ទីក្រុងប៉េកាំង ៖ ប្រទេសចិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនពាក់ព័ន្ធវិស័យការពារជាតិអាមេរិកចំនួន ២០ និងនាយកប្រតិបត្តិចំនួន ១០ នាក់ ដែលទណ្ឌកម្មនេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសលក់សព្វាវុធទ្រង់ទ្រាយធំទៅឱ្យកោះតៃវ៉ាន់។ នេះបើតាមប្រភពពីសារព័ត៌មាន Euronews និង Reuters ចេញផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងការបរទេសចិន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងដូច្នេះថា «យើងសង្កត់ធ្ងន់ម្តងទៀតថា បញ្ហាតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងជាបន្ទាត់ក្រហមដំបូងដែលមិនត្រូវឆ្លងកាត់បានឡើយក្នុងទំនាក់ទំនងចិន-អាមេរិក។ ក្រុមហ៊ុន ឬ បុគ្គលណាម្នាក់ ដែលចូលរួមក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់នឹងត្រូវទូទាត់ថ្លៃសម្រាប់ទង្វើខុសឆ្គង»។ ក្រសួងក៏បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់នូវអ្វីដែលខ្លួនហៅថា «ចលនាដ៏គ្រោះថ្នាក់នៃការបំពាក់អាវុធដល់តៃវ៉ាន់»។
ក្រុមហ៊ុនរងទណ្ឌកម្មចិនទាំង ២០ ក៏រួមមានទាំង Northrop Grumman, L3Harris Maritime Services និង Boeing ផងដែរ ខណៈដែលស្ថាបនិកក្រុមហ៊ុនការពារជាតិ Anduril Industries លោក Palmer Luckey គឺជានាយកប្រតិបត្តិម្នាក់ក្នុងចំណោមនាយកប្រតិបត្តិផ្សេងទៀតដែលរងទណ្ឌកម្ម ដោយមិនអាចធ្វើអាជីវកម្មក្នុងប្រទេសចិនបានបន្តទៀត ហើយត្រូវបានហាមឃាត់មិនឱ្យជាន់ទឹកដីប្រទេសមហាអំណាចសេដ្ឋកិច្ចធំទីពីរពិភពលោកមួយនេះ ថែមទៀតផង។ ស្របពេលដែលទ្រព្យកម្មរបស់ក្រុមហ៊ុន និងបុគ្គលទាំងនោះដែលមាននៅក្នុងប្រទេសចិនក៏ត្រូវបានបង្កកផងដែរ។
គួររំលឹកថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ អំពីកញ្ចប់លក់អាវុធរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃជាង ១១,១ ពាន់លានដុល្លារអាមេរិកទៅឱ្យកោះតៃវ៉ាន់ ដែលការប្រកាសនោះបានទាក់ទាញការឆ្លើយតបយ៉ាងខឹងសម្បារពីប្រទេសចិន៕

ចែករំលែកព័តមាននេះ