ទីក្រុងបាងកក ៖ យោងតាមការស្ទង់មតិមួយ ចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវពាណិជ្ជកម្មថៃ បានបង្ហាញថា ប្រជាជនថៃជាង ៨០% នៅតែមិនទាន់សម្រេចចិត្ត ឬគ្មានគម្រោងធ្វើដំណើរ អំឡុងពេលវិស្សមកាលឆ្លងឆ្នាំថ្មី ២០២៦ ដែលឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នជាបន្តបន្ទាប់ក្នុងចំណោមភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច។ នេះបើតាមប្រភពពីកាសែតថៃ Khaosod ចេញផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
លោក ថាណាវ៉ាត ផុនវិឆៃ (Thanavath Phonvichai) ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ និងជាប្រធានមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មថៃ បានលើកឡើងថា ការស្ទង់មតិបានបង្ហាញពីអារម្មណ៍ស្ងប់ស្ងាត់មុនថ្ងៃឆ្លងឆ្នាំថ្មី ២០២៦។ ការស្ទង់មតិធ្វើឡើងចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំណោមអ្នកឆ្លើយសំនួរចំនួន ១ ៣០០ នាក់ទូទាំងប្រទេសថៃ បានរកឃើញថា ៥៨,៨% គ្មានគម្រោងធ្វើដំណើរទៅក្រៅតំបន់ក្នុងស្រុករបស់ពួកគេទេ ខណៈ ២០,៥% នៅតែមិនទាន់សម្រេចចិត្តនៅឡើយ។ ដ្បិតមានតែ ២០,៧% ប៉ុណ្ណោះ ឆ្លើយថា ពួកគេមានគម្រោងធ្វើដំណើរអំឡុងពេលវិស្សមឆ្លងឆ្នាំថ្មី។
យ៉ាងណាមិញ ក្នុងចំណោមអ្នកមានគម្រោងធ្វើដំណើររវាងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៥ និងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ភាគច្រើនឆ្លើយថា ពួកគេនឹងវិលត្រឡប់ទៅលេងស្រុកកំណើត ខណៈដែលអ្នកផ្សេងទៀតនិយាយថា ពួកគេនឹងធ្វើដំណើរសម្រាប់ការកម្សាន្ត ឬគួបផ្សំនឹងការធ្វើដំណើរទៅលេងក្រុមគ្រួសារ។ ការធ្វើដំណើរកាន់តែមានចម្ងាយជិត ភាគច្រើននៅភាគកណ្តាលប្រទេសថៃ បន្ទាប់មក ភាគខាងជើង ភាគឦសាន ទីក្រុងបាងកក និងតំបន់ជុំវិញ និងភាគខាងត្បូង។
លោក ថាណាវ៉ាត បន្តថា ការទទួលទានគ្រឿងស្រវឹង និងការកម្សាន្តបែបចំណាយខ្ពស់ទំនងជាឆ្លុះបញ្ចាំងពីកម្រិតស្ត្រេសកើនឡើងរបស់ប្រជាជន និងគោលបំណងចង់មានការជួបជុំសង្គម។ កន្ត្រកអំណោយ គឺជាអំណោយឆ្នាំថ្មីដ៏ពេញនិយមបំផុត បន្ទាប់មកគឺការជូនសាច់ប្រាក់ ឬកាតអំណោយ និងអាហារបំប៉ន។ ត្រង់ចំណុចនេះ អ្នកឆ្លើយសំនួរជាង ៧០% បានអះអាងថា ពួកគេរំពឹងនឹងចំណាយប្រហែលនឹងឆ្នាំមុនដែរ ដោយលើកឡើងពីទស្សនវិស័យសេដ្ឋកិច្ចចុះខ្សោយ តម្លៃនៃការចំណាយខ្ពស់ និងតម្រូវការសន្សំប្រាក់។
ការស្ទង់មតិបានរកឃើញថា ៥៨,៤% រំពឹងថា បរិយាកាសឆ្នាំថ្មីនឹងមានភាពរស់រវើកដូចឆ្នាំមុន ប៉ុន្តែអ្នកខ្លះរំពឹងថាពេលវេលាដ៏រស់រវើកបានធ្លាក់ចុះមកត្រឹម ១២,៩% ពោលធ្លាក់ចុះពី ២៦% កាលពីឆ្នាំមុន ខណៈដែលប្រហែល ២៨% រំពឹងថារដូវវិស្សមកាលនឹងប្រែជាស្ងប់ស្ងាត់ជាងមុន។
របាយការណ៍មជ្ឈមណ្ឌលស្រាវជ្រាវពាណិជ្ជកម្មថៃបង្ហាញថា ការចំណាយសរុបអំឡុងពេលវិស្សមកាលឆ្លងឆ្នាំថ្មី ២០២៦ ត្រូវប៉ាន់ប្រមាណថាចំនួន ១១១,៦ ពាន់លានបាត ឬ ៣,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២,១% ធៀបនឹងឆ្នាំមុន ដែលជាអត្រាកំណើនយឺតបំផុតក្នុងរយៈពេល ៤ ឆ្នាំ ប៉ុន្តែជាកម្រិតចំណាយខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៩៕


ចែករំលែកព័តមាននេះ