ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB អះអាង​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឥណ្ឌូ​ណេ​ស៊ី

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អនុប្រធាន​ធនាគារពិភពលោក World Bank សម្រាប់​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ក លោកស្រី Victoria Kwakwa បាន​អះអាង​ជា​ថ្មី​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​នឹង​បន្ត​ផ្តល់​ជំនួយ

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អនុប្រធាន​ធនាគារពិភពលោក World Bank សម្រាប់​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ក លោកស្រី Victoria Kwakwa បាន​អះអាង​ជា​ថ្មី​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ទទួល​បានការ​លូតលាស់​សេដ្ឋកិច្ច​កាន់តែ​ខ្ពស់ និង​រុងរឿង​សម្រាប់​ប្រជាជន​ប្រមាណ​២៥០​លាន​នាក់​ក្នុង​ប្រទេស​នេះ ។

ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី លោកស្រី Kwakwa បាន​ជួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី Jusuf Kalla និង​គណៈរដ្ឋមន្ត្រី​ជា​ច្រើន​ទៀត ។ លោកស្រី​ក៏​បាន​ជួប​ជាមួយ​អ្នកតំណាង​សង្គម​ស៊ី​វិល អ្នក​ផ្តល់​យោបល់​ផ្នែក​សង្គម វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផង​ដែរ ។

លោកស្រី Kwakwa បាន​ពិភាក្សា​ពី​បញ្ហា​ជា​ច្រើន​រួម​មាន កំណែទម្រង់​របស់​រដ្ឋាភិបាល​ដើម្បី​ទទួល​បានការ​លូតលាស់​ខ្ពស់​ជាង​មុន តាម​រយៈ​ស្ថិរភាព​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច កំណែទម្រង់​រចនាសម្ព័ន្ធ និង​ផ្តោត​បន្ថែម​លើ​ការ​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស ។

លោកស្រី Kwakwa ថ្លែង​ថា ៖ « ដំណើរការ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​ម៉ាក្រូសេដ្ឋកិច្ច និង​ការ​ធ្វើ​ឲ្យ​ល្អ​ជាង​មុន​នៃ​បរិស្ថាន​អាជីវកម្ម នឹង​ជួយ​ឱ្យ​ប្រទេស​នេះ​ទទួល​បាន​គោលដៅ​លូតលាស់​របស់​ខ្លួន ខណៈ​មាន​ភាព​អន់​ថយ​ក្នុង​ពិភពលោក ។ ឥណ្ឌូ​ណេ​ស៊ី​នឹង​ក្លាយជា​ឧទាហរណ៍​មួយ​ដ៏​ល្អ​សម្រាប់​ការ​ធ្វើ​កំណែទម្រង់​គោលនយោបាយ​ផង​ដែរ » ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី រវាង​ថ្ងៃ​ទី​១៣-១៨ វិច្ឆិកា កន្លង​មក លោកស្រី​ក៏​បាន​ទៅ​កាន់ Yogyakarta ហើយ​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក​ពី​វិធី​ដែល​សហគមន៍ និង​អាជ្ញាធរ​ក្នុងស្រុក​សហការ​ជាមួយ​គ្នា​ដើម្បី​បង្កើន​ភាព​ងាយស្រួល​នៃ​សេវាកម្ម​មូលដ្ឋាន ។ សេវាកម្ម​ទាំងនោះ​រួម​មាន សុខាភិបាល ទឹក​ស្អាត​និង​អនាម័យ ក៏​ដូច​ជា​ការ​បង្កើត​ស្ថានភាព​រស់នៅ​តាម​តំបន់​អនាធិបតេយ្យ ។

គម្រោង​ទាំងនោះ​ត្រូវ​បាន​គិត​ថា មាន​ប្រសិទ្ធភាព​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ធំ​ៗ​ដែល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កំពុង​តែ​ជួប​ប្រទះ គឺ​បញ្ហា​កង្វះ​ជីវជាតិ​ពី​កុមារភាព ។

World Bank កត់​សម្គាល់ថា ឥណ្ឌូ​ណេ​ស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ជំងឺ​ក្រិន​ច្រើន​ជាងគេ​លើ​លោក ដោយ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ប្រមាណ​៩​លាន​នាក់​មាន​ជំងឺ​នេះ ៕