ខេត្តកោះកុង ៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ ។
សូមជម្រាបជូនថា ៖ កំពង់ផែនេះ ជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ គុណ ១៦,៥ម៉ែត្រ សាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រ ប្រទេសកម្ពុជា វៀតណាម និងថៃ និងសម្រាប់នាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួន នៅប៉ែកពាយព្យប្រទេស ដែលរួមមានដូចជា ៖ ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំងបម្រើដល់ការនាំចូលទំនិញពីប្រទេសវៀតណាម និងថៃ ផងដែរ ។ កំពង់ផែនេះ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ២០២២ ៕
ចែករំលែកព័តមាននេះ