ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ TPP យល់ព្រម​បន្ត​កិច្ចព្រមព្រៀង​ទោះជា​លោក Trump ប្រឆាំង​ក្តី

7 ឆ្នាំ មុន

អ្នកដឹកនាំ​ប្រទេស​ទាំង​១២ ដែល​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) បាន​យល់​ស្រប​កាលពី​ថ្ងៃ​សៅរ៍​ថា នឹង​ចាត់វិធានការ​ដើម្បី​អនុម័ត​កិច្ចព្រមព្រៀង​នេះ ។

អ្នកដឹកនាំ​ប្រទេស​ទាំង​១២ ដែល​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) បាន​យល់​ស្រប​កាលពី​ថ្ងៃ​សៅរ៍​ថា នឹង​ចាត់វិធានការ​ដើម្បី​អនុម័ត​កិច្ចព្រមព្រៀង​នេះ ។

ឧត្តមមន្ត្រី​របស់​ប្រទេស​ជប៉ុន​ម្នាក់​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង Lima អ្នកដឹកនាំ​របស់​ប្រទេស​ខាងលើ​បាន​បញ្ជាក់​ពី​គោលបំណង ឈាន​ដល់​ការ​ផ្តល់​សច្ចាប័ន និង​ដំណើរការ​ផ្សេង​ទៀត​ក្នុងស្រុក​ដើម្បី​ឲ្យ TPP ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នេះ​អាច​ដំណើរការ​បាន ។

ប៉ុន្តែ​មន្ត្រី​ខាងលើ​និយាយ​ថា ទោះជា​វា​មិន​ទាន់​ច្បាស់​នៅឡើយ​ថា តើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នឹង​អាច​នៅ​បន្ត​ក្រោម​រដ្ឋាភិបាល​ថ្មី​របស់​លោក Donald Trump ក្តី អ្នកដឹកនាំ​ទាំងនោះ​ក៏​មិន​បាន​ពិភាក្សា​ពី​លទ្ធភាព​អនុវត្ត​វា​ដោយ​គ្មាន​ការ​ចូលរួម​ពី​សហរដ្ឋអាមេរិក​ឡើយ ។

លោក​ប្រធានាធិបតី Barack Obama បាន​ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​នឹង​បន្ត​ខិតខំ​ដើម្បី​ទទួល​បានការ​បើកផ្លូវ​ពី​សភា បើ​ទោះជា​លោក Trump សន្យា​ថា នឹង​កម្ចាត់​កិច្ចព្រមព្រៀង​នេះ​ចោល​ក្តី ។

ចំណែក​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ថ្លែង​ថា ៖ « ប្រសិនបើ​ពួក​យើង​បញ្ឈប់​ដំណើរការ​ក្នុងស្រុក​នោះ TPP នឹង​ត្រូវ​បាន​បំភ្លេច​ចោល​ទាំងស្រុង​ជា​មិន​ខាន ។ វា​នឹង​ធ្វើ​ឲ្យ​ពិបាក​សម្រាប់​ពួក​យើង​ក្នុង​ការ​ទប់ទល់​នឹង​គំនិត​ការពារ​និយម » ។

នៅ​មិន​ទាន់​ច្បាស់​ទេ​ថា តើ​ការ​ដែល​អ្នកដឹកនាំ​ទាំងនោះ​បន្ត​តស៊ូ​ដើម្បី TPP អាច​នឹង​ផ្លាស់​ប្តូរ​គំនិត​ប្រឆាំង​នឹង​សកលភាវូបនីយកម្ម​របស់​លោក Donald Trump ដូចដែល​លោក​បាន​បង្ហាញ​ក្នុងអំឡុងពេល​យុទ្ធនាការ​បោះ​ឆ្នោត​ដែរ​ឬទេ ។

ជ័យជម្នះ​របស់​លោក Trump កាលពី​ថ្ងៃ​ទី ៨ វិច្ឆិកា កន្លង​មក បាន​បំផ្លាញ​រាល់​ក្តី​សង្ឃឹមថា​សភា​អាច​នឹង​បោះ​ឆ្នោត​សម្រេច​លើ TPP មុន​ពេល​លោក Obama ចាក​ចេញពី​តំណែង​នា​ខែមករា ផង​ដែរ ។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ស្នើ​ថា ប្រទេស​ជា​សមាជិក TPP ផ្សេង​ទៀត​គួរតែ​បន្ត​សម្រេច​កិច្ចព្រមព្រៀង​នេះ ដោយ​គ្មាន​ការ​ចូលរួម​ពី​សហរដ្ឋអាមេរិក។

ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លោក John Key និង​អ្នកមួយ​ចំនួន​ទៀត​អះអាង​ថា សហរដ្ឋអាមេរិក​ពិតជា​សំខាន់​ណាស់ ។ លោក Key ថ្លែង​ថា ៖ « លោក​គិត​ថា លោក Trump អាច​នឹង​ត្រូវ​បាន​បញ្ចុះបញ្ចូល​ឲ្យ​យល់​ស្រប​នឹង​កិច្ចព្រមព្រៀង​នេះ ប្រសិនបើ​ភាគី​ដទៃ​មានគំនិត​ច្នៃប្រឌិត​ជាង​នេះ​បន្តិច » ៕