ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណោតចុះពីភ្នំដាំផ្កាមកខាងត្បូង ដែលស្ថិតក្នុង ភូមិចារថ្មី និងភូមិ ព្រៃខ្មែរ ក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ មានតូបលក់ដូរជាច្រើនកន្លែង ដែលដាក់តាំងលក់កសិផលគ្រប់ប្រភេទទៅតាមរដូវកាល។ កន្លែងលក់កសិផល មួយនេះ កាលដើមឡើយគឺជាកន្លែង ភ្ញៀវឈប់បន្ទោរបង់សោះ តែយូៗទៅ បានប្រែក្លាយជាកន្លែងលក់ដូរជាប្រចាំនូវមុខទំនិញ ដែលបានមកពីកសិផលគ្រប់ប្រភេទ ហើយក៏បានធ្វើឲ្យប្រជាពលរដ្ឋ ដែលបានចាប់យកមុខរបរបន្ទាប់បន្សំនេះ បានប្រែក្លាយជីវភាពមួយកម្រិតផងដែរ។
ស្ត្រីឈ្មោះ ចាន់ ថន ដែលបានប្រកបរបរនេះ៥ឆ្នាំកន្លងទៅ បានឲ្យដឹងថា គាត់មានលក់ដំឡូងគ្រប់ប្រភេទ មានលក់ចេកឆាប ត្រសក់ផ្អែម ត្រសក់ស្រូវ និងឪឡឹកជាដើម ទៅតាមរដូវកាល។ មុនពេលគាត់ចាប់នូវមុខរបរនេះ គាត់គឺជាកម្មករ ដែលមានជីវភាពមិនសូវល្អប៉ុន្មានទេ តែក្រោយពីចាប់មុខរបរនេះ គាត់មានជីវភាពល្អមួយកម្រិតអាចទប់ទល់ ឲ្យកូនរៀនបាន ។ គាត់សូមអំពាវនាវឲ្យ អ្នកធ្វើដំណើរតាមដងផ្លូវនេះ មេត្តាជួយឈប់រថយន្តសម្រាកលំហែកាយ និងទិញទំនិញ ជាកសិផល ដែលជារបស់ខ្មែរយើងពិតៗ និងគ្មានជាតិគីមីឡើយ។
លោកយាយ ស៊ិន សង មានប្រសាសន៍ប្រហាក់ប្រហែលគ្នាដែរថា ចាប់តាំងពីលក់ដូរ នៅតាមដងផ្លូវនេះឃើញថា អាចទប់ទល់ជីវភាពបានមួយរស់ៗដែរ និងអាចទៅធ្វើបុណ្យទាននៅវត្តបាន តែឲ្យសល់ធ្វើមានបាន គឺមិនសល់ទេ។ របស់គាត់លក់មានដូចជាឪឡឹក ត្រសក់ស្រូវ ដំឡូងជាដើម គឺគ្មានគីមីទេ ព្រោះដាំខ្លួនឯង គាត់គ្រាន់តែដាក់អាចម៍គោ តែប៉ុណ្ណោះ គាត់ក៏សូមអំពាវនាវឲ្យអ្នកដំណើរឈប់រថយន្ត ជួយទិញ ទំនិញកសិផលជារបស់ខ្មែរដែរ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត កំពង់ឆ្នាំងបានឲ្យដឹងដែរថា និយាយជារួម តំបន់គោលដៅ ដែលផលិតផលបានមកពីក្នុងតំបន់របស់គាត់ ដូចជាស្រុករលាប្អៀរ គាត់ប្រមូលទិញមកដាក់លក់ ទីផ្សារ នៅទីនោះគឺល្អ ហើយបញ្ហាគីមី ដូចជាមិនមានទេ ព្រោះអ្នកធ្វើដំណើរតាមផ្លូវនោះ គេចូលចិត្តទិញរបស់នៅទីនោះ មានដូចជាដំឡូង ចេកឆាប ដំឡូងឆាប ជាដើម ថ្វីបើថ្លៃបន្តិចមែន តែមានអ្នកចូលចិត្តឈប់ទិញ។
ផលិតផល របស់ពួកគាត់បើមិនលក់នៅទីនោះទេវាថោក ដូចជាដំឡូងជ្វា គាត់លក់១០គីឡូ ក្រាម ថ្លៃ១៥.០០០រៀល ប៉ុន្តែបើក្នុងភូមិគាត់លក់បាន១០គីឡូបានតែ៧ទៅ៨ពាន់រៀលប៉ុណ្ណោះ ។ សូមបញ្ជាក់ផងដែរថា ការដាក់លក់ទំនិញ បានមកពីកសិផល នៅទីនោះ គឺលក់ជាប្រចាំ ពី១ឆ្នាំ ទៅ១ឆ្នាំ តែមានតាមរដូវកាល របស់វា ដូចជាខែនេះ ផុតត្រសក់ស្រូវ ចូលដល់ដំឡូងមីជាដើម៕
ចែករំលែកព័តមាននេះ