ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បើក​ឆាក​ពូ​ល A ដំបូង ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ លត់ក្រុម​ឥណ្ឌូ​ណេ​ស៊ី 4-2 ខណៈ​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន បាន​ត្រឹម​ស្មើ​០-០​ជាមួយ​សិង្ហ​បុរី

7 ឆ្នាំ មុន

ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2016 បាន​ចាប់ផ្តើម​ដំបូង​នៅ​លើ​ទឹកដី​ហ្វ៊ី​លី​ពី​ន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា កន្លង​ទៅ​នេះ ដោយ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ បាន​លត់​ក្រុម​ឥណ្ឌូ​ណេ​ស៊ី

ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2016 បាន​ចាប់ផ្តើម​ដំបូង​នៅ​លើ​ទឹកដី​ហ្វ៊ី​លី​ពី​ន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា កន្លង​ទៅ​នេះ ដោយ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ បាន​លត់​ក្រុម​ឥណ្ឌូ​ណេ​ស៊ី យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​៤-២ ទទួល​បាន​៣​ពិន្ទុ ឈរ​នៅ​កំពូល​តារាង​ពូ​ល​A ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន និង​សិង្ហ​បុរី រកបាន​ម្នាក់​១​ពិន្ទុ​តាម​រយៈ​លទ្ធផល​ស្មើគ្នា​០-០ ។

សម្រាប់​ក្រុម​ថៃ​ដែល​ជា​អតីត​ម្ចាស់​ជើងឯក ៤​ជំនាន់ គឺជា​គូ​បើក​ឆាក​ប្រកួត​មុនគេ​ជាមួយ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី​នៅ​ពហុ​កីឡដ្ឋាន Philippine Sport Stadium ក្នុង​ទីក្រុង Bocaue ខេត្ត Bulacan ប្រទេស​ហ្វ៊ី​លី​ពី​ន ។ ការ​ប្រកួត​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ថៃ​បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ឥណ្ឌូ​ណេ​ស៊ី​ដំបូង​នៅ​នាទី​ទី​៥ ដោយ​ការ​ស៊ុត​ចេញពី​ជើង​ឆ្វេង​កីឡាករ​Peerapat Notchaiya និង​គ្រាប់​បាល់​ទី​២​នៅ​នាទី​ទី​៣៦ ដោយ​កីឡាករ​Teerasil Dangda ធ្វើ​ឱ្យ​ក្រុម​ថៃ​នាំមុខ​ឥណ្ឌូ​ណេ​ស៊ី​បណ្តោះអាសន្ន​នៅ​តង់​ទី​១​ក្នុង​លទ្ធផល​២-០ ។ ឈាន​ចូល​តង់​ទី​២ ក្រុម​ឥណ្ឌូ​ណេ​ស៊ី មានឱកាស​តាម​ស្មើ​វិញ ដោយ​ការតែ​ត​បញ្ចូល​ទី​ទាំង​២​គ្រាប់​ដោយ​កីឡាករ Boaz Solossa នៅ​នាទី​ទី​៥៣ និង​៥៦ ដោយ​កីឡាករ​Lerby Baru ។ ទោះបី​យ៉ាងណា នៅ​នាទី​ទី​៧៩ និង​៩០+៤ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ថៃ​Teerasil Dangda បាន​បន្ថែម​២​គ្រាប់​ទៀត ជួយ​ឱ្យ​ថៃ​យកឈ្នះ​ឥណ្ឌូ​ណេ​ស៊ីក្នុង​លទ្ធផល​៤-២ ក្រោម​ការ​កាត់សេចក្តី​ពី​លោក​អាជ្ញាកណ្តាល​សញ្ជាតិ​អូ​៊​ស​បេ​គី​ស្ថាន​Valentin Kovalenko ។

មួយ​ប្រកួត​ទៀត​ក្នុង​ថ្ងៃ​ដដែល​នោះ ក្រុម​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន មិន​មានឱកាស​រកបាន​៣​ពិន្ទុ​ឡើយ បើ​ទោះជា​ក្រុម​សិង្ហ​បុរី​នៅ​សល់​កីឡាករ​ត្រឹមតែ​១០​នាក់​ក្តី ។ គួរ​បញ្ជាក់​ថា ខ្សែបម្រើ​ក្រុម​សិង្ហ​បុរី​កីឡាករ Abu Sujad ធ្វើ​ឱ្យ​មាន​កំហុស​ធ្ងន់ធ្ងរ​នៅ​នាទី​ទី​៣៤ ដោយ​បាន​លោត​ធាត់​ចំ​ដើមទ្រូង​កីឡាករ​ក្រុម​ហ្វ៊ី​លី​ពី​ន ទើប​លោក​អាជ្ញាកណ្តាល​សញ្ជាតិ​ស៊ី​រី Masoud Tufaylieh សម្រេច​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញពី​ទីលាន​តែ​ម្តង ។ គេ​សង្កេត​ឃើញ​ថា ក្រុម​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន​បាន​បន្ត​ដាក់​សំពាធ​ទៅ​លើ​គូប្រកួត​របស់​ខ្លួន​នៅ​ក្នុង​តង់​ទី​២ ប៉ុន្តែ​មិន​អាច​ទម្លុះ​សំណាញ់​ទី​ក្រុម​សិង្ហ​បុរី​បាន ។ ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​បាន​ម្នាក់​១​ពិន្ទុ​ប៉ុណ្ណោះ​។​

ចំពោះ​ការ​ប្រកួត​បន្ទាប់​នៅ​ក្នុង​ពូ​ល​A​នេះ ក្រុម​ថៃ​នឹង​ត្រូវ​ប៉ះ​ក្រុម​សិង្ហ​បុរី​នៅ​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ខណៈ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២២ វិច្ឆិកា ស្អែក​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ជម្រុះ​ក្នុងពូ​ល​នេះ​ធ្វើ​ឡើង​ដើម្បី​ជ្រើស​យក​២​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​១​ពូ​ល ដើម្បី​ឡើង​ទៅ​លេង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ រីឯ​ក្រុម​ឈ្នះ​នឹង​អាច​ឡើង​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន​នេះ ៕