ភាពស្លេកស្លាំងនៅតែជាបញ្ហាចម្បងនៃសុខភាពទូទៅ ដែលមូលហេតុធំជាងគេ គឺបណ្តាលមកពីការទទួលទានអាហារខ្វះជាតិដែក ពិសេសក្រុមស្ត្រីក្នុងវ័យបន្តពូជនិងកុមារជាអ្នកងាយនឹងរងគ្រោះជាងគេ ។ ខាងក្រោមនេះជាមូលហេតុខ្លះៗដែលបណ្តាលឱ្យរាងកាយស្លេកស្លាំង ៖
-កង្វះអាហារសម្បូរជាតិដែកនៅក្នុងរបបអាហារ គឺជាទម្រង់ទូទៅមួយប្រភេទនៃភាពស្លេកស្លាំង ។
-ការបឺតស្រូបជាតិដែកមិនល្អពីចំណីអាហារដែលបានបរិភោគ អាចប្រឈមនឹងភាពស្លេកស្លាំងដែលបណ្តាលមកបីកង្វះជាតិដែក
-ការថយចុះនូវការផលិតគ្រាប់ឈាមក្រហម ឬអេម៉ូក្លូប៊ីន បណ្តាលមកពីកង្វះជាតិដែក និងសារជាតិផ្សេងៗទៀតដូចជា វីតាមីនអា វីតាមីB12 និងហ្វូលីកអាស៊ីដ ។
-ចំនួនបម្រុងជាតិដែក មានភាពមិនគ្រប់គ្រាន់តាំងពីកំណើត ដោយសារម្តាយមានភាពស្លេកស្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ ឬដោយសារទារកកើតមិនគ្រប់ខែ ។
-កំណើនតម្រូវការជាតិដែក ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលបំបៅដោះកូន វ័យកុមារភាពដែលកុមារត្រូវការលូតលាស់លឿន និងចូលវ័យជំទង់ ។
-ការបាត់បង់ឈាមដោយសារតែការផ្លាស់ប្តូរឈាមរដូវច្រើនហួសពីធម្មតា ការបាត់បង់ឈាមនៅពេលសម្រាលកូន ការមានរបួស ដំបៅក្រពះពោះវៀន ឬមហារីក ដូចជាមហារីកពោះវៀនធំជាដើម ។
-ការបង្ករោគជាញឹកញាប់ដូចជា សត្វល្អិត ឬព្រូនតម្ពក់ក្នុងពោះវៀន របេង អេដស៍ គ្រុនចាញ់ និងរោគរុំារ៉ៃ ។
-ការបំផ្លាញគ្រាប់ឈាមក្រហមដោយសារជំងឺផ្សេងៗទៀតដូចជា Thalassemia ។
-មូលហេតុផ្សេងទៀតដូចជា មនុស្សដែលញៀនស្រា បារីជាដើម ។
ផលលំបាកនៃភាពស្លេកស្លាំងនេះមានដូចជា៖
-អស់កម្លាំង
-ហត់ ឬខ្សោយកម្លាំង
-វិលមុខ
-បាតដៃមានសភាពស្លេកស្លាំង
-ស្លេកស្លាំងនូវត្របកភ្នែកក្រោម
-ថយចុះការចងចាំ និងឧស្សាហ៍ភ្លេចភ្លាំង
-ដង្ហើមខ្លី
-ឈឺក្បាល
-ចុកទ្រូង ។
ភាពស្លេកស្លាំងមានឥទ្ធិពលផងដែរទៅលើប្រព័ន្ធភាពសុំា ដែលនាំឲ្យមានការកើតឡើងនូវការបង្ករោគផ្សេងៗ ។ ប្រសិនបើភាពស្លេកស្លាំងកាន់តែធ្ងន់ធ្ងរ ហើយមិនទទួលបានការព្យាបាលទេនោះ ផលវិបាកនៃភាពស្លេកស្លាំងក៏នឹងកាន់តែធ្ងម់ធ្ងរ ជួនកាលវាធ្វើឲ្យចង្វាក់បេះដូងដើរមិនប្រក្រតី ដែលអាចនាំឲ្យខូចសាច់ដុំបេះដូង ។ ក្នុងករណីធ្ងន់ធ្ងរ បណ្តាលឲ្យខ្សោយបេះដូង ខូចសរីរាង្គផ្សេងៗទៀត និងអាចឈានទៅរកសេចក្តីស្លាប់បាន ៕
ចែករំលែកព័តមាននេះ