ខេត្តបន្ទាយមានជ័យ ៖ ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវដល់បងប្អូនស្ត្រី ដែលមានផ្ទៃពោះត្រូវតែមកពិនិត្យជាដាច់ខាត ដើម្បីតាមដានសុខភាព និងពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យឱ្យទៀងទាត់តាមថ្ងៃកំណត់ ។
ការប្រកាសនេះ ក្រោយពីមានទារកម្នាក់កើតក្នុង៧ខែ២៥ថ្ងៃ កាលពីថ្ងៃទី១៥ វិច្ឆិកា ២០១៦ ស្ថិតនៅមណ្ឌលសុខភាពណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក តែអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើល និងរន្ធត់នោះ គឺរូបរាងរបស់ទារក ពិតជាចម្លែកមិនធ្លាប់ជួប ដោយមានសភាពប្រេះស្បែកខ្លាំង ។
លោកវេជ្ជបណ្ឌិត កែ សុភក្ត្រា ប្រធានមន្ទីសុខាភិបាលខេត្តបានឱ្យដឹងថា កាលពីថ្ងៃទី១៥ វិច្ឆិកា នេះ ទារកនេះ បានកើតនៅមណ្ឌលសុខភាពណាំតៅ ស្រុកភ្នំស្រុក មានអាយុ៧ខែ២៥ថ្ងៃ ក្រោយពេលកើតហើយ មានសភាពចម្លែកដោយរូបរាងកាយស្បែកប្រេះបែកក្រហែង។
លោកបញ្ជាក់ថា ទារកចម្លែកនេះ ក្រោយពេលមន្ទីពេទ្យបង្អែកស្រុកភ្នំស្រុកបានបញ្ជូនទៅមន្ទីពេទ្យគន្ធបុប្ផានៅខេត្តសៀមរាប។ទារកដែលកើតមកនេះ វាមិនមែនជាជំងឺអ្វីដែលឆ្លងនោះទេ វាជាប្រភេទមួយនៃជម្ងឺ(Genetic) ដែលមានឈ្មោះថា (Harlequin ichthyyosis in newborn)។ ទារកនេះ មិនអាចរស់បានយូរទេ ស្បែករបស់វាមានសណ្ឋានដូចថង់ប្លាស្ទិករុំរួមរឹតខ្លួន និងស្រួយបែបប្រេះ រហូតគ្រប់កន្លែងបន្តិចម្តងៗ ចុងបញ្ចប់គឺស្លាប់ទៅវិញ ។
ក្នុងនោះ ត្រូវលោកវេជ្ជបណ្ឌិតបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋស្ត្រី នៅពេលមានផ្ទៃពោះ ត្រូវតែមកពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យតាមការកំណត់ ដើម្បីពិនិត្យមើលសុខភាពទារកនៅក្នុងផ្ទៃ ។
ហើយក៏បានសំណូមពរដល់ខាងកម្មវិធីផ្តល់ថ្នាំបង្ការ និងមន្ត្រីដែលបណ្តុះបណ្តាលផ្នែកជំងឺឆ្លង មេត្តាចុះពិនិត្យនិងរៀបចំទៅមន្ទីពេទ្យបង្អែកស្រុកភ្នំស្រុកផងដែរ ។
ចែករំលែកព័តមាននេះ