ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​មួយ​ចំនួន​បញ្ជាក់​ថា​កំពុង​តែ​កើត​គីស​ក្រពេញ​គល់​រោម​ហើយ គួរតែ​ប្រយ័ត្ន​!!!

3 ឆ្នាំ មុន
  • ភ្នំពេញ

គីស​ក្រពេញ​គល់​រោម (Kyste Sébacé) គឺជា​ប្រភេទ​គីស ដែល​កើតឡើង​ដោយ​មានការ​កកស្ទះ​រន្ធ​របស់​ក្រពេញ​បញ្ចេញ​សារធាតុ​ខ្លាញ់​ម្យ៉ាង (Accumulation de sébum sous la peau) ដែល​ស្ថិត​ជាប់​ជាមួយ​រោម​លើ​ស្បែក​នៃ​រាង​កាយ​ខ្លួន​យើង ជា​ពិសេស

រាជធានី​ភ្នំពេញ ៖ គីស​ក្រពេញ​គល់​រោម (Kyste Sébacé) គឺជា​ប្រភេទ​គីស ដែល​កើតឡើង​ដោយ​មានការ​កកស្ទះ​រន្ធ​របស់​ក្រពេញ​បញ្ចេញ​សារធាតុ​ខ្លាញ់​ម្យ៉ាង (Accumulation de sébum sous la peau) ដែល​ស្ថិត​ជាប់​ជាមួយ​រោម​លើ​ស្បែក​នៃ​រាង​កាយ​ខ្លួន​យើង ជា​ពិសេស​លើ​ខ្នង​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ប្លោក វុ​ឌ្ឍី ឯកទេស​វះកាត់​ប្រព័ន្ធ​រំលាយ​អាហារ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

លោក​វេជ្ជបណ្ឌិត ប្លោក វុ​ឌ្ឍី បាន​ឲ្យ​ដឹង​ទៀត​ថា ៖
ក​) មូលហេតុ ៖ ការ​កកស្ទះ​នេះ បង្ក​ឡើង​ដោយ​មេរោគ ក្អែល ឬ​ក៏​ធូលី និង​កំទេចកំទី​ល្អិត​ៗ​ផ្សេង​ៗ ដែល​ជាប់​នៅ​លើ​រាង​កាយ និង​កត្តារួម​ផ្សំ​ដទៃ​ទៀត ដូច​ជា​ស្ត្រេ​ស កំ​ដៅ​ព្រះអាទិត្យ ការ​ជក់បារី​ជាដើម ។

ខ​) រោគ​សញ្ញា ៖ កើតឡើង​មាន​លក្ខណៈ​ដូច​ជា កន្ទួល​លើ​ស្បែក រឹង​ពណ៌​ស​ឬ​លឿង​។ ក្នុង​ដំណាក់កាល​ដំបូង វា​មិន​បង្ក​ឱ្យ​ឈឺចាប់​អ្វី​ទេ ក៏​ប៉ុន្តែ​ពេល​គ្មាន​ការ​ថែទាំ និង​ព្យាបាល​ត្រឹមត្រូវ ដុំ​គីស​នេះ​នឹង​វិវត្តន៍​ទៅ​ជា​កន្ទួល​ក្រហម​ធំ​ឡើង​ៗ និង​មាន​សភាព​ឈឺចាប់ ហើយក​រោគ ឬ​ធ្លាយ​ហូរ​ទឹករងៃ អាច​មាន​ក្លិនស្អុយ​ចេញ​មក​ក្រៅ​។

គ​) ការ​ព្យាបាល ៖ វិធី​ព្យាបាល​ប្រែប្រួល​ទៅ​តាម​ការ​វិវត្តន៍​របស់​គីស ៖
១- ករណី​គីស​នៅ​តូច​ជាង​១​សង់ទីម៉ែត្រ មិន​មានការ​រំខាន ឬ​ឈឺចាប់ គេ​អាច​តាមដាន​មួយ​រយៈ​សិន​បាន​ដោយ​គ្រាន់តែ​សម្អាត​រាង​កាយ​ដោយ​សាប៊ូ​ធម្មតា​កុំអោយ​រលាក និង​បង្ករ​រោគ (infection et puis abcès ) និង តាមដាន​។
២- ករណី​រីក​ធំ​ត្រូវ​ព្យាបាល​ដោយ​វះកាត់​យក​ចេញ​អោយ​បាន​ទាំងមូល កុំអោយ​រហែក​ស្រោម​ព្រោះ​វា​នឹង​អាច​កើតឡើង​វិញ​។
៣- ក្នុង​ករណី​មានការ​រលាក និង​ឡើង​អាប់​សែរ (Abcès) គេ​ត្រូវ​ព្យាបាល​ដោយ​វិធី​វះកាត់​យក​ចេញ និង​ចំហរ​មុខរ​បូស លាង​សំអាត​រូត​អស់​ខ្ទុះ​និង​ប្រើប្រាស់​ថ្នាំ​សំលាប់​មេរោគ​បន្ថែម រួច​អាច​ដេរ​ផ្ជិ​ត​មុខ​បន្ថែម​ទៀត​។

ឃ​) ការ​ការពារ ៖
១- ត្រូវ​អនាម័យ​ខ្លួនប្រាណ​ដោយ​ការ​លាង ជម្រះ​ក្អែល ឬ​ភាព​កខ្វក់​ក្រោយ​ពី​បញ្ចប់​ការងារ​ប្រចាំ​ថ្ងៃ
២- មិន​ត្រូវ​ស្លៀកពាក់​តឹង​ច​ង្ទៀ​ត​ពេក
៣- ព្យាយាម​ជ្រើសរើស​យក​ក្រណាត់ ឬ​សម្លៀក​បំពាក់​ណា ដែល​អាច​ជួយ​ឲ្យ​ស្បែក​មាន​ខ្យល់​ចេញចូល​បាន​ស្រួល មិន​ធ្វើ​ឲ្យ​ក្តៅស្អុះ​ស្អាប​ដល់​ស្បែក​របស់​យើង​ទេ​។

លោក​វេជ្ជបណ្ឌិត ប្លោក វុ​ឌ្ឍី ឯកទេស​វះកាត់​ប្រព័ន្ធ​រំលាយ​អាហារ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ៖ ប្រសិនបើ​លោក លោកស្រី​មាន​បញ្ហា​ប្រឈម​ដូច​ខាងលើ​នេះ សូម​មេត្តា​ប្រញាប់​មក​ពិគ្រោះ​ជាមួយ​ក្រុមការងារ​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ទទួល​បាន​រោគវិនិច្ឆ័យ និង​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ