ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​ចិន​ព្រមាន​លោក Donald Trump

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ សារព័ត៌មាន​រដ្ឋ​របស់​ចិន​បាន​ព្រមាន​ដល់​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋអាមេរិក លោក Donald Trump កាលពី​ថ្ងៃ​សៅរ៍ ទាក់ទិន​នឹង​គំនិត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​អាស៊ី ។

ប្រទេស​ចិន ៖ សារព័ត៌មាន​រដ្ឋ​របស់​ចិន​បាន​ព្រមាន​ដល់​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋអាមេរិក លោក Donald Trump កាលពី​ថ្ងៃ​សៅរ៍ ទាក់ទិន​នឹង​គំនិត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​អាស៊ី ។ អ្នកដឹកនាំ​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​ជួបជុំ​ក្នុង​កិច្ចប្រជុំ និង​ភ័យ​ខ្លាច​ថា គំនិត​ការពារ​និយម​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ពិភពលោក ។

ក្នុងអំឡុងពេល​យុទ្ធនាការ​បោះ​ឆ្នោត លោក Trump បាន​បង្កើន​ការ​ព្រួយបារម្ភ​របស់​មនុស្ស​ជា​ច្រើន​ទាក់ទិន​នឹង​ដៃគូ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក និង​សន្យា​ថា នឹង​ចរចា​ជា​ថ្មី​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងនោះ​រួម​មាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​អា​មេ​រិ​ក​ខាងជើង  (NAFTA) ក៏​ដូច​ជា​នឹង​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ដទៃ ដូច​ជា​ចិន​ជាដើម ។

ភ្នាក់ងារ​សារព័ត៌មាន​ចិន Xinhua បាន​និយាយ​ក្នុង​ការ​បញ្ចេញមតិ​កាលពី​ថ្ងៃ​សៅរ៍​ថា ៖ « ការ​ប្រែក្លាយ​ពាក្យ​សន្យា​របស់​លោក​ក្នុងអំឡុងពេល​ធ្វើ​យុទ្ធនាការ​ទៅ​ជា​គោល​នយោ​បាយ​ពិតប្រាកដ​នោះ អាច​នឹង​កម្ទេច​ក្តី​សង្ឃឹមថា អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នឹង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ពួក​គេ​ចង់បាន​យ៉ាង​ខ្លាំង » ។

សារព័ត៌មាន​នេះ​បន្ថែម​ថា ៖ « ជាង​នេះ​ទៀត វា​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​របស់​លោក និង​ប្រទេស​ដទៃ​លើ​ពិភពលោក​នេះ​ធ្លាក់​ចូល​ក្នុង​ភាព​អន់​ថយ​នៃ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ឡើង» ។

Xinhua ក៏​បាន​និយាយ​ថា ការ​មិន​មាន​ប្រទេស​ចិន​ក្នុង​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (TPP) មិនមែន​ដើម្បី​ជំរុញ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​វា​ជា​យុទ្ធសាស្ត្រ​មួយ​របស់​លោក Barack Obama ដើម្បី​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​បន្ត​ជា​អ្នកដឹកនាំ​ក្នុង​តំបន់​នោះ ។

បើ​ទោះជា​លោក Obama ប្រើប្រាស់ TPP ជា​ឧបករណ៍​មួយ​ដើម្បី​ទប់ទល់​នឹង​ការ​ងើបឡើង​របស់​ប្រទេស​ចិន​ក្តី ក៏​រដ្ឋាភិបាល​របស់​លោក​នា​ពេល​បច្ចុប្បន្ន​នេះ​ឈប់​ព្យាយាម​ជំរុញ​ឲ្យ​មានការ​អនុញ្ញាត​ពី​សភា​លើ​កិច្ចព្រមព្រៀង​នេះ ។

លោក Xi ក៏​កំពុង​តែ​លើកតម្កើង​កិច្ចព្រមព្រៀង​ជំនួស TPP គឺ​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​យោគយល់​ក្នុង​តំបន់ (RCEP) ដែល​គ្មាន​ការ​ចូលរួម​ពី​សហរដ្ឋអាមេរិក ។

សារព័ត៌មាន​ខាងលើ ក៏​បាន​ព្រមាន​ដល់​លោក Trump ទាក់ទិន​នឹង​គំនិត​ឯកោ​និយម និង​គំនិត​ជ្រៀតជ្រែក​និយម ហើយ​បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​មក​សហការ​យ៉ាង​សកម្ម​ជាមួយ​ប្រទេស​ចិន ដើម្បី​រក្សា​ស្ថានភាព​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន ។

Xinhua បន្ថែម​ថា ៖ « អាជីវករ​ក្លាយជា​អ្នកនយោបាយ​ម្នាក់​នេះ​ត្រូវ​តែ​បង្ហាញ​ថា លោក​មិនមែន​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក ព្រោះតែ​លោក​ចង់​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ខូចខាត​នោះ​ទេ » ៕