ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​​ស្រែកយំ​ថា «​ឈឺ​ណាស់​ៗ» ពេល​មើល​ប្រដាប់​ភេទ​កូន​ឃើញ​ដាច់​រយះ និង​មាន​ឈាម​ហូរ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ដឹក​ដៃ​កូនប្រុស​ស្រី​តូច​ៗ២​នាក់​ទៅ​​ជួប​អ្នក​យក​ព័ត៌មាន​ដល់​តៀម​កាហ្វេ​ ដោយ​និយាយ​ថា គ្រួសារ​របស់​គាត់​ជួប​រឿង​អយុត្តិធម៌​ …

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ដឹក​ដៃ​កូនប្រុស​ស្រី​តូច​ៗ២​នាក់​ទៅ​​ជួប​អ្នក​យក​ព័ត៌មាន​ដល់​តៀម​កាហ្វេ​ ដោយ​និយាយ​ថា គ្រួសារ​របស់​គាត់​ជួប​រឿង​អយុត្តិធម៌​ ដាក់​ពាក្យបណ្តឹង​បុរស​ម្នាក់​ពី​បទ​រំលោភ​កូនស្រី​របស់​គាត់​ជិត​៤​ខែ​ហើយ​ស្ងាត់ឈឹង​មិន​ទាន់​មាន​ពន្លឺ​។ បុរស​ខាងលើ​មានឈ្មោះ លាភ លី​តេ​ក អាយុ​៤០​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​ក្បាលកោះ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជុំវិញ​ករណី​ខាងលើ បុរស​រូប​នេះ​រៀបរាប់​ប្រាប់​គេឯង និង​អ្នក​យក​ព័ត៌មាន​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​ថា កាលពី​អំឡុង​ចុងខែ​សីហា ​ឆ្នាំ​២០១៦ កូនស្រី​ច្បង​របស់​គាត់​​ឈ្មោះ ត​.​ស​.​គ អាយុ​៤​ឆ្នាំ ត្រូវ​បុរស​ម្នាក់​ជា​សាច់ញាតិ សាច់ថ្លៃ​ប្រពន្ធ​របស់​គាត់​រំលោភ ធ្វើ​ឲ្យ​កូនស្រី​គាត់​រង​របួស​ធ្ងន់ធ្ងរ ពេល​ងូតទឹក​ឲ្យ​កូនទើប​ដឹង ​ដោយសារ កូនស្រី​ស្រែ​កថា​ ឈឺ​ណាស់​ៗ​ ។

បុរស​ខាងលើ​រៀបរាប់​បន្ត​ថា ដោយសារ​គាត់ និង​ប្រពន្ធ​មាន​ទំនាស់​ជា​ញឹកញាប់​ នាង​ជា​ប្រពន្ធ​បាន​ទៅ​រស់នៅ​ជាមួយ​ប្អូនស្រី​របស់​គេ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ដោយ​គាត់​រស់នៅ​៣​នាក់​ឪពុក​កូន​ក្នុង​បន្ទប់​ជួល​ផ្សេង​ តែ​ក្នុងភូមិ​ជាមួយ​គ្នា ​។ គាត់​បន្ត​ថា លុះ​មួយ​រយៈ​ចុង​ក្រោយ ​ពោល​គឺ​មុន​ពេល​កើតហេតុ គាត់​ពិបាក​ក្នុង​ការ​ទុក​កូន​ចោល​ពេល​ចេញ​ទៅ​រកស៊ី​ គាត់​ក៏​យក​កូន​ទាំង​២​ទៅ​ផ្ញើ​គ្រួសារ​ប្អូនថ្លៃ​នោះ​ ។

ម្យ៉ាង​ដើម្បី​ឲ្យ​ពួក​គេ​ជួបជុំ​ម្តាយ​ពួក​គេ​ផង​ដែរ ដឹង​អី​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៦​ គាត់​ទៅ​យក​កូន​មក​វិញ ហើយ​ងូតទឹក​ឲ្យ​កូន​ ស្រាប់តែ​កូន​ស្រែកយំ​ថា​ ឈឺ​ណាស់​ៗ ពេល​គាត់​មើល​ចំណុច​ប្រដាប់​ភេទ​កូនស្រី ស្រាប់តែ​មាន​ដាច់​រយះ​ខ្ទេច និង​មាន​ឈាម​ហូរ មិនតែប៉ុណ្ណោះ​មាន​ទាំង​ទឹកកាម​ជាប់​ប្រដាប់​ភេទ​ទៀតផង ហើយ​កូនស្រី​គាត់​ដេក​ស្រែកយំ​ស្ទើរ​ពេញ​មួយ​យប់​ទៀត​ផង ​លុះ​ធ្វើការ​សូរ​នាំ​​ទើប​កូនស្រី​គាត់​ប្រាប់​ថា អ្នក​ធ្វើបាប​នាងគឺ​ឈ្មោះ​ ពៅ ជា​សាច់ថ្លៃ​របស់​ប្រពន្ធ​គាត់​ ។

បុរស​ខាងលើ​បន្ត​ថា​ ករណី​នេះ​ដំបូង​បាន​ទៅ​រក​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ហៅ​កាត់​ថា CWCC ឲ្យ​ជួយ​ បន្ទាប់​មក​គាត់​បាន​នាំ​កូន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​តដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​ ។ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ​ យុត្តិធម៌​សម្រាប់​កូនស្រី​របស់​គាត់​មិន​ទាន់​ទទួល​បាន​នៅឡើយ​ទេ មិនតែប៉ុណ្ណោះជនសង្ស័យ​ឈ្មោះ ពៅ នោះ​ថែម​ទាំង​ស្ទុះ​ទៅ​វាយ​គាត់​ជា​ច្រើន​ដៃ​ថែម​ទៀត ខណៈ​គាត់​គ្រាន់​ទៅ​សូរ​នាំ​ថា​ តើ​ហេតុ​អ្វី​ធ្វើបាប​កូនស្រី​របស់​គាត់​នោះ​ ។

បុរស​ដដែល​ត្អូញត្អែ​ថា សូ​ម្បី​តែ​សំបុត្រ​ចេញ​កោសល្យ​វិ​ច្ច័​យ​របស់​គ្រូពេទ្យ​ជំនាញ​រឿង​កូនស្រី​របស់​គាត់​ក៏​បាត់​ស្ងាត់ឈឹង គាត់​សុំ​លិខិត​មួយ​ច្បាប់​ពី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សុំ​យក​ឯកសារ​កោសល្យ​វិ​ច្ច័​យ​នោះ​ ក៏​ខាង​ជំនាញ​ពេទ្យ​គេ​មិន​ឲ្យ​ដែរ​ ។ គាត់​និយាយ​ថា​ ការ​ស្កាត់រក​អ្នក​យក​ព័​ត៌​ឲ្យ​ជួយ​ផ្សព្វផ្សាយ គឺ​ដើម្បី​ឲ្យ​ថ្នាក់លើ​ដឹង​ ព្រោះ ខ្លាច​រឿង​កូនស្រី​របស់​គាត់​មិន​ទទួល​បាន​ភាព​យុត្តិធម៌​ ។

ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​ឈ្មោះ ពៅ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​ ។

លោក ព្រំ ពិសិដ្ឋ អធិការរង​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​គ្រួសារ​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​រក​យុត្តិធម៌​មែន តែ​លោ​កថា​ បណ្តឹង​នោះ​ខាង​លោក​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​ហើយ​ ។ លោក ព្រំ ពិសិដ្ឋ បន្ត​ថា ​កន្លង​មក​ឪពុក​ក្មេង​រង​គ្រោះ​ធ្លាប់​មក​សុំ​លិខិត​ដើម្បី​ទៅ​សុំ​កោសល្យ​វិ​ច្ច័​យ​ពី​គ្រូពេទ្យ​ជំនាញ​រឿង​កូនស្រី​ ហើយ​លោក​ក៏​បាន​ចេញ​លិខិត​ឲ្យ​កាន់​ទៅ​ដែរ ​។

លោក​វេជ្ជបណ្ឌិត ហ៊ុ​ល សុ​ផ​ល្លី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត បាន​​ប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា ករណី​កោសល្យ​វិ​ច្ច័​យ បើ​យក​ឯកសារ​មាន​តែ​នគរបាល​យុត្តិធម៌​តុលាការ ឬ​មេធាវី ទើប​អាចយ​កបាន ហើយ​ថា ​ថែម​ទាំង​ស្នើ​សុំ​តាម​លំដាប់​ដល់​មន្ទីរ​ផង​ដែរ ព្រោះ​មុន​ចេញ​កោសល្យ​វិ​ច្ច័​យ​ត្រូវ​ឆ្លងកាត់​គណៈកម្មការ​រហូត​ដល់​មន្ទីរ ​។

ចំណែក​មន្ត្រី​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​ ហៅ​កាត់​ថា CWCC លោក​ ម៉ា សា​មៀត ខណៈ​«កោះសន្តិភាព»​ចង់​ដឹង​លម្អិត​ថា ​តើ​គ្រួសារ​ខាងលើ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​ជួយ​រក​យុត្តិធម៌​មែនឬ លោក​ថា ​ជា​ថ្ងៃ​សម្រាក​លោក​មិន​បាន​នៅ​កន្លែងធ្វើការ​ទេ បើ​និយាយ​ខ្លាច​វា​ខុស​នឹង​ឯកសារ ​៕