ប្រទេសវៀតណាម ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអនុម័តការពង្រីកច្រកទ្វារព្រំដែនសេដ្ឋកិច្ចជាប់នឹងខេត្ត Lao Cai ភាគខាងជើងប្រទេសចិន ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ។
យោងតាមការសម្រេចចិត្តដែលបានចូលជាធរមាននាពេលថ្មីៗនេះ ច្រកទ្វារព្រំដែនសេដ្ឋកិច្ច Lao Cai ដែលមានចម្ងាយ២៥០គីឡូម៉ែត្រភាគពាយព្យនៃក្រុងហាណូយ នឹងរួមបញ្ចូលទាំងតំបន់ពន្ធ តំបន់ច្រកទ្វារព្រំដែន និងតំបន់មានមុខងារផ្សេងទៀតផងដែរ ។ នេះបើតាមការរាយការណ៍ពីកាសែត VNA គ្រប់គ្រងដោយរដ្ឋវៀតណាម ចេញផ្សាយកាលពីថ្ងៃពុធ ។
តំបន់ដែលបានពង្រីកនេះ នឹងដាក់ឱ្យប្រតិបត្ដិការនៅត្រីមាសទី១ ឆ្នាំ២០១៧ខាងមុខ ។
កាសែត VNA បានឲ្យដឹងទៀតថា តំបន់សេដ្ឋកិច្ចវៀតណាម Lao Cai ដែលបានពង្រីកនេះ នឹងមានប្រាក់ចំណូលផ្នែកនាំចេញ-នាំចូលប្រហែល៤,៦ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២០ និង១០ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០៣០ ៕
ចែករំលែកព័តមាននេះ