ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​នៃ​កម្ពុជា​ជំរុញ​ឱ្យ​មានការ​ផ្តល់​ហិរញ្ញប្បទាន​កាន់តែ​ច្រើន​ក្នុង​វិស័យ​ស្រូវ​អង្ករ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ក៏​ដូច​ជា​ការ​ដោះស្រាយ​ជូន​ប្រជា​កសិករ​នៅ​ពេល​កសិផល​ប្រមូល​បាន​ប្រឈម​នឹង​ការ​ធ្លាក់​ថ្លៃ ធនាគារជាតិ​នៃ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ក៏​ដូច​ជា​ការ​ដោះស្រាយ​ជូន​ប្រជា​កសិករ​នៅ​ពេល​កសិផល​ប្រមូល​បាន​ប្រឈម​នឹង​ការ​ធ្លាក់​ថ្លៃ ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​ស្រូវ​-​អង្ករ​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​, ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​រិះរក​វិធានការ​ជាក់ស្តែង​ដើម្បី​បញ្ចុះ​អត្រា​ការ​ប្រាក់ និង​ស្នើ​ឲ្យ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ បន្ត​ផ្តល់​ការ​អនុគ្រោះ ឬ​ពន្យារពេល​សង​ប្រាក់​កម្ចី​វិញ​ចំពោះ​កសិករ​ដែល​រង​គ្រោះ​ពិតប្រាកដ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នា​ពេល​ថ្មី​ៗ​នេះ ។

តាម​សេចក្តី​ប្រកាស​ដដែល​បង្ហាញ​ថា ក្នុង​កិច្ចប្រជុំ​រួម​គ្នា​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើក​ចំណុច​សំខាន់​ចំនួន​៣ ដើម្បី​ពិភាក្សា ៖ ១-​រាយការណ៍​វឌ្ឍនភាព​នៃ​ការ​ពិភាក្សា​លើ​លទ្ធភាព​បញ្ចុះ​អត្រា​ការ​ប្រាក់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ២-​ការ​រួមចំណែក​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​កសិកម្ម ជា​ពិសេស ស្រូវ​-​អង្ករ និង​៣-​វិធានការ​ផ្សេង​ៗ​ក្នុង​ការ​ជំរុញ​ការ​ផ្តល់ និង​បន្ត​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​ដល់​វិស័យ​ស្រូវ​-​អង្ករ ។

ក្នុង​ឱកាស​នោះ​ដែរ ខាង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បាន​បង្ហាញ​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​យ៉ាង​សកម្ម​ដល់​វិស័យ​ស្រូវ​-​អង្ករ​។ គ្រឹះស្ថាន​មួយ​ចំនួន​ត្រៀមលក្ខណៈ​ផ្តល់​ហិរញ្ញប្បទាន ដោយ​គ្រាន់តែ​តម្រូវ​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​បញ្ជា​ទិញ​ជាក់លាក់​ប៉ុណ្ណោះ​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ទៀត ក៏​ត្រៀម​សម្រួល​ដល់​ប្រជា​កសិករ​ដែល​ជួបនឹង​បញ្ហា​តាម​ជាក់ស្តែង ។ ទន្ទឹម​នឹង​នេះ សមាគម​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​លទ្ធភាព​របស់​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ចំនួន ដែល​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន ដោយ​ខ្វះ​ការ​យល់​ដឹង​អំពី​លំហូរ​សាច់ប្រាក់​របស់​ខ្លួន ហើយ​រោង​ម៉ាស៊ីន​មួយ​ចំនួន​ទៀត​ដែល​មិន​មាន​បំណង​ខ្ចី​បន្ថែម​ដោយ​ខ្វះ​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត ។

លោក​ឧកញ៉ា សុង សា​រ៉​ន នាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ គាំទ្រ​ឱ្យ​មានការ​ជជែក​បែប​នេះ ដោយ​បន្ត​ឱ្យ​មានការ​លើកទឹកចិត្ត និង​តាមដាន​នូវ​អ្វី​ដែល​បាន​លើក​ឡើង ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « តាម​ពិត យើង​ដឹង​ថា​ការ​ទទួល​បាន​ហិរញ្ញប្បទាន​នេះ វា​មិនមែន​ជា​រឿង​សាមញ្ញ​នោះ​ទេ គឺជា​រឿង​មួយ​ស្មុគស្មាញ ។ ការ​ចាប់ផ្តើម​មុខរបរ ទាំង​ការ​ធ្វើ​ផែនការអាជីវកម្ម និង​រក​ថវិកា​ពី​ខាង​ធនាគារ ។ អីចឹង​កន្លង​មក មាន​ធនាគារ​យើង​ភាគច្រើន​បានឱ្យ​តម្លៃ​ទៅ​លើ​ទ្រព្យ​បញ្ចាំ​ច្រើន​ពេក ។ តាម​យោបល់​ខ្ញុំ គួរ​ប្តូរ​គោល​នយោ​បាយ​​វិញ គឺ​ធនាគារ​ទាំងអស់​នៅ​ក្នុងស្រុក គួរ​ផ្តើម​មើល​ពី​ការ​ចាប់ផ្តើម​រកស៊ី​នេះ គាត់​មាន​ផែនការ​ច្បាស់លាស់​ទេ មាន​យុទ្ធសាស្ត្រ សកម្មភាព​ទាំង​អស់នេះ ជា​ជាង​យើង​ឱ្យ​តម្លៃ​ទៅ​លើ​ទ្រព្យសម្បត្តិ​គាត់​ពេក ។ យើង​ត្រូវ​ឱ្យ​តម្លៃ​ទៅ​លើ​គំនិត ផែនការអាជីវកម្ម សមត្ថភាព ធនធានមនុស្ស​ពី​ការ​គ្រប់គ្រង និង​ការ​ដឹកនាំ​របស់​គាត់​ជា​ចម្បង » ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ​ៗ ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ ទទួល​បាន​ហិរញ្ញប្បទាន​ពី​ខាង​ធនាគារ​ហិរញ្ញវត្ថុ​មិន​ដល់​២៥%​ផង ដោយសារ​គេ​តម្រូវ​ឱ្យ​មានការ​ដាក់​ទ្រព្យ​បញ្ចាំ ។ ប៉ុន្តែ​បាន​ធនាគារ​ក្រៅ​ស្រុក​ជួយ​យើង​ច្រើន ហើយ​គេ​មិន​ត្រូវការ​ប្លង់​បញ្ចាំ តែ​គេ​ចង់បាន​គំនិត និង​ភាព​ដឹកនាំ​អាជីវកម្ម​រីក​ចម្រើន » ។

តាម​សេចក្តី​ប្រកាស​គូសបញ្ជាក់​ថា ៖ «​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​រួមចំណែក​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​ស្រូវ​-​អង្ករ ព្រមទាំង​ពិចារណា​លើ​វិធានការ​ផ្សេង​ៗ​ទៀត​ដែល​អាច​ធ្វើ​បាន ដើម្បី​សម្រួល​ដល់​ការ​ទិញ​ស្រូវ​នា​រដូវ​ប្រមូល​ផល​ខាង​មុខ » ៕