ក្រសួងអប់រំ ហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិច នៅតាមសាលារដ្ឋ និងឯកជន
- ភ្នំពេញ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ ការប្រើប្រាស់បារីអេឡិចត្រូនិក…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ ការប្រើប្រាស់បារីអេឡិចត្រូនិក…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
សេចក្តីណែនាំ លើកឡើងថា ក្នុងស្មារតីទប់ស្កាត់ការផ្សព្វផ្សាយអូសទាញយុវវ័យ ឱ្យប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/ Vape) និងផលិតផល អេចន៍ ធី ភី (HTFs-Heated Tobacco Products) ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជា បង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់អង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ដូចខាងក្រោម៖
១- សូមធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាព អំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា។
២- សូមហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពអំពីបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ខាងក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា។
៣- សូមសហការជាមួយមាតាបិតា អ្នកអាណាព្យាបាល បុគ្គលិកអប់រំ និងអ្នកសិក្សា ក្នុងការកំណត់មុខសញ្ញា ទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក (E-Cigarette Vape) និងផលិតផល អេចន៍ ធី ភី (HTPS-Heated Tobacco Products) ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ចំពោះការប្រើប្រាស់បារីអេឡិចត្រូនិកនេះ ត្រូវបានលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា ឱ្យដឹងថា ការប្រើប្រាស់បារីអេឡិចត្រូនិក មិនគ្រាន់តែមិនអាចផ្តាច់បារីបានទេ វាថែមទាំងធ្វើឱ្យញៀន ឬគ្រោះថ្នាក់ទ្វេដងដល់សុខភាពថែមទៀត។
បារីអេឡិកត្រូនិច ត្រូវបានប្រកាសលក់បើកចំហរ ពិសេសតាមអនឡាញ ក្នុងហ្វេសប៊ុក។ សិស្សសាលាទាំងស្រីទាំងប្រុសជាច្រើន នៅថ្នាក់វិទ្យាល័យ បានទិញជក់ព្រោងព្រាត៕
ចែករំលែកព័តមាននេះ