ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​-​កីឡាការិនី​ជាង​១​ពាន់​នាក់​ចូលរួម​ប្រកួត​​កីឡា​ឧត្តម​សិក្សា​និង​មធ្យមសិក្សា​បច្ចេក​ទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ក្របខណ្ឌ​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ឆ្នាំ​២០២២​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ក្របខណ្ឌ​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ឆ្នាំ​២០២២​គ្រោង​បើក​ដំណើរ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២១ មិថុនា ខាង​មុខ​នេះ​ហើយ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​មិថុនា នៅ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​។

ការ​ប្រកួត​កីឡា​ក្រប​ខណ្ឌ​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស ឆ្នាំ​២០២២ មាន​កីឡាករ​-​កីឡាការិនី​មក​ពី​តាម​គ្រឹះស្ថានឧត្តមសិក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​រាជធានី ខេត្ត​ចំនួន​៣៨​សរុប​កីឡាករ​កីឡាការិនី​មាន​ចំនួន​១៤៤៣​នាក់ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​១២​ផង​ដែរ​។ ការ​ប្រកួត​ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ​នេះ ត្រូវ​បាន​ដាក់​១២​ប្រភេទ​កីឡា​ឱ្យ​ប្រកួត​រួម​មាន​៖​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែល​ទឹក វាយ​កូន​ឃ្លី​លើ​តុ វាយ​សី តេ​ក្វា​ន់ដូ​WT តេ​ក្វា​ន់​ដូ​ITF កា​រ៉ា​តេ និង​សី​ប៉ាក់​តា​ក្រ ចំណែក​វិញ្ញាសា​ប្រកួត​សរុប​ចំនួន​៨៨ ។ សម្រាប់​ការ​រៀបចំ​ដំណើរការ​ប្រកួត​នេះ​ទៀត​ជា​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ត្រូវ​ចំណាយ​សរុប​ជាង​១​ពាន់​លាន​រៀល​។

លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​កម្មវិធី​ប្រកាស​បើក​ការ​ប្រកួត​កីឡា​ក្រប​ខណ្ឌ​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ឆ្នាំ​២០២២​បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។

លោក​បាន​បន្ត​ថា ទី​១-ក្រសួង​អប់រំ យុវជន និង​កីឡា ចង់ឱ្យ​និស្សិត​ដែល​បាន​សិក្សា​ពេញ​ម៉ោង​មានឱកាស​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ជ្រើសរើស​អ្នក​ដែល​មាន​ទេពកោសល្យ​តំណាង​ឱ្យ​ជាតិ​ចូលរួម​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អន្តរជាតិ​។ ទី​២​-ផ្ដល់​លទ្ធភាព​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​យក​ការ​ប្រកួត​ជា​ការដ្ឋាន​អនុវត្ត​ការងារ​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ។ ទី​៣-ផ្ដល់​ឱកាស​ឱ្យ​មន្ត្រី​បច្ចេក​សហព័ន្ធ​កីឡា​ជាតិ បាន​បណ្ដុះបណ្ដាល ហើយ​បាន​អនុវត្ត​ការងារ​ជាក់ស្ដែង ដើម្បី​ទទួល​បាន​ចំណះ​ដឹង និង​បទ​ពិសោធន៍ និង​ទី​៤​លើកកម្ពស់​គុណភាព​នៃ​ការ​រៀបចំ​ការ​ប្រកួត​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​អនុ​រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា រូប​នេះ​បាន​ផ្ដាំផ្ញើ​ទៅ​ដល់​មន្ត្រី​បច្ចេកទេស​ទាំងអស់​ដែល​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​-​និស្សិត​ឧត្តម​សិក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​ឆ្នាំ​២០២២ ត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​បំផុត​ក្នុង​ការ​បំពេញការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ