ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF Suzuki Cup 2016 ៖ គោព្រៃ​កម្ពុជា ចាញ់​ខ្លា​ម៉ា​ឡេ​ស៊ី 2-3 ទាំង​មិន​អស់ចិត្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​មាន​រហស្សនាម​ថា​«​គោព្រៃ​កម្ពុជា​» បាន​បាត់បង់​អស់​៣​ពិន្ទុ​សម្រាប់​ថ្ងៃ​បើក​ឆាកពូ​ល B នៃ​ពានរង្វាន់ AFF Suzuki Cup 2016 បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​

រាជធានី​ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​មាន​រហស្សនាម​ថា​«​គោព្រៃ​កម្ពុជា​» បាន​បាត់បង់​អស់​៣​ពិន្ទុ​សម្រាប់​ថ្ងៃ​បើក​ឆាកពូ​ល B នៃ​ពានរង្វាន់ AFF Suzuki Cup 2016 បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី​ដែល​មាន​រហស្សនាម​ថា «​ខ្លា​ម៉ា​ឡេ​ស៊ី​» ដោយ​លទ្ធផល ២-៣ ក្នុង​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​កីឡដ្ឋាន​Thuwunna ក្នុង​ទីក្រុង Yangon ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ប៉ុន្តែ​ជម្នះ​របស់​ក្រុម​ខ្លា​ម៉ា​ឡេ​ស៊ី​ទទួល​បាន​ដោយ​ភាព​តានតឹងបំផុត ដោយសារ​ក្រុម​គោព្រៃ​កម្ពុជា​រកបាន​គ្រាប់​បាល់​នាំមុខ​ចំនួន​២​លើក​មុន ។

នៅ​តង់​ទី​១  កីឡាករ ចាន់ វឌ្ឍនាកា ដែល​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​គោព្រៃ​កម្ពុជា​បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ខ្លា​ម៉ា​ឡេ​ស៊ី ១​គ្រាប់​នៅ​នាទី​ទី​៨ មុន​នឹង​កីឡាករ​Syazwan Zainon ជួយ​ក្រុម​ម៉ា​ឡេ​ស៊ី​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៣៧ ។

ឈាន​ចូល​តង់​ទី​២ ខ្សែប្រយុទ្ធ​ឆ្នើម​មក​ពី​ក្លិប​បឹង​កេ​ត​អង្គរ​ដែល​មាន​រហស្សនាម​ថា «​ម៉ា​ស៊ី​ន​ផលិត​គ្រាប់​បាល់​-Goal Maker Machine» ចាន់ វឌ្ឍនាកា ដដែល បាន​ជួយ​ក្រុម​គោព្រៃ​កម្ពុជា​នាំមុខ ២-១ ជា​ថ្មី​លើ​ក្រុម​ខ្លា​ម៉ា​ឡេ​ស៊ី​នៅ​នាទី​ទី​៥៩ ធ្វើ​ឱ្យ​ស្ថានការណ៍​ប្រកួត​នៅ​លើ​សមរភូមិ​វាលស្មៅ​មួយ​នេះ​កាន់តែ​ឡើង​កម្ដៅ​ទ្វេ​ដង ។

ជា​ពិសេស​ក្រុម​ខ្លា​ម៉ា​ឡេ​ស៊ី​ដែល​គ្មាន​ប្រវត្តិ​ចាញ់​ក្រុម​គោព្រៃ​កម្ពុជា​ទាល់តែ​សោះ​ក្នុង​ជំនួប​៤​លើក​នា​ពេល​កន្លង​មក​នោះ ពេល​ក្រុម​មួយ​នេះ​អាច​រក​គ្រាប់​បាល់​នាំមុខ​ម្ដង​ហើយ​ម្ដងទៀត​បែប​នេះ ធ្វើ​ឱ្យ​ក្រុម​គេ​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង​ក៏​បើក​ការ​លេង​សម្រុក​ក្នុង​លក្ខណៈ​«​ដាច់​ជើង​ចោល​» ។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​បណ្ដាល​ឱ្យ​ក្រុម​គោព្រៃ​កម្ពុជា​ដែល​មិន​ចង់​លេង​ទប់​នោះ​មាន​ចន្លោះ​ប្រហោង​នៅ​តំបន់​ការពារ​ទើប​បណ្ដោយ​ឱ្យ​កីឡាករ Amri Yahyah របស់​ក្រុម​ខ្លា​ម៉ា​ឡេ​ស៊ី រកបាន​គ្រាប់​បាល់​នាំមុខ​ក្រុម​ខ្លួន​៣-២ វិញ​នៅ​នាទី​ទី​៦៩ និង​៨០ ហើយ​លទ្ធផល​ចាញ់​ទាំង​មិន​អស់ចិត្ត​របស់​ក្រុម​គោព្រៃ​កម្ពុជា​នេះ​បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​ពេញ​ម៉ោង​តែ​ម្ដង ។

ក្រុម​ខ្លា​ម៉ា​ឡេ​ស៊ី ជា​បណ្ដោះអាសន្ន​ពេល​នេះ​កំពុង​ឈរ​នៅ​កំពូល​តារាង​ពូ​ល​B ដោយ​មាន​៣​ពិន្ទុ​ក្នុង​ដៃ រីឯ​ក្រុម​គោព្រៃ​កម្ពុជា​ក៏​មិន​ទាន់​អស់សង្ឃឹម​ដែរ ដោយសារ​នៅ​សល់​២​ប្រកួត​ទៀត​ដែល​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា និង​ជួប​ក្រុម​វៀតណាម​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ក្នុង​ពេល​ទម្រង់​លេង​របស់​ក្រុម​គោព្រៃ​កម្ពុជា​នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​រីក​ចម្រើន​ជាង​មុន ។

គួរ​បញ្ជាក់​ថា ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ាដែល​ត្រូវ​ជួប​ក្រុម​គោព្រៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ស្អែក​នេះ បាន​ចាញ់​ក្រុម​វៀតណាម១-២​ក្នុង​ថ្ងៃ​បើក​ឆាក​ប្រកួត​ដំបូង​របស់​ខ្លួន​ផង​ដែរ​៕