សេអ៊ូល ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបច្បាស់ជុំវិញការផ្សព្វផ្សាយ និងការជែកវែកញែកលើបណ្តាញសង្គមនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងប្រភពដើមនៃផ្លែស្វាយដែលមានម៉ាកយីហោ «Romdoul» និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថា ជាផលិតផលរបស់កម្ពុជានៅលើផ្លែស្វាយរបស់ថៃ ។ នេះបើយោងតាម ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានប្រកាសនាព្រឹកថ្ងៃទី២០ ខែឧសភានេះ។
ដើម្បីជៀសវាងការភាន់ច្រឡំ ស្ថានទូតកម្ពុជាបានធ្វើការបំភ្លឺជា ២ ចំណុចសំខាន់ៗ ដូចខាងក្រោម ៖
១. ផ្លែស្វាយដែលមានម៉ាកយីហោ «Romdoul» (រំដួល) ដែលកំពុងចរាចរណ៍លក់នៅលើទីផ្សារកូរ៉េ គឺជាផ្លែស្វាយដែលមានប្រភពដើមមកពីកម្ពុជាពិតប្រាកដ ១០០% ។ ផលិតផលនេះត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ Hyundai Corporation របស់សាធារណរដ្ឋកូរ៉េ ដែលបានបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
២. ពាក់ព័ន្ធនឹងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថា ជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ប្រទេសថៃ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជា បានចុះទៅពិនិត្យដល់ទីតាំងម៉ាតដែលបានដាក់លក់ផលិតផលខាងលើភ្លាមៗ ។ ជាលទ្ធផលម្ចាស់ម៉ាតបានទទួលស្គាល់ថា ពិតជាមានការច្រឡំបិទស្លាកសញ្ញាខុស (បិទស្លាកបញ្ជាក់ថាជាផលិតផលកម្ពុជាទៅលើផ្លែស្វាយរបស់ថៃ)ពិតប្រាកដមែន ប៉ុន្តែត្រូវបានកែតម្រូវរួចហើយ ។
អនុព័ន្ធពាណិជ្ជកម្មបានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការបន្លំ ឬភាន់ច្រឡំប្រភពដើមទំនិញ ដែលអាចនាំឱ្យមានការចាត់វិធានការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ