បរទេស ៖ តម្លៃមាសអន្តរជាតិបានកើនឡើងដល់ទម្លុះតម្លៃ ៣ ៩០០ដុល្លារក្នុង១អោនជាលើកដំបូង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយតម្រូវការកើនឡើង ចំពេលមានការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក គួបផ្សំនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ក៏ដូចជាការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) បន្ថែមទៀត នៅក្នុងខែនេះ។
តម្លៃមាសអន្តរជាតិបានកើនឡើង ១.៤% នៅក្នុងតម្លៃ ៣ ៩៤៩ដុល្លារក្នុង១អោន ឬ ៤ ៧៥៧ដុល្លារក្នុង១តម្លឹង ដែលជាតម្លៃកំណត់ត្រាខ្ពស់បំផុត មុនរក្សាតម្លៃមកនៅត្រឹម ៣ ៩៤០ដុល្លារក្នុង១អោន ឬ ៤ ៧៤៦ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៦ ខែតុលា (ម៉ោងនៅកម្ពុជា)។
មន្ត្រីជាន់ខ្ពស់សេតវិមាន កាលពីថ្ងៃអាទិត្យសប្តាហ៍មុនបានថ្លែងថា រដ្ឋាភិបាលអាមេរិកនឹងចាប់ផ្តើមការបញ្ឈប់បុគ្គលិកជាទ្រង់ទ្រាយធំ ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាធិបតេយ្យ លើការអនុម័តកញ្ចប់ថវិកាសហព័ន្ធ។
អ្នកវិភាគឯករាជ្យ លោក Ross Norman បានលើកឡើងថា មានការព្រួយបារម្ភដែលថា ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចនឹងអូសបន្លាយពេលយូរ ជាមួយផលប៉ះពាល់អវិជ្ជមានលើកំណើនសេដ្ឋកិច្ចរបស់អាមេរិក។
តម្លៃមាសអន្តរជាតិបានកើនឡើងជិត ៥០% រហូតមកទល់ពេលនេះ ដែលត្រូវបានគាំទ្រដោយការស្រុកទិញរបស់បណ្តាធនាគារកណ្តាលជុំវិញពិភពលោក ការកើនឡើងតម្រូវការ ប្រាក់ដុល្លារធ្លាក់ចុះ ភាពតានតឹងពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយសកល។
បណ្តាវិនិយោគិនឥឡូវនេះ កំពុងកំណត់តួលេខនៃការកាត់បន្ថយ ២៥ពិន្ទុមូលដ្ឋាន នៅឯកិច្ចប្រជុំរបស់ Fed ក្នុងខែនេះ ជាមួយនឹងការកាត់បន្ថយ ២៥ពិន្ទុបន្ថែមទៀត ដែលរំពឹងទុកនៅក្នុងខែធ្នូចុងឆ្នាំនេះ៕ ប្រភព ៖ Reuters
ចែករំលែកព័តមាននេះ