ខេត្តកំពង់ឆ្នាំង៖ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យចំនួន ២នាក់ ទៅកាន់សាលាដំបូងខេត្ត ពីបទបានប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់ ដែលបានប្រព្រឹត្ត កាលពីយប់ថ្ងៃទី២២ ខែមិថុនា ហើយត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រឡាយមាស និងប្រជាការពារចាប់បញ្ជូនខ្លួនឱ្យមន្ត្រីជលផល។ បុរស ២នាក់នេះ ស្ថិតក្នុងចំណោម ៣នាក់ ដែលបានជិះទូក ឆក់ត្រី នៅបឹងទន្លេសាប។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រឡាយមាស បានឱ្យដឹងថា នៅយប់ថ្ងៃទី២២ ខែមិថុនា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសហការជាមួយប្រជាការពារបានចេញល្បាត ក៏បានជួបប្រទះនឹងអ្នកប្រព្រឹត្តបទល្មើសនេសាទ ដែលកំពុងធ្វើសកម្មភាពឆក់ត្រីចំនួន ៣នាក់ ហើយក៏បានចាប់ឃាត់ខ្លួន បានចំនួន ២នាក់។ ចំណែកម្នាក់ទៀត បានហក់ចូលទឹក គេចខ្លួនបាត់។
ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ គឺនៅចំណុចសាច់ស្ពៃ នៅក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង។ ជនសង្ស័យទាំង ២នាក់ មានឈ្មោះ ម៉ៅ ប៉ែន អាយុ ៣៥ឆ្នាំ និងឈ្មោះ ថន វណ្ណៈ អាយុ ១៩ឆ្នាំ និងម្នាក់ទៀត អាយុ ១៧ឆ្នាំ បានលោតចូលទឹក គេចខ្លួនបាត់។
នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង មានទូកបាឡាស្មាច់ ចំនួន ២គ្រឿង ក្បាលអាំងវ៉ាទ័រឆក់ត្រីចំនួន ២គ្រឿង និងអាគុយ ២គ្រឿង។
ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ច ក៏បានបញ្ជូនទៅមន្ត្រីជំនាញទាំងយប់ ទើបនៅព្រឹកថ្ងៃទី២៣ មិថុនា មន្ត្រីជំនាញជលផល បានកសាងសំណុំរឿងបញ្ជូនមកកាន់តុលាការបន្ត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បទល្មើសនេសាទ គឺជាបទល្មើសបំផ្លាញមច្ឆជាតិដ៏ធ្ងន់ធ្ងរ ហេតុនេះ មិនអាចលើកលែងបានឡើយ។
ជាមួយគ្នានេះ ក្នុងនាមលោកជាមន្ទីរជំនាញ លោកសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់តទៅទៀត ដូចជា ការដាក់របាំងស្បៃមុង របាំងសាច់ សាច់អួនក្រឡាញឹក និងឧបករណ៍ឆក់ត្រី ជាដើម៕ ពៅ សុខហ៊ាន


ចែករំលែកព័តមាននេះ