ខេត្តកំពង់ឆ្នាំង ៖ អនិច្ចាពេកណាស់ ក្រោយទទួលដំណឹងថា លោកតាដែលឃ្លានសាច់កា.ប់ (ផាក់ឡូវ)នោះបានទទួលមរណភាពហើយ ខណៈទើបតែដង្ហើយរកសប្បុរសជន ដើម្បីចង់បានម្ហូបដែលលោកតាឃ្លាន ប៉ុន្តែមច្ចុរាជពិតជាមិនប្រណីមែន ដោយខុសគ្នាតែ២ម៉ោងប៉ុណ្ណោះ ពេលដែលតំណាងកោះសន្តិភាពនាំយកថវិកានិងអាហារទៅដល់ផ្ទះលោកតា ស្រាប់តែឮភ្លេងខ្លងខែកបាត់ទៅហើយ នាថ្ងៃទី១៤ មិថុនា ២០២២ ។ សូមរំលឹកថា៖ ខ្លោចចិត្ត តាប្រាប់ថា«ឃ្លានសាច់កា.ប់ណាស់» តែយាយអត់លទ្ធភាពទិញឱ្យហូបបាន

សម្រាប់ថវិកាដែលបានមកពីសប្បុរជន តាមរយៈកោះសន្តិភាពប្រែយកទៅចូលបុណ្យស.ពលោកតាតែម្ដង ។ សូមបញ្ជាក់ថា លោកតាមានឈ្មោះប្រឹង ផេង អាយុ៨៧ឆ្នាំ រស់នៅភូមិជ្រៃបាក់ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

មុនពេលស្លា.ប់ លោកតាក៏បានលើកដៃសំពះសុំក្តីមេត្តាពីសំណាក់សប្បុរជន ដើម្បីមានឱកាសបានហូបរបស់ដែលខ្លួនឃ្លាន តែពិតជាសង្វេគពេកក្រៃ យមរាជបានឆក់យកជីវិតលោកតាបាត់ហើយមុនពេលដែលតំណាងកោះសន្តិភាព នាំយកថវិកាទៅដល់ទៅ២ម៉ោងប៉ុណ្ណោះ។ ពេលនេះស.ពលោកតាត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរ ដោយមានការជួយជ្រោមជ្រែងពីសំណាក់អាជ្ញាធរនិងញាតិមិត្តក្នុងភូមិផងដែរ។

សូមបញ្ជាក់ថា ថវិកាតាមរយៈកោះសន្តិភាពដែលទទួលបានរួមមានព្រះសុមេធវង្សបណ្ឌិតសុខ
ប៊ុនធឿន គ្រូអនុគណខណ្ឌមានជ័យ និងជាចៅអធិការវត្តនន្ទមុនី១០ម៉ឺនរៀល, លោកតា សេង គីផ្ទះលក់ទាខ្វៃច្បារអំពៅ២០ម៉ឺនរៀល, លោកស្រីហុង ពៅពិសី រស់នៅចោមចៅ១២ម៉ឺនរៀល, ក្រុមមនុស្សធម៌បងប្អូនល្អ (កំពង់ស្ពឺ)៩២ម៉ឺនរៀល ។

លោកយាយនឹត សុខគឿន ដែលជាភរិយារបស់លោកតា ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីចែករំលែកដល់គ្រួសារលោកយាយតែលោកយាយពិតជាសោកស្តាយណាស់ ព្រោះប្តី (លោកតា)គ្មានសំណាងបានហូបរបស់ឆ្ងាញ់តាមបំណងប្រាថ្នា នាដង្ហើមចុងក្រោយនេះ ។

ទោះជាយ៉ាងណា ថវិកាដែលបានមកពីសំណាក់សប្បុរសជនទាំងអស់ លោកយាយនឹងធ្វើបុណ្យឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធលោកតា(បុណ្យ៧ថ្ងៃ) ។ តាមរយៈការផ្សាយរបស់កោះសន្តិភាព ទើបមានសប្បុរសជនចំណាយធនធានផ្ទាល់ខ្លួន ដើម្បីផ្ដល់ជូនលោកតា ។




ចែករំលែកព័តមាននេះ