រាជធានីភ្នំពេញ ៖ ករណីផ្ទុះអាវុធចំនួន១០គ្រាប់ នៅផ្ទះវីឡាមួយកន្លែងរបស់ឧកញ៉ាមួយរូប បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបររថយន្ត ស្លា.ប់ភ្លាមៗនៅនឹងកន្លែង ពេលនេះ សមត្ថកិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើង ក្រោយពីបាញ់ប្រហាររួចហើយ បានរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង០១និង៣៥នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុចផ្ទះលេខ៣៨ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ៣២២ ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើតាមការរៀបរាប់របស់ស្ត្រីម្នាក់ ដែលអះអាងខ្លួនថា ជាភរិយានៃសព បានធ្វើដំណើរមកដល់ទីតាំងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ សុទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង មានប្រពន្ធ និងកូនចំនួន០២នាក់ ប្រុសម្នាក់ស្រីម្នាក់នៅក្នុងបន្ទុក មុខរបរជាអ្នកបើកបររថយន្តឲ្យលោកឧកញ៉ាម្នាក់ ដែលមានអាស័យដ្ឋាននៅកន្លែងកើតហេតុ ។
ស្ត្រីដដែល បានបញ្ជាក់ថា រូបគាត់និងកូន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់់ត្រពាំងក្រឡឹង ខណ្ឌពោធិ៍សែនជ័យ នៅឆ្ងាយពីគ្នា ហើយប្តីតែងមកប្រចាំការនៅផ្ទះវីឡា ។ ប្តីរបស់គាត់ គឺជាមនុស្សស្លូតណាស់ ពុំដែលមានគំនុំជាមួយអ្នកណាទេ ។ អ្នកស្ត្រីក៏បានសំណូមពរដល់សមត្ថកិច្ចមេត្តាបើកការស្រាវលើករណីនេះ ដើម្បីរកយុត្តិធម៌ជូនដល់ប្តីរបស់គាត់ផង ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋវិញ បានប្រាប់អ្នកសារព័ត៌មានថា មុនកើតហេតុ ពួកគាត់ឭសូរសំឡេងផ្ទុះអាវុធ ចំនួន ៧គ្រាប់ លុះដល់មួយសន្ទុះ ក៏ឭសូរផ្ទុះអាវុធចំនួន ៣គ្រាប់ទៀត ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចម្រុះចុះដល់ទីតាំងកើតហេតុ ។
ក្រោយពេលកើតហេតុ គេឃើញមាន សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យបង្ក្រាប់បទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់រាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការបិទជុំវិញទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវផងដែរ ។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញ នៅមិនទាន់អាចផ្តល់ព័ត៌មានលម្អិតនៅឡើយទេ ។ យ៉ាងណា នាពេលនេះកម្លាំងជំនាញពាក់ព័ន្ធ បាននិងកំពុងតែធ្វើការស្រាវជ្រាវរួមគ្នា ដើម្បីតាមស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើងហើយ ៕










ចែករំលែកព័តមាននេះ