ទីក្រុងហាណូយ ៖ ជាមួយការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិជាង ២១ លាននាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុននៅក្នុងប្រទេសវៀតណាមនោះ ឆ្នាំ ២០២៥ ត្រូវបានកំណត់ជាឆ្នាំមាស និងបើកសម័យកាលថ្មីមួយសម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress បានឱ្យដឹងថា ចំនួននេះលើសពីចំនួនខ្ពស់បំផុតពីមុន ដែលសម្រេចបាននៅឆ្នាំ ២០១៩ មុនពេលផ្ទុះជំងឺកូវីដ-១៩ ជាង ១០%។ ដ្បិតទេសចរណ៍សកលទាំងមូលបានងើបឡើងវិញត្រឹមតែ ៩០% ប៉ុណ្ណោះ នៃកម្រិតមុនមានជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។
ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់របស់ខ្លួនក្នុងមួយឆ្នាំជាលើកដំបូង នៅអាកាសយានដ្ឋានអន្តរជាតិកោះត្រល់ ឬ ភូកុក (Phu Quoc) កាលពីថ្ងៃទី ១៥ ខែធ្នូ កន្លងទៅ។
ថ្លែងនៅក្នុងសន្និសីទទេសចរណ៍មួយ កាលពីថ្ងៃទី ២៧ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ (Pham Minh Chinh) បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីជំរុញការប្រកួតប្រជែង និងអភិវឌ្ឍវិស័យទេសចរណ៍យ៉ាងឆាប់រហ័សទៅជាវិស័យសេដ្ឋកិច្ចឈានមុខគេពិតប្រាកដ។ ដើម្បីសម្រេចបាននូវគោលដៅភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់នៅឆ្នាំក្រោយ លោកបានបញ្ជាក់ ថា ឧស្សាហកម្មនេះ ត្រូវតែផ្តោតជាពិសេសក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថលសកល លើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៣ គឺ ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។
ស្របពេលលោក ង្វៀន ត្រុងខាញ់ (Nguyen Trung Khanh) ប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម លើកឡើងថា គោលនយោបាយលើកលែងទិដ្ឋាការ គឺជាគន្លឹះសម្រាប់ភាពជោគជ័យនៅឆ្នាំនេះ។
កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលវៀតណាមបានសម្រេចបន្តការលើកលែងទិដ្ឋាការរហូតដល់ឆ្នាំ ២០២៨ សម្រាប់ពលរដ្ឋនៃប្រទេសចំនួន ១២ គឺ៖ ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ន័រវែស រុស្ស៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស។ កាលពីខែសីហាកន្លងទៅ រដ្ឋាភិបាលវៀតណាមបានបន្ថែមប្រទេសចំនួន ១២ ទៀតគឺ បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាស៊ី សាធារណរដ្ឋឆែក ហុងគ្រី លុចសំបួ ហូឡង់ ប៉ូឡូញ រ៉ូម៉ានី ស្លូវ៉ាគី ស្លូវេនី និងស្វីស រួមទាំងការលើកលែងទ្វេភាគី និងសម្រាប់ប្រទេសសមាជិកអាស៊ាន ដែលធ្វើឱ្យចំនួនសរុបឡើងដល់ ៣៩ ប្រទេស។ រដ្ឋាភិបាលវៀតណាម ក៏បានបន្ថែមច្រកចូលចំនួន ៤១ បន្ថែមទៀត សម្រាប់ជនបរទេស ដែលធ្វើឱ្យចំនួនសរុបឡើងដល់ ៨៣។
ប្រទេសវៀតណាមទទួលបានកេរ្តិ៍ឈ្មោះជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព តាមរយៈការផ្តល់ជូននូវទេសភាពធម្មជាតិចម្រុះ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងតម្លៃសមរម្យ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រទេសនេះទទួលស្គាល់ថាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំៗទាក់ទងនឹងនិរន្តរភាព។ អគ្គនាយកក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយបានលើកឡើងថា សមិទ្ធផលឆ្នាំ ២០២៥ គួរតែត្រូវបានប្រើជាមូលដ្ឋានដើម្បីឈានដល់ដំណាក់កាលអភិវឌ្ឍន៍ខ្ពស់ជាងមុន តាមរយៈការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើគុណភាពសេវាកម្ម សុវត្ថិភាពទេសចរណ៍ ការការពារបរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស និងតុល្យភាពរវាងកំណើន និងនិរន្តរភាព។
លោក ហា វ៉ាន់ សៀវ (Ha Van Sieu) អនុប្រធានរដ្ឋបាលទេសចរណ៍ ក៏បានលើកឡើងថា បញ្ហាដ៏ជាប់លាប់សម្រាប់ឧស្សាហកម្មនេះ គឺកង្វះភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ជាតិដែលមានជំនាញវិជ្ជាជីវៈ។ លោកបន្តថា ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់បំផុតមួយរបស់វៀតណាម ប៉ុន្តែវៀតណាមនៅតែខ្វះការផ្សព្វផ្សាយទេសចរណ៍ប្រកបដោយប្រសិទ្ធភាពនៅក្នុងទីក្រុងធំៗរបស់ចិន។ លោកបានបន្ថែមទៀតថា ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ខណៈពេលដែលផ្លូវហាយវេ និងកំពង់ផែមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ការពឹងផ្អែកខ្លាំងពេកលើការធ្វើដំណើរតាមផ្លូវអាកាសនៅតែជាឧបសគ្គ។
យោងតាមសន្ទស្សន៍លិខិតឆ្លងដែន Henley Passport Index ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានបង្ហាញថា ប្រទេសវៀតណាមស្ថិតនៅលំដាប់ទី ៨០ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៧ លើពិភពលោក ទាក់ទងនឹងការបើកចំហការធ្វើដំណើរ បើប្រៀបធៀបនឹងប្រទេសថៃស្ថិតនៅលំដាប់ទី ៣៥ ឥណ្ឌូណេស៊ីនៅទី ៤៨ និងសិង្ហបុរីនៅទី ១៥ ពិភពលោក៕



ចែករំលែកព័តមាននេះ