សិស្ស-និស្សិតកម្ពុជាកំពុងសិក្សានៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើង
រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋប្រចាំព្រះរាជាណាចក្រកម្ពុជា ចេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា …
រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋប្រចាំព្រះរាជាណាចក្រកម្ពុជា ចេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា …
រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋប្រចាំព្រះរាជាណាចក្រកម្ពុជា ចេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា បើយោងតាមរបាយការណ៍មួយដែលមានឈ្មោះថា របាយការណ៍ទ្វារបើកចំហ ឆ្នាំ២០១៦ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ ដែលបានចេញនៅសប្តាហ៍នេះ រកឃើញថា ចំនួននិស្សិតអន្តរជាតិដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិកមានចំនួនលើកសពី១លាននាក់ជាលើកដំបូងនៅក្នុងឆ្នាំសិក្សា២០១៥-២០១៦ ដែលជាចំនួនកើនឡើងចំនួន៧%លើសឆ្នាំមុន គឺមានចំនួនឡើងដល់១.០៤៤.០០០នាក់ ដែលត្រូវជាចំនួន៥%នៃនិស្សិតសរុបនៅក្នុងស្ថាប័ន ក្នុងសហរដ្ឋអាមេរិក ។
របាយការណ៍នេះក៏បានបង្ហាញផងដែរនូវកំណើននៃចំនួនសិស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សាក្នុងសហរដ្ឋអាមេរិកគឺកើនពីចំនួន៤៩២នាក់នៅឆ្នាំ២០១៤-២០១៥ ដល់ចំនួន៤៩៩នាក់នៅក្នុងឆ្នាំ២០១៥-២០១៦ ពោលគឺមានកំណើនចំនួន១,៤% ។
លោក Jay Raman ប្រធានផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក បានមានប្រសាសន៍ថា «ការអង្កេតនៅឆ្នាំនេះបង្ហាញថា ពេលនេះមានសិស្ស-និស្សិតកម្ពុជាច្រើនជាងពេលណាទាំងអស់បំពេញការស្រម៉ៃរបស់គេ ក្នុងការបានសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក ។ ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌលផ្តល់ប្រឹក្សាស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក (EducationUSA) កំពុងត្រៀមខ្លួនជួយប្រជាជនកម្ពុជានៅក្នុងការស្វែងយល់បន្ថែមពីដំណើរការ និងរកមើលវិធីក្នុងការជួយរកថវិកាសំរាប់ការសិក្សារបស់គេ ។ យើងសង្ឃឹមថា នឹងមានសិស្ស-និស្សិតកម្ពុជាច្រើនថែមទៀតដាក់ពាក្យសិក្សាក្នុងសហរដ្ឋអាមេរិកនៅឆ្នាំខាងមុខៗ» ។
EducationUSA គឺជាបណ្តាញមួយនៃមជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិចំនួនជាង៤០០របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមាននៅតាមប្រទេសចំនួនជាង១៧០ ។ មជ្ឈមណ្ឌលទាំងនេះផ្តល់ព័ត៌មានស្តីពីស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងការណែនាំដល់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដាក់ពាក្យទៅសិក្សានៅសហរដ្ឋអាមេរិក ។ មជ្ឈមណ្ឌល EducationUSA ដែលផ្តល់ប្រឹក្សានៅកម្ពុជាមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជា ។
ធនធានព័ត៌មានមួយទៀតដែលស្ថានទូតអាមេរិកអាចផ្តល់អោយបានសំរាប់ប្រជាជនកម្ពុជាដែលមានការចាប់អារម្មណ៍ចង់សិក្សានៅក្នុងសហរដ្ឋអាមេរិក គឺបណ្ណាល័យរបស់ស្ថានទូតអាមេរិក ។ ដោយមានទីតាំងស្ថិតនៅក្រុងភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និងខេត្តកំពង់ចាម បណ្ណាល័យនិមួយៗរបស់ស្ថានទូតអាមេរិកមានសៀវភៅនិងព័ត៌មានផ្សេងៗ ឯកសារណែនាំសំរាប់សិស្ស និស្សិតជាច្រើនជាភាសាអង់គ្លេស គេហទំព័រស្តីពី សាកលវិទ្យាល័យនិងអាហារូបករណ៍ ឯកសារត្រៀមសំរាប់ការធ្វើតេស្ត និងព័ត៌មានស្តីពីទិដ្ឋាការសិស្ស ។
ចំពោះទិន្នន័យ ព័ត៌មានជាក្រាហ្វិក និងធនធានព័ត៌មាននានាស្តីពីរបាយការណ៍ទ្វារបើកចំហ ឆ្នាំ២០១៦ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ សូមចូលមើលគេហទំព័រ http://www.iie.org/ Open-Doors ។
ចំពោះព័ត៌មានបន្ថែមស្តីពីមជ្ឈមណ្ឌល EducationUSA និងបណ្ណាល័យរបស់ស្ថានទូតអាមេរិក នៅកម្ពុជា សូមចូលមើលគេហទំព័រ http://cambodia.usembassy.gov/education_advice.html និងគេហទំព័រ http://cambodia.usembassy.gov/american_corners_in_cambodia.html ៕
ចែករំលែកព័តមាននេះ