ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះបង់​កិច្ចព្រមព្រៀង TPP អាច​នឹង​ជួយ​ដល់​ប្រទេស​ថៃ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Somkid Jatusripitak និយាយ​ថា ប្រទេស​ថៃ​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង​ការ​ប៉ះពាល់ ប្រសិនបើ​លោក​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​បោះបង់​

ប្រទេស​ថៃ ៖ ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Somkid Jatusripitak និយាយ​ថា ប្រទេស​ថៃ​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង​ការ​ប៉ះពាល់ ប្រសិនបើ​លោក​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​បោះបង់​ចោល​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ។

លោក Somkid បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា ៖ « លក្ខខណ្ឌ​របស់ TPP ពិតជា​តឹង​រឹ​ុ​ង​ណាស់ ជា​ពិសេស វា​ស្នើ​ឲ្យ​មានការ​បើក​ទូលាយ​ក្នុង​ផ្នែក​កសិកម្ម និង​ឱសថ ដែល​អាច​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​ក្នុង​ប្រទេស​ថៃ​។ រដ្ឋាភិបាល​ថៃ​នៅ​តែ​ត្រួតពិនិត្យ​យ៉ាង​ដិត​ដល់​លើ​គោលនយោបាយ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump របស់​សហរដ្ឋអាមេរិក » ។

គួរ​បញ្ជាក់​ថា ប្រទេស​ទាំង​១២ ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​កបាន​សម្រេច​កិច្ចព្រមព្រៀង TPP កាលពី​ថ្ងៃ​ទី​៥ តុលា ឆ្នាំ​មុន ដោយ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេ​រិក ។ សេដ្ឋកិច្ច​របស់​សមាជិក TPP ស្មើនឹង​៤០%​នៃ​ពាណិជ្ជកម្ម​ពិភពលោក ជាមួយនឹង GDP សរុប​ទាំងអស់​ស្មើនឹង​២៨,៣​ទ្រី​លាន​ដុល្លារ ដែល​តំណាង​៣៨%​នៃ GDP ពិភព​លោក​ផង​ដែរ ។ សមាជិក TPP ទាំង​១២ ស្មើនឹង​៤០%​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ និង​ស្មើ​៤៥%​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ក្នុង​ប្រទេស​ថៃ ។

លោក Somkid បន្ត​ថា ៖ « រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​លើកតម្កើង TPP ក្នុង​ពេល​ដែល​ព្យាយាម​ថ្លឹងថ្លែង​ជាមួយ​ទីផ្សារ​អាស៊ី​។ ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​អនុ​ម័ត វា​អាច​នឹង​បង្ក​ជា​បញ្ហា​សម្រាប់​ការ​នាំ​ចេញ​របស់​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​របស់ TPP ។ ដូច្នេះ ពួក​យើង​គិត​ថា វា​មាន​អត្ថប្រយោជន៍​ជាង បើ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​បំភ្លេច​ចោល​» ។

ប៉ុន្តែ​លោក​អះអាង​ថា ប្រទេស​ថៃ​នៅ​តែ​ចង់​ចូលរួម TPP ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​បន្ត​ប្តេជ្ញា​ថា នឹង​បន្ត​ដំណើរការ​គម្រោង​នេះ ។ លោក​និយាយ​ថា ៖ «ប្រសិនបើ​គ្មាន TPP ទេ​នោះ កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​យោគយល់​ក្នុង​តំបន់ (RCEP) នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក » ។

បច្ចុប្បន្ន​នេះ RCEP គឺជា​ផ្លូវ​មួយ​ក្នុង​ការ​ទទួល​បាន​តំបន់​ពាណិជ្ជកម្ម​សេរី​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ព្រោះតែ​គំនិត​ជំរុញ TPP ក្នុង​សភា​អា​មេ​រិ​ក​ត្រូវ​បាន​សាបរលាប​ទៅ​ហើយ ។

លោក Trump បាន​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ខាងលើ ព្រោះ​លោក​មាន​គោលដៅ​ធ្វើ​តាម​ការ​សន្យា​របស់​លោក គឺ​ប្រមូល​ការងារ​មក​កាន់​សហរដ្ឋអាមេរិក​វិញ ដើម្បី​ជួយ​ដល់​សហគ្រាស​ដែល​បាន​ចាញ់​ក្នុង​ការ​ប្រកួតប្រជែង​ពី​បរទេស​ឲ្យ​ងើបឈរ​វិញ​ផង​ដែរ ។

លោក Somkid និយាយ​ថា ៖ « អាស៊ី​ត្រូវ​តែ​សហការ​គា្ន និង​ពង្រឹង​តួនាទី​ក្នុង​អាស៊ី ។ ខ្ញុំ​ជឿជាក់​ថា សហរដ្ឋអាមេរិក​នឹង​ចាប់អារម្មណ៍​លើ​អាស៊ី​កាន់តែ​ខ្លាំង​ឡើង ប្រសិនបើ​ពួក​យើង​រួបរួម​គ្នា » ។

លោក​បន្ថែម​ថា ប្រសិនបើ​លោក Trump កាត់​បន្ថយពន្ធ​លើ​ប្រាក់​ចំណូល​សហគ្រាស ហើយ​វិនិយោគ​ប្រាក់​១០០​ប៊ី​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ការ​សន្យា​នោះ តម្លៃ​ប្រាក់​ដុល្លារ​អាច​នឹង​កើនឡើង ៕