ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

ព័ត៌មាន​ជាតិ » បរិស្ថាន

ភ្នំ​នៅ​ខេត្ត​ប៉ៃលិន បែប​រលាយ​មែនទែន​ហើយ ដោយ​ស្នាដៃ​ឈ្មួញ​ជីក​កាយ

ដោយ ៖ នីយ៉ា   

ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ២៣:៥៧   (08-12-2016 23:57)

ខេត្ត​ប៉ៃលិន ៖ គួរ​ឱ្យ​សោកស្តាយ​ភ្នំ ជា​មរតក​ធម្មជាតិ និង​ជា​កេរដំណែល​របស់​បុព្វបុរស​ជាតិ បាន​បន្សល់​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ដែល​ត្រូវ​ក្រុម​ឈ្មួញ​នាំ​គ្នា​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដឹក​លក់​រាល់ថ្ងៃ អស់ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​។ ជាក់ស្តែង ភ្នំ​ចំនួន​២​កន្លែង ទី​១.​ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ទី​២.​ស្ថិត​នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ត្រូវ​បាន​គេ​ជីក​កកាយ​ដឹក​លក់​នៅ​តាម​ភូមិ​យ៉ាង​រលូន ដែល​ហាក់ដូចជា​មិន​ធ្វើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទើសភ្នែក​ច្រមុះ​បន្តិច​នោះ​ឡើយ​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ទាំង​អួល​ដើម​កថា គេ​ឃើញ​ខាង​កាសែត​ទូរទស្សន៍​ចុះ​ផ្សាយ​អំពី​បញ្ហា​ឈ្មួញ​ជីក​កកាយ​ដី​ភ្នំ​ដឹក​លក់​ណាស់​ដែរ​។ តែ​ពួក​គេ​ទាំងនោះ​ហាក់ដូចជា​គ្មាន​ខ្លាចញញើត​អ្វី​សូ​ម្បី​តែ​បន្តិច​សោះឡើយ ដោយ​ព័ត៌មាន​ផ្សាយ​ពី​ភ្នំ​មួយ ពួក​គេរ​ត់ទៅ​ជីក​កកាយ​ភ្នំ​មួយទៀត ដោយ​យក​លេស​ថា ជីក​កកាយ​ដី​ភ្នំ​យក​ទៅ​ចាក់​ក្រាល​ធ្វើ​ផ្លូវ ជួយ​អភិវឌ្ឍន៍​ភូមិ​ឃុំ​ស្រុក​។ តាម​ពិត​ពួក​គេ​ដឹក​លក់​យ៉ាង​រលូន ធ្វើ​ឱ្យ​ខូចខាត​ទ្រង់ទ្រាយ​ភ្នំ និង​បំផ្លាញ​ដើមឈើ​អស់​គ្មាន​សល់​ផង​ដែរ​។

ប្រជាពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា បើ​គេ​ក្រឡេក​មើលទៅ​ទិស​ខាងលិច ហើយ​ពិនិត្យ​មើលទៅ​ភ្នំ​នៅ​ក្នុង​ទឹកដី​ថៃ​អត់​មាន​ឈ្មួញ​ណា​ជីក​កកាយ​ដូច​ភ្នំ​នៅ​ស្រុក​យើង​ឡើយ​។ ម្យ៉ាងវិញទៀត ពួក​គាត់​ធ្លាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែរ តែ​ភ្នំ​របស់​គេ​នៅ​ដដែល​អត់​មាន​ជីក​កកាយ​យក​ទៅ​ធ្វើ​ផ្លូវ​អ្វី​នោះ​ទេ ពោល​គឺ​គេ​ជីកដី​នៅ​កន្លែង​ផ្សេង​យក​មក​ចាក់​ធ្វើ​ផ្លូវ​។ ចំណែក​នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​វិញ គ្រប់​ភ្នំ​ទាំងអស់ សុទ្ធតែ​មាន​ស្នាម​គ្រឿងចក្រ​ជីក​កកាយ​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​អស់រលីង ហើយ​ថែម​ទាំង​បាត់បង់​សោភ័ណ​ភាព​ផង​ដែរ​។

ប្រជាពលរដ្ឋ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​មេត្តា​យកចិត្តទុកដាក់ ថែរក្សា​ភ្នំ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​នេះ​ផង បើ​នៅ​តែ​បណ្តែតបណ្តោយ​បែប​នេះ​ទៀត នៅ​ថ្ងៃ​ខាង​មុខ​គ្មាន​ភ្នំ​ទេ នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​។ ចំណែក​ភ្នំ​ខ្លះ​ទៀត គេ​ឃើញ​ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ក៏​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ធ្វើ​ផ្លូវ បណ្តាល​ឱ្យ​ខូច​ទ្រង់ទ្រាយ​ដែរ ជា​ពិសេស​ភ្នំ​ដែល​នៅ​ជាប់​នឹង​ផ្លូវ​តែ​ម្តង ខណៈ​ភ្ញៀវ​ទេសចរ​បើកបរ​រថយន្ត​ឆ្លងកាត់ គេ​តែង​ខ្សឹបខ្សៀវ​គ្នា​ថា យើង​អត់​ចេះ​ការពារ​ថែរក្សា​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ណុ​ប មន្ត្រី​វាយតម្លៃ​ផល​ប៉ះពាល់​ដល់ បរិស្ថាន​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត បានឱ្យ​ដឹង​ថា ភ្នំ​ដែល​គេ​កំពុង​ជីក​កកាយ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង គេ​មានច្បាប់​កាន់កាប់​អស់ហើយ ខាង​លោក​មិន​អាច​ធ្វើការ​ហាមឃាត់​បាន​ឡើយ​៕