ្លែង តាំងពី​ក្បាល​លើ​រហូត​ដល់​គុម្ព​កន្ទុយ​ខ្លែង ។ ឆ្អឹងទ្រូង​នេះ ជា​ផ្នែក​សំខាន់​ជាងគេ ជា​មេ​មាំ​រឹង និង​ជា​ស្នូល​កណ្តាល​នៃ​គ្រោងឆ្អឹង​ទាំងអស់ ។ នៅ​ផ្នែក​ខាង​ចុង ខាងលើ​ត្រង់​ក្បាល​ខ្លែង គេ​បិត​ឆ្អឹង​នេះ​ឱ្យ​ស្រួច​បន្តិច​។ គឺ​ត្រង់នេះ​ហើយ​ដែល​ជា​កន្លែង​សម្រាប់​ស៊ក​ភ្ជាប់​មក​នឹង​តួ​ខ្លែង ។ បន្ទាប់​មក​គេ​បិត​ឫស្សី​ឱ្យ​មាន​សណ្ឋាន​រាង​មូល សម្រាប់​ធ្វើ​ជា​តួ​សំខាន់​នៃ​ខ្លួន​ខ្លែង ។ ឆ្អឹង​តួ​នេះ​មាន​ពីរ គឺ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​ក ដែល​គេ​ត្រូវ​ចង​ផ្អោប​ភ្ជាប់​គ្នា​នៅ​ខាង​ចុង​ស្លាប​ខ្លែង​ទាំង​សងខាង ឱ្យ​មាន​រាង​បែប​រៀវ​បន្តិច​នៅ​ខាង​ចុង ។ ទៅ​តាម​ចំណូលចិត្ត​របស់​អ្នកលេង​ខ្លែង​ខ្លះ​គេ​ច្នៃ​ធ្វើ​ចុង​ស្លាប​នេះ​ពត់​ឱ្យ​ង ក្ងក់​ទៅ​ខាងលើ ឯ​អ្នកខ្លះ​ទៀត មិន​ធ្វើ​ក្បាច់ក្បូរ​អ្វី​ច្រើន​ទេ គឺ​គ្រាន់តែ​យក​ឆ្អឹង​តួ​ខាងលើ និង​ខាងក្រោម​មក​ចង​ភ្ជាប់​គ្នា​ជា​រង្វង់​កោង​នោះ​ជា​ការ​ស្រេច ។ ធ្វើ​យា​៉​ង​នេះ​ខ្លែង​មាន​រាង​ពងក្រពើ​បែប​សំប៉ែត​បន្តិច ។

លោកតា​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លុះ​ចង​ឆ្អឹង​តួ​លើ​ក្រោម​ទាំង​ពីរ​ភ្ជាប់​គ្នា​ហើយ គេ​ក៏​បិត​ឫស្សី​ធ្វើ​ផ្នែក​ខាងក្រោម (​ត្រង់នេះ​ហៅ​ថា​ចង្កេះ​ខ្លែង​) នៃ​តួ​សំខាន់​របស់​ខ្លែង គឺ​ចង្កេះ​ខ្លែង​ដែល​ភ្ជាប់​ចុះ​មក​ក្រោម ប្រមាណ​ជា​បី​ដេ​ស៊ី​ម៉ែត្រ ។ នៅ​ខាងក្រោម​ចង្កេះ​ខ្លែង គេ​ធ្វើ​តួ​កូនខ្លែង ដោយ​ពត់​ចេញ​ជា​រាង​មាន​ទម្រង់​ជា​ក្បាច់ ដូច​រាង​បេះដូង​បន្តិច ដូច​ឃ្លោក​សាយ​ដៀវ​បន្តិច ។ បន្ទាប់​ពី​ធ្វើ​រាង​ចង្កេះ​មក គេ​ក៏​ចាប់​ធ្វើ​កន្ទុយ​រា​របស់​ខ្លែង ដោយ​យក​ខ្សែ​ពីរ​ចង​ត​ភ្ជាប់​ពី​ផ្នែក​ខាងឆ្វេង និង​ខាងស្តាំ​ចុះ​ត្រង់​មក​ខាងក្រោម ប្រមាណ​ជា​ប្រាំបី​ដេ​ស៊ី​ម៉ែត្រ អម​អែប​សងខាង​ឆ្អឹងទ្រូង​ដែល​លយ​វែង​ធ្លាក់​ចុះ​មក​ដល់​ផ្នែក​នេះ ។ កាលណា​សង់​បានជា​រាង​ខ្លែង​សព្វគ្រប់​ផ្នែក​ទាំង​អស់ហើយ គេ​ក៏​យក​សំពត់ ឬ​ក្រដាស​យៃ​មក​ពាស​តាម​គ្រោងឆ្អឹង​ខ្លែង ។ នៅ​ត្រង់​ជាយគ្រែង ខាង​ៗ គេ​បិទ​ឱ្យ​ត្រូវ​តាម​គ្រោងឆ្អឹង ដោយ​ប្រើ​ជ័រ​ព្នៅ (​នៅ​ស្រុកស្រែ​គេ​ច្រើន​ប្រើ​តែ​ជ័រ​ព្នៅ​ជាង​គ្រឿង​ស្អិត ឯទៀត​ៗ) ឬ​បាយ​មា​៉​ន ឬ​កាវ ។ ក្រោយ​ពី​បាន​បិទ​ក្រដាស ឬ​សំពត់​តាម​ទម្រង់​រាង​ខ្លែង​បាន​ល្អ​ត្រឹមត្រូវ​ហើយ គេ​យក​ស្លឹក​ត្នោត ស្លឹក​ទ្រាំង ឬ​ស្លឹក​ចាក​មក​ចាក់កួ​ចត​គ្នា ធ្វើ​ជា​កន្ទុយ​ខ្លែង ដែល​តាម​ធម្មតា​តែងតែមាន​ពីរ​ជា​ដរាប ។ បើ​ខ្លែង​មាន​ទំហំ​កាន់តែ​ធំ​នោះ គេ​ត្រូវធ្វើ​កន្ទុយ​ខ្លែង​កាន់តែ​វែង ដើម្បី​ឱ្យ​មាន​សមាមាត្រ​ផង និង​មាន​លំនឹង​ល្អ​ក្នុង​ការ​ហោះហើរ​របស់​ខ្លែង​ផង។ ពេល​ចាក់​កន្ទុយ​ខ្លែង​បាន​ហើយ គេ​យក​មក​ចង​ភ្ជាប់​ទៅ​នឹង​ឈើ​ទទឹង ត្រង់​ផ្នែក​ខាងក្រោម​នៃ​កន្ទុយ​រា ។

ក្នុង​ការ​បង្ហោះ​ខ្លែង​សាកល្បង​នោះ គេ​ត្រូវ​ពិនិត្យ​មើល បើកាលណា​ខ្លែង​ចេះ​តែ​រេ គ្រវីក្បាល ហើយ​ដាំទីង​ក្បាល​ចុះ​នោះ គេ​ដឹង​ថា​ខ្លែង​នោះ​ស្រាល​កន្ទុយ គេ​ត្រូវ​បន្ត​ថែម​កន្ទុយ​ឱ្យ​វែង​បន្តិចទៀត ។ ម្យ៉ា​ង​ទៀត​គេ​ត្រូវ​ពិនិត្យ និង​សម្រួល​ខ្សែ​ទ្រូង​ផង​ដែរ​(​ខ្សែ​ទ្រូង​គឺ​ខ្សែ​ដែល​ចង​ត្រង់​ប្រជុំ​ឆ្អឹងទ្រូង និង​ឆ្អឹង​ស្លាប​លើ ភ្ជាប់​មក​ប្រជុំ​ឆ្អឹងទ្រូង និង​ឆ្អឹង​ស្លាប​ក្រោម​លៃ​ឱ្យ​ខ្លី​ខើច​លើ​បន្តិច​) ។

V-​រដូវ​លេង​ខ្លែង
១-​តើ​គេ​បង្ហោះ (​ពាក្យ​បង្ហោះ និង​បង្ហើរ មាន​ន័យ​ប្រហាក់ប្រហែល​គ្នា ហោះហើរ​, ជួនកាល​គេ​ហៅ​បង្ហោះ ជួនកាល​គេ​ហៅ​បង្ហើរ​,​បង្ហោះ​, ហោះ បង្ហើរ ធ្វើ​ឱ្យ​ហើរ ) ខ្លែង​នៅ​ពេល​ណា ?

តាម​ទំនៀមទម្លាប់​ខ្មែរ​យើង​តាំងពី​បុរាណ​មក គេ​តែងតែ​ចាត់ចែង​ធ្វើ​ពិធី​បង្ហើរខ្លែង​នៅ​ថ្ងៃពេញបូណ៌មី​ខែ​មិគសិរ ។ នេះ​គឺជា​កាលបរិច្ឆេទ​ផ្លូវការ​ដែល​បាន​ឯកភាព​គ្នា​ទូ​ទាំង​ប្រទេស ។ ប៉ុន្តែ​ចំពោះ​ប្រជាជន​ចាស់​ក្មេង​នៅ​គ្រប់​ទី​តំបន់​ជនបទ ស្រែ​ចម្ការ​ទូ​ទាំង​ប្រទេស​វិញ គេ​មិន​កំណត់​នៅ​ថ្ងៃ​ណា​នោះ​ឡើយ ។ តែ​កាលណា​គេ​ទំនេរ​ដៃ​ពី​ការងារ​ច្រូតកាត់ បោក​បែន ប្រមូល​ផល​ដាក់​ជង្រុក​ហើយ​នោះ គេ​នាំ​គ្នា​ចាប់​បង្ហោះ​ខ្លែង​លេង​យា​៉​ង​សប្បាយ​រីករាយ ។

​យើង​មិន​ពិបាក​យល់​អំពី​បញ្ហា​ជ្រើសរើស​ពេលវេលា ដើម្បី​លេង​ខ្លែង​នោះ​ទេ យើង​គ្រាន់តែ​សង្កេត​ចំណាំ​មើលទៅ​ក៏​អាច​ដឹង​ថា នៅ​ខែ​ដែល​មាន​ខ្យល់​រដូវ (​មូសុង​) បក់​មក​ពី​ទិស​ខាងជើង​ជាប់​មិន​ដាច់​រយៈ នាំ​យក​ទាំង​ធាតុអាកាស​ត្រជាក់​មក​ជាមួយ​ផង​នោះ គឺ​ចំណុច​នេះ​ហើយ​ជា​លក្ខណសម្បត្តិ​ដ៏​ល្អ (​បាន​ន័យ​ថា​ខ្យល់​រដូវ​បក់​ជាប់​ជា​ទៀងទាត់​មក​ពី​ទិស​ខាងជើង ឬ​ពី​ឦសាន និង​ទំនេរ​ដៃ​ពី​ការងារ​ច្រូតកាត់​ប្រមូល​ផល ។​) សម្រាប់​ការ​បង្ហើរខ្លែង ។ ភោគផល​ផ្សេង​ៗ​ដែល​តែង​មក​ដល់​ជាមួយនឹង​ការ​បង្ហើរខ្លែង​នេះ គឺ​រដូវ​ដាល់អំបុក​ដែល​បរិបូណ៌​ដោយ​ផលានុផល ផ្សេង​ៗ មាន​ក្រូច អំពៅ ដូង ចេក ល្មុត ។​ល​។ ហើយ​ទន្ទឹម​នេះ​ដែរ គឺ​រដូវ​សម្បូណ៌​ត្រី កំ​ពិស ដែល​គេ​ធ្វើ​ប្រហុក​ផ្អក​ទុក​បរិភោគ​នៅ​រដូវ​ដក​ស្ទូង​ខាង​មុខ ។ ពេល​នោះ នៅ​តំបន់​ជនបទ គេ​ឃើញ ក្មេង​ៗ ឬ​ចាស់​បង្ហើរខ្លែង​មុន​ថ្ងៃពេញបូណ៌មី ខែ​មិគសិរ​ក៏​មាន ដោយ​ឆ្លៀតពេល​ដែល​មាន​ខ្យល់​ពី​ទិស​ខាងជើង​បក​មក​ត្រង់​ល្អ ។

២-​ទីកន្លែង​សម្រាប់​បង្ហោះ​ខ្លែង
លោកតា​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា ការ​បង្ហោះ​ខ្លែង​មិនមែន​អាច​ធ្វើ​បាន​នៅ​គ្រប់​តែ​ទីកន្លែង​នោះ​ឡើយ ។ ជា​ពិសេស​ក្នុង​ការ​បង្ហោះ​ខ្លែង​ព្នង (​ខ្លែង​ធំ​) ឬ​ខ្លែងអែក គេ​ត្រូវ​រក​កន្លែង​ណា​ដែល​មាន​វាល​ធំ​ស្រឡះ​ល្អ (​វាលស្រែ​ធំ​ល្វឹងល្វើយ ដែល​បាន​ច្រូត​រួច​ហើយ​) ពុំ​មាន​ដើមឈើ ខ្ពស់​ៗ​ជា​ឧ​ប​ស័គ្គ ។ តំបន់​ជនបទ​របស់​ខ្មែរ​យើង ជាទី​លាន​ដ៏​សម​ស្រប​បំផុត​សម្រាប់​បង្ហើរខ្លែង ។ ម្យ៉ា​ង​ទៀត​ទីវាល​ជា​កន្លែង​ដែល​ខ្យល់​បក់​បាន​ជាប់​ជា​ប្រចាំ ដោយ​ពុំ​មាន​អ្វី​មក​បាំង​រាំងស្ទះ​ខ្យល់​ឱ្យ​អាក់​នោះ​ឡើយ​។ នៅ​កន្លែង​នោះ គេ​អាច​មាន​ទី វែង​សម្រាប់​រត់លឿន ឱ្យ​ខ្លែង​ហោះ​ឡើង ។ គេ​មិន​បារម្ភ​ខ្លាច​ខ្លែង​ទើរ​ជាប់​នៅ​លើ​មែកឈើ​ឡើយ ។ ដូច្នេះ​ខ្លែង​អាច​ហោះ​បាន​ខ្ពស់​ល្អ​ជាង​ទី ណា​ៗ​ទាំងអស់ ។ បើកាលណា​ខ្លែង​ហោះ​បាន​កាន់តែ​ខ្ពស់ នោះ​សំឡេង​អែក​ក៏​លាន់ឮ សាយ​ទៅ​បាន​កាន់តែ​ឆ្ងាយ ។ នេះ​ក៏​ជា​ការ​បង្អួត​ស្នាដៃ​គ្នា​រវាង​ភូមិ​មួយ និង​ភូមិ​មួយទៀត តាម​រយៈ​ការ​បង្ហោះ​ខ្លែង​មាន​ទ្រង់ទ្រាយ​ធំ ខ្លែង​ហោះ​បាន​ខ្ពស់ និង​សំឡេង​អែក​ឮ​យ៉ា​ង​ពីរោះ ។

៣-​របៀប​ស្ទង់​ខ្យល់​មុន​បង្ហោះ​ខ្លែង
ដើម្បី​ឱ្យ​ខ្លែង​ហោះហើរ​បាន​ល្អ អ្នកលេង​ខ្លែង​ត្រូវ​ចេះ​ពិនិត្យ​ខ្យល់
ក​/​ខ្យល់​តិច ឬ​ខ្លាំង ខ្យល់​ជាប់ ឬ​ខ្យល់​ដាច់ ។
ខ​/​ខ្យល់​ក្រោម ឬ​ខ្យល់​លើ ។
-​ខ្យល់​ខ្លាំង​ពេក ៖ ខ្លែង​អាច​រេ​ខ្លាំង ឬ​ដាំ​ក្បាល​ចុះ ។
-​ខ្យល់​ដាច់ ខ្យល់​មិន​ជាប់ ខ្លែង​ហោះ​ហើយ​អាច​ធ្លាក់​ចុះ​មក​វិញ (​សូម​រំលឹក​ដល់​ពាក្យ​ខ្មែរ​បុរាណ​ថា ខ្លែង​ឡើង​ដ្បិត​ខ្យល់​) ។
-​ខ្យល់​តិច ៖ ខ្លែង​ឡើង​មិន​រួច ។
-​មាន​តែ​ខ្យល់​ក្រោម = ខ្លែង​ឡើង​បាន​ក្នុង​កម្ពស់​យ៉ា​ង​ទាប រួច​ក៏​ធ្លាក់​មក​វិញ ។

-​មាន​ទាំង​ខ្យល់​ក្រោម​ទាំង​ខ្យល់​លើ ៖ ខ្លែង​ហើរ​បាន​ជាប់​នៅ​បាន​យូរ​លើ​អាកាស (​គេ​អាច​បង្ហោះ​ខ្លែង ចងវា​ទុក​រហូត​១​ថ្ងៃ​១​យប់​ទៀត​ផង​) ។ តាម​ចំណាំ​ខ្លែងអែក​ខ្មែរ​យើង អាច​ហោះ​បាន​កម្ពស់​៣០០​ម៉ែត្រ​ទៅ​៤០០​ម៉ែត្រ ។

៤-​ការ​បង្ហោះ​ខ្លែង
ដូច​បាន​ជម្រាប​រួច​ហើយ​ថា ការ​បង្ហោះ​ខ្លែង​ទាមទារ​ទីវាល​ធំ​បង្គួរ​សម្រាប់​រត់​បង្ហើរខ្លែង ។ កាលបើ​ចង់​បង្ហោះ​ខ្លែង គេ​ត្រូវការ​មនុស្ស​ពីរ​នាក់​ជា​ចាំបាច់​គឺ ៖
-​អ្នក​រត់​ខ្លែង
-​អ្នក​កាន់​ខ្លែង​បង្ហោះ

មុន​បង្ហោះ គេ​ត្រូវ​លា​ខ្សែ​ខ្លែង​ឱ្យ​វែង​ប្រមាណ​ពី​៥០​ទៅ​១០០​ម៉ែត្រ ។ អ្នក​រត់ និង​អ្នក​បង្ហោះ​អាច​និយាយ​ឆ្លើយឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​សកម្មភាព​ដែល​ត្រូវធ្វើ ។ លុះ​ខ្យល់​បក់​មក​ល្អ​ហើយ អ្នក​រត់​ខ្លែង​ស្រែក​ប្រាប់​មក​អ្នក​បង្ហោះ​ថា «​ប្រុង​» «​ត្របាញ់ខ្សែ​សាយអែក​» អ្នក​បង្ហោះ​ធ្វើ​តាម ហើយ​ស្រែក​ប្រាប់​ទៅ​វិញ​ថា «​ហ៎​!​រត់​ឱ្យ​លឿន​!» ។ អ្នក​រត់​ចេះ​តែ​រត់​បណ្តើ​រលា​ខ្សែ​ខ្លែង​បណ្តើរ ងាក​មើល​ខ្លែង​បណ្តើរ ដរាប​ទាល់តែ​អស់​ខ្សែ ។ កាលបើ​ឃើញ​ថា ខ្លែង​បាន​ហោះ​ជាប់​នៅ​ស្រទាប់​ខ្យល់​លើ​ល្អ​ហើយ គេ​ក៏​យក​ខ្សែ​ខ្លែង​ទៅ​ចង​ភ្ជាប់​នឹង​ដើមឈើ​ណាមួយ ហើយ​អង្គុយ​សម្លឹង​មើល​ខ្លែង​រេ​រាំ​ចុះឡើង​តាម​ចរន្ត​ខ្យល់ ដោយ​បន្លឺ​សំឡេង​អែក​ដ៏​ពីរោះ​រងំ​គួរ​ឱ្យ​ស្រណោះ ម្ចាស់​ខ្លែង​សប្បាយ​រីករាយ នឹង​មើល​ទស្សនីយភាព​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​គេ​រំភើប​រីករាយ​ពន់ពេក​ណាស់ ។

ចំពោះ​ខ្លែង​តូចតាច​ដែល​ក្មេង​ទូទៅ​លេង​កម្សាន្ត​វិញ​នោះ គេ​អាច​បង្ហោះ​បាន​តែ​ម្នាក់ឯង ដោយ​ពុំ​ចាំបាច់​មាន​អ្នក​ជំនួយ​ឡើយ ។

VI-​ជំនឿ​របស់​ប្រជាជន​ទៅ​លើ​ការ​បង្ហើរខ្លែង
ទាំង​ព្រះមហាក្សត្រ ទាំង​ប្រជារាស្ត្រ​ខ្មែរ តែងតែមាន​ជំនឿ ត​ៗ​គ្នា​ថា ការ​បង្ហោះ​ខ្លែង​ធ្វើ​ឡើង​ដើម្បី​គោរព​បូជា​ដល់​ព្រហ្មញ្ញសាសនា​ផង និង​ព្រះពុទ្ធ​សាសនា​ផង ។

១-​បង្ហោះ​ខ្លែង​បូជា​ព្រហ្មញ្ញសាសនា
ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា គេ​គោរព​ព្រះ​អាទិទេព​ជា​ច្រើន​ដូច​ជា ព្រះ​សិវៈ ព្រះ​វិស្ណុ ព្រះព្រហ្ម ។​ល​។ ក្រៅពី​នេះ​នៅ​មាន​ព្រះ​អាទិទេព​បន្ទាប់បន្សំ ផ្សេង​ៗ​ទៀត ដូច​ជា​ព្រះអាទិត្យ ព្រះ​ចន្ទ ព្រះពាយ ព្រះ​ពិរុណ ព្រះធរណី ព្រះ​អគ្គី ។ ពិធី​បង្ហើរខ្លែង​នេះ​ជា​កិច្ច​គោរព​ដឹងគុណ​ព្រះពាយ (​ខ្យល់​) ដែល​ផ្តល់​នូវ​ខ្យល់​ឱ្យ​យើង​ដកដង្ហើម​បាន​រស់​ជីវិត គ្រប់​ៗ​គ្នា ដែល​គេ​និយម​ហៅ​ថា​ដង្ហើមរស់ ។

២-​បង្ហោះ​ខ្លែង​បូជា​ព្រះពុទ្ធ​សាសនា
ម្យា​៉​ង​ទៀត​ផ្អែក​ទៅ​តាម​ជំនឿ​ខាង​ព្រះពុទ្ធ​សាសនា ពិធី​បង្ហោះ​ខ្លែង​នេះ គឺជា​ពិធី​មួយ​សម្រាប់​គោរព​បូជា​ដល់​ព្រះ​ចូឡាមណី​ចេតិយ (​ព្រះ​ចេតិយ​តម្កល់​ព្រះកេសា (​សក់​) ព្រះ​បរមគ្រូ​នៃ​យើង នៅ​ស្ថាន​ត្រៃ​ត្រឹ​ង្ស​) ដែល​ប្រតិស្ឋាន​នៅ​វិមាន​ត្រៃ​ត្រឹ​ង្ស ។

៣-​អំពី​ខ្លែង​ធ្លាក់​លើ​ផ្ទះ
តាម​ជំនឿ​របស់​ខ្មែរ​យើង បើកាលណា​ខ្លែង (​និយាយ​ចំពោះតែ​ខ្លែង​ព្នង ឬ​ខ្លែងអែក​ធំ​ៗ​ប៉ុណ្ណោះ​) ធ្លាក់​លើដំបូល​ផ្ទះ​អ្នក​ណាមួយ​នោះ គេ​ចាត់​ទុក​ថា​ជា​ការ​ចង្រៃ (​នាំ​មក​នូវ​គ្រោះកាច ផ្សេង​ៗ​ដល់​ម្ចាស់ផ្ទះ​នោះ​) ពន់ពេក​ណាស់ ។ ម្ចាស់ផ្ទះ​ទាមទារ​ឱ្យ​ម្ចាស់​ខ្លែង​ធ្វើ​ពិធី​បង្កក់​ប្រសិទ្ធី​លើករាសី​ឱ្យ​គេ នោះ​ទើប​គេ​សុខចិត្ត ។ បើ​ពុំនោះ​ទេ​នឹង​កើត​មានការ​វិវាទ​ប្តឹងប្តល់​គ្នា​ជា​ប្រាកដ ។

ការ​បង្ហោះ​ខ្លែង គឺជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​សង្គម​ខ្មែរ​យើង​តាំងពី​បុរាណ​មក​ម្ល៉េះ ។ សព្វ​ថ្ងៃនេះ នៅ​តែ​បន្ត​ធ្វើ​តាម​ដំណែល​នៃ​ដូនតា​យើង ដែល​បញ្ជាក់​អំពី​ក្រឹត្យក្រម​មួយ​ដែល​ថា ជីវិត​តែង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ធម្មជាតិ ។

ដើម្បី​គោរព​នឹក​គុណ​ដល់​ធាតុ​ទាំង​បួន ដែល​ទ្រទ្រង់​នូវ​លោក គឺ​ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ដែល​ផ្តល់​នូវ​ជីវិត នូវ​ធម្មជាតិ ផ្សេង​ៗ​សម្រាប់​កំដរ​ជីវិត យើង​ក៏​នាំ​គ្នា​ធ្វើ​ពិធី​នេះ​ឡើង នៅ​ពេល​ដែល​ខ្មែរ​បាន​រីករាយ​ក្នុង​អារម្មណ៍ ដោយ​បាន​ទទួលផល​ពី​របរ​កសិកម្ម​។ ទោះបី​បាន​ពិនិត្យ​ឃើញ​ថា នៅ​សម័យនេះ​ការ​បង្ហោះ​ខ្លែង​មិនសូវ​មាន​សកម្ម​ភាព​ខ្លាំងក្លា​យា​៉​ង​ណា​ក្តី ក៏​គេ​នៅ​តែ​ឃើញ​មានការ​បង្ហោះ​ខ្លែង​នៅ​ក្នុង​ប្រទេស​យើង​ជា​ដរាប ៕