ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកទី៣ហើយ ករណីលោកសង្ឃ ១អង្គ នៅខេត្តកំពង់ស្ពឺ រំលោ.ភស្ត្រី តែខាងធម្មការ មិនហ៊ានចាប់ផ្សឹក

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ៖ បុគ្គលក្នុងភេទជាសង្ឃ ដែលតាំងខ្លួនជាអ្នកចេះព្យាបាលជំងឺ បានប្រព្រឹត្តអំពើ​ប្រាសចាកវិន័យដោយបានចាប់រំលោភកូនស្រីរបស់អ្នកជំងឺមួយរូប ដែលមកដេក​កំដរ​ម្តាយឈឺនៅក្នុងវត្ត។ ក្រោយពីបែកការណ៍ បុគ្គលទ្រុស្តសីលរូបនេះ មិនព្រមទទួលស្គាល់កំហុស ដែលខ្លួនបានប្រព្រឹត្ត ហើយមិនព្រមចាកចេញពីវត្ត…

កំពង់ស្ពឺ៖ បុគ្គលក្នុងភេទជាសង្ឃ ដែលតាំងខ្លួនជាអ្នកចេះព្យាបាលជំងឺ បានប្រព្រឹត្តអំពើ​ប្រាសចាកវិន័យដោយបានចាប់រំលោភកូនស្រីរបស់អ្នកជំងឺមួយរូប ដែលមកដេក​កំដរ​ម្តាយឈឺនៅក្នុងវត្ត។ ក្រោយពីបែកការណ៍ បុគ្គលទ្រុស្តសីលរូបនេះ មិនព្រមទទួលស្គាល់កំហុស ដែលខ្លួនបានប្រព្រឹត្ត ហើយមិនព្រមចាកចេញពីវត្ត តាមមន្ត្រីសង្ឃណែនាំនោះទេ។

ករណីនេះ ប្រសិនបើខាងធម្មការ និងអាជ្ញាធរសមត្ថកិច្ច​ គ្មានចំណាត់ការម៉ឹម៉ាត់ និងមិនរក​ដំណោះស្រាយអោយបានឆាប់ទេនោះ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ នឹងរួមគ្នា ធ្វើបាតុកម្ម បណ្ដេញបុគ្គលទ្រុស្តសីលនេះ មិនឲ្យស្នាក់នៅវត្តនេះទៀតទេ ព្រោះទាំង​លើកនេះទៀត គឺ​ជាករណីទី៣ហើយ ដែលបុគ្គលនេះ បានរំលោភស្ត្រី។

នៅព្រឹកថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២២ ​មានកិច្ចជួបជុំមួយ ក្រោមអធិបតីភាពព្រះឧត្តមមុនីវង្សា សូ ចាន់ អនុគណស្រុកគងពិសី ព្រមទាំងមន្ត្រីសង្ឃ តាមឋានានុក្រម រួមទាំងអាជ្ញាធរ បានជួបជុំ នៅសាលាធម្មសភា ក្នុង​វត្តឥសីគិរីជុំ ហៅ វត្តត្រពាំងឬស្សី ដែលជាវត្តកើតហេតុ ស្ថិតក្នុង​ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ មានវត្តមានក្មេងស្រីរងគ្រោះ និងបុគ្គល​សៀវបុត្រាថានុន ភេទជាសង្ឃ នៅចំពោះមុខអង្គពិធី ដោយមានការសូត្រអំពីវិន័យ និងការ​សួរដេញដោលចំពោះមុខគូភាគីទៀតផង។

ក្មេងស្រីរងគ្រោះ អាយុ ២២ឆ្នាំ រស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា កាលពី​ខែឧសភា ឆ្នាំ ២០២១ ពេលដែលឪពុកនាង នាំម្ដាយ ដែលមានជំងឺទៅវត្តខាងលើ ជួបជាមួយ​បុគ្គលទ្រុស្តសីលរូបនេះ ឱ្យ​ជួយពិនិត្យមើល ពេលនោះ បុគ្គល សៀវ បុត្រាថានុន បានប្រាប់ថា ម្ដាយរបស់នាង ត្រូវអំពើរបស់គេ ទាល់តែស្នាក់នៅព្យាបាលជាមួយគេ ទើបជា។ ចាប់តាំងពី​ពេលនោះមក នាង ក៏ស្នាក់នៅកំដរម្ដាយ ដើម្បីព្យាបាលជំងឺ។ ថ្ងៃមួយអំឡុងខែឧសភា ឆ្នាំ២០២១ បុគ្គលសៀវបុត្រាថានុន បានហៅនាងទៅជួប ហើយនិយាយថា ទាល់តែនាងបូជាខ្លួនប្រាណ​ឱ្យរូបគេ ទើបគេដោះអំពើឲ្យម្ដាយនាង។ បន្ទាប់មកច្រើនថ្ងៃ ឈ្មោះបុត្រាថានុនរូបនេះ បានហៅនាងឲ្យទៅ​ជួបនៅជិតកន្លែងដាក់ព្រះ និងបានធ្វើសកម្មភាពចាប់រំលោភរូបនាង រហូតបានសម្រេច បើទោះជានាងខំរើបំរាស់យ៉ាងណា ក៏មិនអាចផុតពីក្រញាំដៃរបស់​បុគ្គលទ្រុស្តសីលរូបនេះដែរ។

ក្រោយពីប្រព្រឹត្តមកលើរូបនាងហើយ ជនរូបនេះ បាននិយាយគំរាមរូបនាង មិនឲ្យនិយាយប្រាប់អ្នកណាឡើយ បើហ៊ាននិយាយ គេនឹងសម្លាប់នាងចោល ហើយមិនដោះអំពើឲ្យម្ដាយនាងទៀត។ ដោយខ្លាចការគំរាមរបស់បុគ្គលរូបនេះ ព្រមទាំងចង់ឲ្យម្ដាយបានជាសះស្បើយផងនោះ នាងសុខចិត្តខាំមាត់សង្កត់ចិត្ត បៀមទុក្ខតែម្នាក់ឯង មិនហ៊ាននិយាយរឿងនេះ ប្រាប់ដល់អ្នកណាឡើយ សូម្បីតែម្ដាយរបស់នាង។

ក្រោយមកទៀត មិនថា ពេលថ្ងៃ ឬពេលយប់នោះទេ ជននេះ តែងតែហៅនាងឲ្យទៅបម្រើតណ្ហា​របស់គេគ្រប់ទីកន្លែង នៅក្នុងបរិវេណវត្ត។ នៅពេល​ដែលនាងសួរថា តើនៅពេលណា ដោះជំងឺ​របស់ម្ដាយនាងជា?  បុគ្គលរូបនេះ តែងតែគំរាមថា កុំបាច់ចង់ដឹងអី សំងំឲ្យតែស្ងៀមទៅ។

រំលងបានមួយខែ នាងបានប្រាប់បុគ្គលសៀវបុត្រាថានុនថា នាងមានផ្ទៃពោះមួយខែហើយ ពេលនោះបុគ្គលរូបនេះ បានទិញថ្នាំអោយនាងលេប ដោយប្រាប់ថា ជាថ្នាំសុខភាព ពេលដែលនាងលេបហើយស្រាប់តែមានអាការៈធ្លាក់ឈាមទាំងដុំៗ។ ពេលនោះ នាងនៅមិនទាន់ហ៊ានប្រាប់ម្ដាយនោះទេ។ តែក្នុងចិត្ត ចង់ប្តឹងបុគ្គលរូបនេះ ឱ្យច្បាប់ចាត់ការ។ នៅពេលដែលដឹងថា នាងចង់ប្តឹងបុគ្គលសៀវបុត្រាថានុន គំរាមនាងថា បើនាងហ៊ានប្ដឹង ឬយករឿងនេះ ទៅប្រាប់អ្នកណា គេមិនទុកជីវិតឱ្យនាងឡើយ ហើយក៏មិនដោះអំពើ​ឲ្យម្ដាយនាងដែរ។

ដោយសារតែខ្លាចការគំរាមរបស់បុគ្គលរូបនេះ និងចង់ឲ្យម្ដាយបានជាសះស្បើយ រស់រៀនមានជីវិត នាងក៏ខាំមាត់សង្កត់ចិត្តជាថ្មីម្តងទៀត។

ចាប់តាំងពីពេលនោះ រហូតឥឡូវនេះ ពេលនាងស្ងៀមស្ងាត់បុគ្គលរូបនេះ តែងតែហៅនាងទៅ​បម្រើ​តណ្ហារបស់គេ នៅក្នុងបរិវេណវត្តជារឿយៗ ដែលរហូតមកដល់ពេលនេះ នាងមានផ្ទៃពោះសាជាថ្មីម្ដងទៀត រយៈពេល ៤ខែហើយ។ លើកក្រោយនេះ បុគ្គលរូបនោះ បានសន្យាឲ្យលុយនាងចំនួនមួយម៉ឺនដុល្លារ ដើម្បីទុកចិញ្ចឹមកូន និងកុំយករឿងនេះ ទៅប្រាប់អ្នកណា តែការសន្យារបស់បុគ្គលនេះ បានត្រឹមតែសន្យាខ្យល់ហើយមិនអនុវត្តនោះទេ។

ក្នុងនាមជាអ្នករងគ្រោះ នាង​ក៏បានដាក់ពាក្យបណ្ដឹង សូមឲ្យច្បាប់ចាត់វិធានការ ចំពោះសង្ឃទ្រុស្តសីលរូបនេះផងចុះ ហើយនាងសូមសំណូមពរដល់ថ្នាក់ដឹកនាំស្ថាប័ន​ពាក់ព័ន្ធផ្សេងៗ ជាពិសេសអង្គការជួយស្ត្រីមានវិបត្តិ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សូមជួយដល់រូបនាងផង ព្រោះនាងមិនមានលទ្ធភាព និងខ្នងបង្អែក ដូចបុគ្គលទ្រុស្តសីល សៀវ បុត្រាថានុន នេះទេ។

ដោយឡែកប្រភពពីអាជ្ញាធរឃុំ ក៏បានបញ្ជាក់ថា កន្លងមក បុគ្គលឈ្មោះ សៀវ បុត្រាថានុន នេះ ធ្លាប់បានប្រព្រឹត្តអំពើអនាចារ ជាមួយស្ត្រីភេទជាច្រើនដងមកហើយ ដូចជា នៅវត្តព្រះពុទ្ធនិព្វាន វត្តព្រៃកន្ទោច។ តែក៏ធ្វើការសម្របសម្រួលជាមួយភាគីខាងស្រីរួចរាល់ហើយ។ តែក៏ត្រូវបាន​ចៅអធិការវត្ត​ទាំងនោះ បណ្ដេញចេញ មិនអនុញ្ញាតឲ្យស្នាក់នៅក្នុងវត្តរបស់​លោកនោះទេ។ ចុងក្រោយនេះ ក៏មកប្រព្រឹតអំពើមិនគប្បីបែបនេះ នៅក្នុងបរិវេណវត្តឥសីគិរីជុំ ហៅ វត្តត្រពាំងឬស្សីនេះ​បន្តទៀត។

ករណីនេះ មន្ត្រីសង្ឃ បានប្រាប់ឲ្យបុគ្គលសៀវបុត្រាថានុន ចាកចេញពីវត្តនេះ ហើយប្រគល់ខ្លួន​ឲ្យសមត្ថកិច្ច ដោយសន្តិវិធី។ ប៉ុន្តែបុគ្គលរូបនេះ បានបដិសេធមិនព្រមចាកចេញ ថែមទាំងនិយាយថា បើចង់អោយ​រូប​គេទទួលខុសត្រូវ ទាល់តែរង់ចាំឱ្យកូនកើត​សិន និង​ឱ្យធ្វើការពិនិត្យ DNA បើដូចគេ គេនឹងទទួលខុសត្រូវ ។

ចំណែកលោកអាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលដឹងរឿងនេះ បានសំដែងនូវការមិនពេញចិត្ត ចំពោះបុគ្គលសៀវបុត្រាថានុននេះឡើយ និងសំណូមពរឲ្យចាកចេញពីវត្តដោយខ្លួនឯង។ បើមិនដូច្នោះទេ ប្រជាពុទ្ធបរិស័ទ នឹងធ្វើបាតុកម្មបណ្ដេញចេញ មិនឲ្យនៅវត្តនេះទៀតឡើយ។ សូម្បីតែលោកគ្រូចៅអធិការ លោកគ្រូសូត្រស្ដាំ លោកគ្រូសូត្រឆ្វេង ក៏បានប្រាប់ឱ្យបុគ្គលរូបនេះ ចាកចេញពីវត្តដែរ។

ប៉ុន្តែបុគ្គលរូបនេះ មានះរឹងរូស មិនព្រមចាកចេញទៅណាឡើយ ដោយអាងខ្នងបង្អែករបស់គេ ធ្វើការនៅរាជធានីភ្នំពេញ ចាំជួយពីក្រោយខ្នង។

ទោសរបស់បុគ្គលរូបនេះ បើតាមលោកអាចារ្យមួយរូប បានបញ្ជាក់​ថា ករណីភិក្ខុសេពមេថុន ត្រូវមានទោសបរាជិក(ចាប់ផ្សឹក)។ ប៉ុន្តែ​មិនមាននរណាម្នាក់ ហ៊ានសម្រេចក្នុងការចាប់ផ្សឹកបុគ្គល​រូបនេះ ដើម្បី​ឱ្យច្បាប់ ចាត់ការឡើយ សូម្បីតែខាងធម្មការ និងអាជ្ញាធរសមត្ថកិច្ច ក៏កាត់សេចក្តី មិនចេញដែរ។

ដោយឡែក លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បីកំណត់បទល្មើស។  

យ៉ាងណាក៏ដោយ នៅអូសបន្លាយ ខ្លាចតែលោកសង្ឃនេះ គេចខ្លួន​បាត់នោះទេ​ ព្រោះ​មិនទាន់​មានចំណាត់​ការបែបណា លើបុគ្គល​នេះនៅឡើយ៕ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ