អ្នករកស៊ីអង្ករមួយរូប បានឲ្យដឹងថា ការប្រកាសបញ្ឈប់ការនាំចូលអង្កររបស់ឥណ្ឌូនេស៊ី នៅឆ្នាំក្រោយ គឺមិនប៉ះពាល់ដល់តម្លៃ និងទីផ្សារអង្ករកម្ពុជាឡើយ ប៉ុន្តែវាអាចប៉ះទីផ្សារស្រូវ ។
រូបតំណាងដោយ AI ប្រភពដែលមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា ទីផ្សារអង្ករកម្ពុជានៅឥណ្ឌូនេស៊ីតិចតួចទេ ប៉ុន្តែវាអាចប៉ះដល់ស្រូវខ្លះពីព្រោះយើងនាំចេញ ឬកសិករយើងលក់ស្រូវឲ្យឈ្មួញវៀតណាម ដែលពួកគេអាចកិនអង្ករយកទៅលក់នៅឥណ្ឌូនេស៊ី ។
លោកបានបន្តថា ឥណ្ឌូនេស៊ី ជាទីផ្សារធំនៃអង្ករវៀតណាម ។ ដូច្នេះបើឥណ្ឌូនេស៊ីបិទការនាំចេញអង្ករវៀតណាមក៏មានបញ្ហាដែរ ។ ប៉ុន្តែសម្រាប់កម្ពុជាមិនជាបញ្ហាលើកលែងតែមានការប្រែប្រួលនៅទីផ្សារអឺរ៉ុប និងបណ្តាប្រទេសទីផ្សារធំៗផ្សេងទៀត ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានវៀតណាម VNA បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានច្រានចោលសំណើពីក្រសួងឧស្សាហកម្ម សុំនាំចូលអង្ករជាង៣៨ ម៉ឺនតោន សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មនៅឆ្នាំក្រោយ ដោយសារតែឥណ្ឌូនេស៊ីនៅឆ្នាំនេះ កសិករអាចប្រមូលផលស្រូវ និងកិនអង្ករបានច្រើនគ្រប់គ្រាន់ ។
យោងតាមទិន្នន័យផ្លូវការ នៅឆ្នាំ២០២៥នេះ ឥណ្ឌូនេស៊ីរំពឹងថា អាចសល់អង្ករនៅក្នុងស្រុកជិត៣៥លានតោន កើនឡើង១៣,៥៤ភាគរយ ដោយសារអាកាសធាតុអំណោយផល ។ បរិមាណស្តុកនេះ និងទិន្នផលដែលកំពុងតែប្រមូលបន្ត នឹងអាចឲ្យឥណ្ឌូនេស៊ីធានាសន្តិសុខស្បៀងនៅក្នុងប្រទេសបាន នៅឆ្នាំក្រោយ ៕
ចែករំលែកព័តមាននេះ