ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទះ​អង្គុយ​កម្ពុជា សង្ឃឹម​ឈ្នះ​មេដាយ​ម្ដងទៀត នៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ ម៉​ន យ៉ា​រ៉ា​ញ់ សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​បាល់ទះ​អង្គុយ​កម្ពុជា បាន​ដាក់​

រាជធានី​ភ្នំពេញ ៖ កីឡាករ ម៉​ន យ៉ា​រ៉ា​ញ់ សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​បាល់ទះ​អង្គុយ​កម្ពុជា បាន​ដាក់​ក្ដី​សង្ឃឹម​ឈ្នះ​មេដាយ​ម្ដងទៀត នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ ឆ្នាំ​២០២១ (​លើក​​មក​ឆ្នាំ​២០២២) នាទី​ក្រុង Solo ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បន្ទាប់​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្រុម​ជម្រើសជាតិ​បាល់ទះ​អង្គុយ​កម្ពុជា ទទួល​បាន​មេដាយ​ប្រាក់ ហើយ ម៉​ន យ៉ា​រ៉ា​ញ់ ក៏​ជា​ផ្នែក​មួយ​នៃ​ក្រុម​នេះ​ដែរ​។

ម៉​ន យ៉ា​រ៉ា​ញ់ បាន​និយាយ​ពី​ការ​ត្រៀមខ្លួន​ថា​៖ «​ការ​ត្រៀមខ្លួន​របស់​ក្រុម​ខ្ញុំ គឺ​ត្រូវ​ថែរក្សា​សុខភាព​កុំ​ឲ្យ​មាន​ជំងឺឆ្លង និង​ជា​ពិសេស​កុំ​ឲ្យ​មាន​បញ្ហា​ឈឺ​សាច់ដុំ ឈឺសន្លាក់ ពេល​ហ្វឹកហាត់ ។ អ៊ីចឹង យើង​ហាត់​អត់​សូវ​បុក​ខ្លាំង​ទេ ។ យើង​ហាត់​លក្ខណៈ​ពង្រឹង​បច្ចេកទេស ប៉ុន្តែ​អត់​ខ្លាំង​ពេក​ទេ ដោយ​យើង​បន្ធូរ​ខ្លះ​។ ការ​ហ្វឹកហាត់​ប្រចាំ​ថ្ងៃ គឺ​ហ្វឹកហាត់​រក្សា​បច្ចេកទេស​ឲ្យ​លេង​ត្រូវ​ចង្វាក់​គ្នា ហើយ​យើង​ក៏​ព្យាយាម​មើល​ដៃគូ​របស់​យើង​ដែរ ថា​ដៃគូ​យើង​ជា​អ្នក​ណា ហើយ​គេ​ខ្លាំង​អី គេ​ខ្សោយ​អី​សិក្សា​ពី​គេ​»​។

ម៉​ន យ៉ា​រ៉ា​ញ់់ បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ទាំងមូល បាន​និង​កំពុង​ហ្វឹកហាត់​បិទ​ខ្ទប់ ហើយ​របប​អាហារ​ក៏​ជា​រឿង​ចាំបាច់​នៅ​ក្នុងអំឡុងពេល​នេះ​ផង​ដែរ ជាមួយនឹង​ការ​ទទួលទាន​អាហារ​មាន​សារជាតិ​ចិញ្ចឹម​ច្រើន រួម​ទាំង​ការ​រក្សា​កម្លាំង ការ​រក្សា​សុខភាព និង​ជា​ពិសេស​ជៀសវាង​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​។ សម្រាប់​ក្ដី​សង្ឃឹម​របស់​ក្រុមកីឡា​បាល់ទះ​ជន​ពិការ​យើង នៅ​ក្នុង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នេះ គឺ​យើង​សង្ឃឹម​ច្រើន សង្ឃឹមថា​នឹង​បាន​មេដាយ ព្រោះ​ពី​មុន​យើង​ធ្លាប់​ទទួល​បាន​មេដាយ​ម្ដង អ៊ីចឹង​យើង​មាន​ជំនឿ​ជាក់​លើ​ខ្លួនឯង​ច្រើន ។ ហើយ​សម្រាប់​ដៃគូ​ប្រកួត​ជាមួយយើង គឺ​យើង​ធ្លាប់​ប្រកួត​ជាមួយ​គ្នា​ច្រើន​ដង​ហើយ អ៊ីចឹង​យើង​អាច​ស្គាល់​ពី​គាត់​ច្បាស់​។

«​ប្រទេស​ដែល​ខ្ញុំ​គិត​ថា​ពិបាក​ប្រកួតប្រជែង​មាន ថៃ មី​យ៉ា​ន់​ម៉ា និង​ឥណ្ឌូ​ណេ​ស៊ី ព្រោះ​ដូច​ជា​ថៃ មាន​កីឡាករ​ថ្មី​ៗ​ច្រើន ហើយ​ការ​ហ្វឹកហាត់​របស់​គេ​ល្អ​ជាង​យើង ហើយ​ធនធាន​កីឡាករ​គេ គឺ​គេ​ដើរ​មុន​យើង ។ ចំណែក​មី​យ៉ា​ន់​ម៉ា គេ​ជា​ម្ចាស់​មេដាយមាស កាលពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម នៅ​ម៉ា​ឡេ​ស៊ី ហើយ​មួយទៀត​ឥណ្ឌូ​ណេ​ស៊ី ព្រោះ​អី​យើង​អត់​ដែល​ឃើញ​គេ​ប្រកួត និង​លេង​ជាមួយ​គេ និង​អត់​ដឹង​សមត្ថភាព បច្ចេកទេស​គេ​បែប​ម៉េច​»​។ (ម៉​ន យ៉ា​រ៉ា​ញ់ បាន​ស​ង្គ​ត់​ធ្ងន់​) ។​

ម៉​ន យ៉ា​រ៉ា​ញ់ កើត​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០០០ នៅ​ភូមិ​ដំណាក់​កកោះ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ចាប់ផ្ដើម​លេង​កីឡាបាល់ទះ​អង្គុយ នៅ​ឆ្នាំ​២០១៦ ហើយ​បាន​ជាប់​ជម្រើសជាតិ ក្នុង​ឆ្នាំ​២០១៧ រហូត​មក​ដល់​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ