ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​រង​កងទ័ពជើងទឹក​ការពារ និង​អភិរក្ស​ជីវចម្រុះ​បាតសមុទ្រ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​ជួរ​មុខ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ លោក​ឧត្តមនាវីឯក ទៀ សុខា បាន​ថ្លែង​នូវ​ការ​សន្យា​ថា គណៈកម្មាធិការ​ជាតិ​លំហ​សមុទ្រ នឹង

ខេត្ត​ព្រះ​សីហ​នុ ៖ មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​ជួរ​មុខ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ លោក​ឧត្តមនាវីឯក ទៀ សុខា បាន​ថ្លែង​នូវ​ការ​សន្យា​ថា គណៈកម្មាធិការ​ជាតិ​លំហ​សមុទ្រ នឹង​ថែរក្សា​ការពារ​ជីវចម្រុះ​បាតសមុទ្រ ដើម្បី​ឈាន​ទៅ​អភិរក្ស​នា​ពេល​ខាង​មុខ ។ ការ​ថ្លែង​ដូច្នេះ គឺ​បន្ទាប់​ពី​លោក​បាន​មើលឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ជីវចម្រុះ​បាតសមុទ្រ​នៅ​តំបន់​កោះតាង ខេត្ត​ព្រះ​សីហ​នុ កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ខណ​ដែល​ជីវចម្រុះ​ដ៏​ស្រស់​ស្អាត​នោះ​មិន​ចាញ់​ជីវចម្រុះ​ក្នុង​បាតសមុទ្រ​ប្រទេស​ដទៃ​ទៀត​នោះ​ឡើយ ។

លោក​ឧត្តមនាវីឯក ទៀ សុខា បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ជួយ​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​កម្ពុជា​យើង​ដើម្បី​ខ្លួនឯង ដើម្បី​កូនចៅ​យើង និង​ដើម្បី​ប្រទេស​ជាតិ​យើង​ទាំងមូល​ផង​ដែរ ។ ផ្តើម​ពី​នោះ លោក​ក៏​បាន​ប្តេជ្ញា​ថា​នឹង​ការពារ​ថែរក្សា​ធនធានធម្មជាតិ​បាតសមុទ្រ​របស់​កម្ពុជា​យើង​ឲ្យ​អស់ពី​លទ្ធភាព តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​អភិរក្ស​ធនធាន​បាតសមុទ្រ និង​គាំទ្រ​គម្រោង​បង្កើត​ឧទ្យាន​ជាតិ​បាតសមុទ្រ ដើម្បី​ទុកជា​សម្បត្តិ​មរតក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ទស្សនា ។

លោក ទៀ សុខា បាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​អាច​អញ្ជើញ​មក​ទស្សនា​ហ្វូង​មច្ឆា ផ្កាថ្ម ស្មៅ​សមុទ្រ និង​ជីវចម្រុះ​ក្នុង​បាតសមុទ្រ​កោះតាង​នេះ​ផង​ដែរ ដោយសារ​យើង​មាន​ក្រុម​ស្ម័គ្រចិត្ត​ជំនាញ​ជនជាតិ​ខ្មែរ ថៃ និង​អង់គ្លេស ដែល​ពួក​គេ​សុទ្ធតែ​មានបទពិសោធន៍​យូរ​ឆ្នាំ និង​ជំនាញ​ច្បាស់លាស់​ពី​បរទេស ពី​របៀប​បង្ហាត់បង្រៀន មុជ​ចូល​បាតសមុទ្រ​ប្រកបដោយ​សុវត្ថិភាព និង​សប្បាយ​រីករាយ​ទៀត​ផង ។

ទាក់ទង​នឹង​ជីវចម្រុះ​បាតសមុទ្រ​នេះ អាជ្ញាធរ​ខេត្ត​ព្រះ​រួម​ជាមួយ​ស្ថាប័ន​ជលផល គ្រោង​នឹង​កោះ​ប្រជុំ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ប្រយោជន៍​ដើម្បី​ការពារ​និង​អភិរក្ស​ផ្កាថ្ម និង​ជីវចម្រុះ​បាតសមុទ្រ បន្ទាប់​ពី​សកម្មភាព​អភិវឌ្ឍន៍​នៃ​វិស័យ​ទេសចរណ៍ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​រស់រាន​របស់​ពពួក​ផ្កាថ្ម​ត្រូ​ពិ​ក ដែល​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​មានការ​ធ្លាក់​ចុះ​នៃ​ភាព​ទាក់ទាញ​សម្រាប់​សកម្មភាព​ទេសចរណ៍ ព្រមទាំងជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សក្តានុពល​សេដ្ឋកិច្ចជាតិ​។

ទាំង​អស់នេះ គឺ​ដោយសារ​តែ​ទម្លាប់​នៃ​ការ​ធ្វើ​អាជីវកម្ម​គ្មាន​និរន្តរភាព​ក្នុង​តំបន់​ផ្កាថ្ម ធ្វើ​ឲ្យ​វិនាស​ផុត​ពូជ​សត្វ និង​រុក្ខជាតិ​ដែល​ទំនង​អាច​ឈាន​ទៅ​រក​ការ​ឈប់​កកើត​ឡើង​វិញ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ផ្កាថ្ម​ផង​ដែរ ៕