ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលី អូ​ម៉ើ​ត ប្តេជ្ញា​យក​ពាន​ពិភពលោក 2022 World Series ជូន​កម្ពុជា​ឱ្យ​ខាង​តែ​បាន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វីរ​កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា សាលី អូ​ម៉ើ​ត បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ

រាជធានី​ភ្នំពេញ ៖ វីរ​កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា សាលី អូ​ម៉ើ​ត បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួលលទ្ធផល​ល្អ​ប្រសើរ ពី​ការ​ប្រកួត​ជើងឯក​ម៉ូតូ​ទឹក​ពិភពលោក (2022 World Series) ឆ្នាំ​២០២២ ជុំ​ទី​១ នៅ​ប្រទេស​ប៉ូ​ឡូញ​។

លោក ម៉​ម អា​នី មន្ត្រី​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​កីឡា​ជើងឯក​ម៉ូតូ​ទឹក​ពិភពលោក 2022 World Series នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ គ្រូបង្វឹក និង​ប្រតិភូ សរុប​១៣​នាក់ ទៅ​ចូលរួម​នៅ​ប្រទេស​ប៉ូ​ឡូញ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២៤ ខែកក្កដា ឆ្នាំ​២០២២​។

កីឡាករ សាលី អូ​ម៉ើ​ត នឹង​ប្រកួត​៣​វិញ្ញាសា គឺ Pro-Am Ski Modify ជា​វិញ្ញាសា​ដែល​រូបគេ​ធ្លាប់​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ឆ្នាំ​២០១៨ និង​វិញ្ញាសា Pro-Am Ski Lites Stock ព្រមទាំង Pro-Am Ski 4 Strokes Stock​។

ជុំវិញ​ការ​ធ្វើ​ដំណើរ​ទៅ​នេះ កីឡាករ សាលី អូ​ម៉ើ​ត បាន​បញ្ជាក់​ថា ការ​ប្រកួត​ជើងឯក​ម៉ូតូ​ទឹក​ពិភពលោក​នេះ ខ្លួន​អត់​បាន​ចូលរួម​ប្រកួត​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយសារ​បញ្ហា​របួស​ឆ្អឹងខ្នង​។ ដូច្នេះ សម្រាប់​ឆ្នាំ​២០២២​នេះ រូបគេ​ត្រូវ​តែ​ដណ្តើម​ពានរង្វាន់​មួយ​នេះ មក​ជូន​កម្ពុជា​ឲ្យ​ខាង​តែ​បាន​។ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បែប​នេះ ដោយសារ​រូបគេ​បាន​ត្រៀមខ្លួន​ល្អ ទាំង​ការ​ហ្វឹកហាត់ និង​បាន​ទិញ​ម៉ូតូ​ទឹក​ថ្មី​ផង​ដែរ​។

អតីត​ម្ចាស់​មេដាយមាស​ម៉ូតូ​ទឹក​អាស៊ី រូប​នេះ បន្ត​ថា ប្រទេស​ដែល​ខ្លាំង​មិន​អាច​មើល​ស្រាល​បាន គឺ​កីឡាករ​សហរដ្ឋអាមេរិក ដោយសារ​ពួក​គេ​មានការ​ប្រកួត​ច្រើន​ជា​រៀង​រាល់​ខែ ដូច្នេះ​ធ្វើ​ឲ្យ​សមត្ថភាព និង​សិទ្ធ​ផល​កើនឡើង​ខ្ពស់​ដែល​ខុស​ពី​ការ​ប្រកួត​នៅ​អាស៊ី​២​ខែ​ម្តង ។ ក្នុង​នោះ​ដែរ អត្ត​ព​លិ​ក​ម៉ូតូ​ទឹក​កម្ពុជា​រូប​នេះ ក៏​ជួប​បញ្ហា​ប្រឈម​ខ្លះ ដោយសារ​កីឡាករ​៤​រូប ខ្វះ​ម៉ូតូ​ទឹក តម្រូវ​ឲ្យ​សហព័ន្ធ​ត្រូវ​ជួល​ម៉ូតូ​ទឹក​នៅ​ទីនោះ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើងឯក​ពិភពលោក ឆ្នាំ​២០២២ មាន​៣​ជុំ គឺ​ជុំ​ទី​១ ធ្វើ​នៅ​ប្រទេស​ប៉ូ​ឡូញ ជុំ​ទី​២ នៅ​សហរដ្ឋអាមេរិក និង​ជុំ​ផ្តាច់ព្រ័ត្រ នៅ​ប្រទេស​ថៃ​។ សម្រាប់​ការ​ចូលរួម​ប្រកួត​នេះ កម្ពុជា​បញ្ជូន​កីឡាករ​៧​រូប រួម​មាន វីរ​កីឡាករ សាលី អូ​ម៉ើ​ត​, មីន ម៉ូ​ស្តា​ន​, កៃ វ៉ា​ន់​ស៊ី​ដែន​, មីន អូ​ស្មាន់​, សាលី ហ្វី​លី​ន​, ស៊ី​ម សាក់រ​នី និង​ប្រតិភូ គ្រូបង្វឹក ៦​នាក់ ដឹកនាំ​ដោយ​ឯកឧត្តម ណុះ ស្លេះ ប្រធាន​សហ​ប័​ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ