ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ​ព្រមាន​ពី​ហានិភ័យ ខណៈ​ពលរដ្ឋ​ខ្មែរ​ជាង​2​លាន​នាក់​ប្រើប្រាស់​ឥណទាន​មីក្រូហិរញ្ញវត្ថុ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​កម្ពុជា​ពេញវ័យ​ជាង​២​លាន​នាក់​កំពុង​ប្រើប្រាស់​ឥណទាន​ពី​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា ជា​សេវា​ឥណទាន​មួយ​ដែល​សេដ្ឋវិទូ​ព្រមាន​ពី​ហានិភ័យ​នៃ​អត្រា​ការ​ប្រាក់​ខ្ពស់ និង​ផលប្រយោជន៍​នៃ​ការ​

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​កម្ពុជា​ពេញវ័យ​ជាង​២​លាន​នាក់​កំពុង​ប្រើប្រាស់​ឥណទាន​ពី​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា ជា​សេវា​ឥណទាន​មួយ​ដែល​សេដ្ឋវិទូ​ព្រមាន​ពី​ហានិភ័យ​នៃ​អត្រា​ការ​ប្រាក់​ខ្ពស់ និង​ផលប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ឥណទាន​ទាំងនោះ ។

លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៣ ស្តី​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ កាលានុវត្តភាព និង​ហានិភ័យ នា​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា​ថា បច្ចុប្បន្ន​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​មានទ្រព្យ​សកម្ម​កើនឡើង​ដល់​១៦%​នៃ​ទ្រព្យសកម្ម​របស់​វិស័យ​ធនាគារ ដោយ​បាន​ផ្តល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ​២,១​លាន​នាក់ និង​មាន​អ្នក​ដាក់​ប្រាក់​បញ្ញើ​រហូត​ដល់​១,៥​លាន​នាក់ ។ ជា​លទ្ធផល វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​រួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន ដោយ​បាន​លើក​ស្ទួយ​កម្រិត​រស់នៅ​របស់​ពួក​គាត់​តាម​រយៈ​ការ​ពង្រីក​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់ទី​ជនបទ ។

លោក​ជំទាវ​បន្ត​ថា ៖ « ការ​ទទួល​បាន​កម្ចី​ទាំងនេះ​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ក្រីក្រ​មាន​ដើមទុន​ក្នុង​ការ​ប្រកប​អាជីវកម្ម ហើយ​ក៏​ផ្តល់​លទ្ធភាព​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ពង្រីក​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ផង​ដែរ ។ ដូច្នេះ បាន​បង្កើត​ការងារ​ជា​ច្រើន​ដល់​ប្រជាជន​នៅ​ជនបទ ។ ដោយសារ​តួនាទី​ដ៏​សំខាន់​នេះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិស័យ​ចម្បង​ដែល​គាំទ្រ​ដល់​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា » ។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​ពេញវ័យ​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ មាន​ប្រមាណ​៥៤%​នៃ​ប្រជាពលរដ្ឋ​ពេញវ័យ​សរុប ធៀប​នឹង​ប្រមាណ​១៧%​កាលពី​ទសវត្សរ៍​មុន ។

លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា បន្ត​ថា ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​មីក្រូ ហិរញ្ញវត្ថុ វិស័យ​នេះ​ក៏​ប្រឈម​នឹង​ហានិភ័យ​កើនឡើង​ផង​ដែរ ដែល​ទាមទារ​ឲ្យ​ភាគីពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​ក្នុង​ការ​រក្សា​ការ​អភិវឌ្ឍ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ឲ្យ​មាន​និរន្តរភាព ។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឲ្យ​ដឹងផង​ដែរ​ថា កម្ចី​មិន​ដំណើរការ (NPL) បង្ហាញ​ពី​ការ​កើនឡើង​ពី​១,៤៦%​កាលពី​ត្រីមាស​ទី​២ ដល់​១,៤៨%​នៅ​ដំណាច់ត្រីមាស​ទី​៣​ឆ្នាំ​នេះ ។

លោក ស៊ី​ម សេនា​ជាតិ អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បានឱ្យ​ដឹង​ថា យើង​សង្កេត​ឃើញ​ថា កម្ចី​សង​ត្រឡប់​មិន​ទាន់​ពេល​មានការ​កើនឡើង ប៉ុន្តែ​មាន​កំណើន​តិចតួច ដែល​ស្ថិត​ក្នុង​រង្វង់​អាច​គ្រប់គ្រង​បាន ហើយ​ឥណទាន​ជា​ទូទៅ​នៅ​តែ​ដំណើរការ​ល្អ​ប្រសើរ​នៅឡើយ ពោល​គឺ​តម្រូវការ​ឥណទាន​នៅ​តែ​កើនឡើង ដោយសារ​ស្ថានភាព​អាកាសធាតុ​ឆ្នាំ​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ធៀប​នឹង​ឆ្នាំ​មុន ។

លោក​បន្ត​ថា ៖ « ជា​ទូទៅ ឥណទាន​របស់​យើង​ឲ្យ​ប្រជាជន​ខ្ចី គឺ​ដើម្បី​ឲ្យ​ពួក​គេ​បង្កើត​ឬ​ពង្រីក​មុខរបរ ឬ​យក​ទៅ​ធ្វើ​កសិកម្ម ហើយ​បើ​ប្រជាជន​មិន​ចំណេញ​ទេ ពួក​គេ​មិន​អាច​ពង្រីក​មុខរបរ និង​មិន​អាច​សង​ត្រឡប់​បាន​ឡើយ ។ ឥណទាន​បាន​រួមចំណែក​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងស្រុក ព្រោះ​បើ​គ្មាន​ឥណទាន​ពី​គេ គឺ​មិន​អាច​បង្កើត​មុខរបរ​នោះ​ទេ តែបើ​ពួក​គេ​ទទួល​បាន​ឥណទាន ពួក​គេ​អាច​ទទួល​បាន​ចំណូល​តាម​រយៈ​ការ​បង្កើត​មុខរបរ និង​បង្កើត​ការងារ​បាន » ។

ទោះជា​យ៉ាងណា សេដ្ឋវិទូ​កម្ពុជា​បាន​ព្រមាន​ពី​ការ​រីក​ចម្រើន និង​របៀប​នៃ​ការ​ប្រើប្រាស់​ឥណទាន​របស់​ប្រជាពលរដ្ឋ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា អ្វី​ដែល​ត្រូវ​សួរ​គឺថា តើ​ការ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​បាន​ផលប្រយោជន៍​អ្វី​ត្រឡប់​មក​វិញ​។ បើ​ឲ្យ​ខ្ចី​មាន​លទ្ធភាព​សង​វិញ ទើប​មាន​ប្រយោជន៍ ។ ដូច្នេះ យើង​ត្រូវ​ពិនិត្យ​មើលទៅ​លើ​ទិដ្ឋភាព​មួយ​ចំនួន​ដូច​ជា ទី​១ វិស័យ​នេះ​ធំ​ទៅ​ៗ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​បារម្ភ ព្រោះ​វា​កាន់តែ​មាន​ឥទ្ធិពល​ធំធេង​ដល់​សេដ្ឋកិច្ចជាតិ ។ ទី​២ តើ​ឲ្យ​ខ្ចីប្រាក់​ទៅ​អ្នក​ណា សកម្មភាព​របស់​អ្នក​ទទួល​បាន​ឥណទាន​មាន​ភាព​ជឿនលឿន​ឬទេ និង​ទី​៣ ប្រសិនជា​ផ្តល់​កម្ចី​ដល់​វិស័យ​កសិកម្ម ដែល​ឥណទាន​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ តើ​ធ្វើស្រែ​ចំណេញ​ឬទេ បើ​វិស័យ​កសិកម្ម​មាន​ប្រាក់​ចំណេញ​តិច​រួច​ទៅ​ហើយ ។

លោក​បណ្ឌិត​បន្ត​ថា ៖ « មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​លឿន ដោយសារ​គម្លាត​គ្នា​ខ្លាំង​នៃ​អត្រា​ការ​ប្រាក់ ដែល​ទុន​យក​ពី​ក្រៅ​មាន​អត្រា​ការ​ប្រាក់​ត្រឹម​១%​ឬ​២% ប៉ុន្តែ​ពេល​យក​មក​ប្រើប្រាស់​នៅ​កម្ពុជា មាន​អត្រា​ខ្ពស់​រហូត​ដល់​ជាង​២០% ។ វា​ប្រៀប​ដូច​ជា​ការ​គាបសង្កត់​យក​ប្រាក់​ដោយ​ប្រយោល​ពី​ប្រជាពលរដ្ឋ » ៕