ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់ 2016 សុខ ចាន់​មាន បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡាករ​ជ័យ​លា​ភី​លំដាប់ថ្នាក់​ពិភពលោក​ផ្នែក​កីឡា​ប៉េតង់ ឆ្នាំ​២០១៦ សុខ ចាន់​មាន បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៧ ធ្នូ កន្លង​មកនេះ ដោយ​បាន​នាំ​មក​ជាមួយ​នូវ​មេដាយ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ជ័យ​លា​ភី​លំដាប់ថ្នាក់​ពិភពលោក​ផ្នែក​កីឡា​ប៉េតង់ ឆ្នាំ​២០១៦ សុខ ចាន់​មាន បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៧ ធ្នូ កន្លង​មកនេះ ដោយ​បាន​នាំ​មក​ជាមួយ​នូវ​មេដាយមាស​១​គ្រឿង​មក​ជូន​ជាតិ​ទៀត​ផង ។

កីឡាករ​សុខ ចាន់​មាន បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ដោយ​មានការ​រង់ចាំ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​មិត្តភក្ដិ បងប្អូន ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​លោក​បណ្ឌិត​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ម៉ូតូ​ស​ចំនួន​១២​គ្រឿង​អម​ក្បួន​រថយន្ត​ចេញដំណើរ​មក​កាន់​ទីស្នាក់ការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដើម្បី​ជួប​សំណេះសំណាល​ជា​បន្ត​ទៀត ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​បណ្ឌិត​ថោ​ង ខុន បាន​ថ្លែង​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​កីឡាករ​សុខ ចាន់​មាន ដែល​បាន​បង្កើត​នូវ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​មួយ​ថ្មី​ទៀត​សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា​យើង ។ កន្លង​មកនេះ មាន​កីឡាការិនី​តេ​ក្វា​ន់​ដូ​ស៊ន សៀវ​ម៉ី និង​កីឡាការិនី​ប៉េតង់​កែ ឡេ​ង បាន​សាង​ប្រវត្តិសាស្ត្រ​ឱ្យ​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​ជា​ច្រើន​ទស​វត្ស​កន្លង​មកនេះ ។ ដោយឡែក​ពេល​នេះ កម្ពុជា​កាន់តែ​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ដណ្ដើម​បាន​មេដាយលំដាប់​​ពិភពលោក​ជា​បន្តបន្ទាប់ ។

លោក សុខ ម៉ុង ត្រូវជា​ឪពុក​បង្កើត​កីឡាករ​សុខ ចាន់​មាន ដែល​ពេល​នេះ​លោក​មាន​វ័យ​ជាង​៧០​ឆ្នាំទៅ​ហើយ​នោះ បាន​ប្រាប់​កោះសន្តិភាព​ថា កីឡាករ​សុខ ចាន់​មាន បាន​ចូល​ហ្វឹកហាត់​កីឡា​ប៉េតង់​នៅ​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​នៅ​ឆ្នាំ​២០០៥ បាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ ។ នៅ​ក្នុង​ឆ្នាំ​២០០៤ ធ្លាប់​ចេញ​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ទីក្រុងម៉ា​កសី ប្រទេស​បារាំង ទទួល​បាន​មេដាយ​សំរឹទ្ធិ​លើ​វិញ្ញាសា​ប្រកួត​ជា​ក្រុម​៣​នាក់​ទល់​នឹង​៣​នាក់ ។ ចូល​មក​ដល់​ឆ្នាំ​២០០៧ ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៥​នៅ​ប្រទេស​ថៃ ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ និង​នៅ​ឆ្នាំ​២០០៩ បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ប្រទេស​ឡាវ ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ទៀត​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ដូច​គ្នា ។ នៅ​ឆ្នាំ​២០១៦​នេះ សុខ ចាន់​មាន ដណ្ដើម​បាន​មេដាយមាស​ពី​ការ​ប្រកួត​ជើងឯក​ពិភពលោក​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ដែល​បាន​រៀបចំ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​១​ដល់ទី​៤ ធ្នូ នៅ​ទីលាន​Palais Des Sport Mahamasina ស្ថិត​ក្នុង​ទីក្រុង​Antananarivo ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​។ លោក​បាន​បញ្ជា​ក់់ថា កីឡាករ​សុខ ចាន់​មាន ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​លើក​រាប់​មិន​អស់ ហើយ​ទទួល​បាន​មេដាយ​សរុប​៣៨​គ្រឿង ក្នុង​នោះ​មេដាយមាស​១៣​គ្រឿង មេដាយ​ប្រាក់​១៦​គ្រឿង និង​មេដាយ​សំរឹទ្ធិ​៩​គ្រឿង ៕