ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចំណាយលុយទិញអាហារបំប៉ន​ព្យាបាលជំងឺមហារីក លើសឈាម ក្រសួងសុខាភិបាលថា បោកទេ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយសង្កេតឃើញថា មានការឃោសនាលក់ផលិតផលអាហារបំប៉នថាអាចព្យាបាលជំងឺមហារីក ទឹកនោមផ្អែម លើសឈាម កាន់ច្រើន ធ្វើឲ្យពលរដ្ឋងាយរងគ្រោះ ខាតបង់ថវិកា ពេលវេលានោះ…

រាជធានីភ្នំពេញ ៖ ដោយសង្កេតឃើញថា មានការឃោសនាលក់ផលិតផលអាហារបំប៉នថាអាចព្យាបាលជំងឺមហារីក ទឹកនោមផ្អែម លើសឈាម កាន់ច្រើន ធ្វើឲ្យពលរដ្ឋងាយរងគ្រោះ ខាតបង់ថវិកា ពេលវេលានោះ ក្រសួងសុខាភិបាលបានចេញមុខប្រកាសប្រាប់​ពលរដ្ឋថា អាហារបំប៉នមិនអាចព្យាបាលជំងឺខាងលើនោះបានទេ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្រាន់តែមានមុខងារក្នុងការជួយទ្រទ្រង់សរីរាង្គកាយ និងជំនួយកម្លំាងតែប៉ុណ្ណោះ តាមរយៈការបំពេញបន្ថែមកង្វះខាតនៃសារធាតុចំាបាច់ដែលសរីរាង្គកាយត្រូវការ ដើម្បីបំពេញមុខងារសរីរាង្គ ប៉ុន្តែផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមិន​អាចជំនួសចំណីអាហារដែលបរិភោគប្រចំាថ្ងៃបានទេ និងគ្មានប្រសិទ្ធភាពក្នុងការ​ធ្វើរោគវិនិច្ឆ័យ បង្ការ ឬព្យាបាលជំងឺដូចជាជំងឺមហារីក  ជំងឺឈឺសន្លាក់ ជំងឺទឹកនោម​ផ្អែម លើសឈាម និងរោគផ្សេងៗ​ទៀតបានឡើយ ។ ផ្ទុយទៅវិញផលិតផលបំប៉ន​សុខភាព ឬអាហារបំប៉នសុខភាព មួយចំនួនអាចង្កឲ្យមានហានិភ័យចំពោះសុខភាពនិង​ជួនកាលបង្កគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ ។

បើតាមក្រសួងសុខាភិបាល បានឲ្យដឹងថា កន្លងមកមានការឃោសនាខុស​ពីការពិតដូចជា អាហារប៉ប៉នសុខភាព ដែលមានដូចជាសារ៉ាយសមុទ្រ Spirulina និងអាហារបំប៉នផ្សេងទៀត ត្រូវគេឃោសនា លក់យ៉ាងផុលផុស ដោយបានប្រើប្រាស់​នូវខ្លឹមសារភូតកុហក បោសប្រាស់ ផ្ទុយពីគុណភាពរបស់ផលិតផលទំាងនោះ ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំក្នុងការទិញផលិតផលបពប៉នសុខភាព ឬអាហារបំប៉នសុខភាពមកប្រើប្រាស់សម្រាប់ព្យាបាលជំងឺ ដែលបណ្តាលឲ្យអូស​បន្លាយ​ពេលវេលាក្នុងការព្យាបាល បង្ករឲ្យការព្យាបាលជំងឺមិនបានទាន់ពេលវេលា ធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ឬឈានដល់ការបាត់បង់អាយុជីវិត ។

ក្រៅពីការសង្កេតឃើញរបស់ក្រសួងសុខាភិបាល ពលរដ្ឋមួយចំនួនធ្លាប់ប្រាប់ ​កោះសន្តិភាព ដែរថា ពួកគាត់បានឮ អ្នកលក់អាហារបំប៉នជាច្រើន អះអាងថា ​ផលិតផលនាំចូលរបស់ពួកគេអាចព្យាបាលជំងឺកាចសាហាវមួយចំនួនបានដូចជាជំងឺមហារីក​ ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម លើសឈាម ជាដើមនោះ ។ ហើយអាហារបំប៉ន​ទំាងនោះត្រូវគេលក់ក្នុងតម្លៃខ្ពស់ថែមទៀត ។

ពលរដ្ឋបាននិយាយថា អ្នកលក់អាហារបំប៉នខ្លះ បានតំាងខ្លួនជាវេជ្ជបណ្ឌិត ហើយ​ផលិតរបស់គេ បានឃោសនាថា បានព្យាបាលជំងឺសឹងជា ១០០មុខ ។ នៅក្នុងការ​ឃោសនា​លក់ផលិតផលរបស់ខ្លួន តាមប្រព័ន្ធផ្សព្វផ្សាយ អ្នកលក់ផលិតផលអាហារ​បំប៉នមួយចំនួន គ្រាន់តែសួរនាំពីអាការអ្នកជំងឺ តាមទូរស័ព្ទហើយធ្វើការសន្និដ្ឋាន​ថាពលរដ្ឋឈឺនេះ ឈឺនោះ និងប្រាប់ឲ្យទិញផលិតផលរបស់ខ្លួនយកទៅព្យាបាល ។ ផលិតផលដែលជាអាហារបំប៉ន ត្រូវបានគេដឹងថាលក់ក្នុងតម្លៃខ្ពស់ទៀតផង ។ ជាទូទៅពលរដ្ឋដែលទិញផលិតផលអាហារបំប៉នទៅទទួលទាននេះ ភាគច្រើន​ជាអ្នកនៅជនបទ ។

ក្រសួងសុខាភិបាលបានក្រើនរំលឹកពលរដ្ឋថា មានតែជួបពិភាក្សាជាគ្រូពេទ្យជំនាញទេទើបអាចទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវថា ពួកគាត់អាចទទួលទានអាហារកម្រិតណា ប្រភេទអ្វីខ្លះ ហើយថាបើត្រូវទទួលទានអាហារបំប៉នបន្ថែម គួរទទួលទានអ្វីនោះ ។ ការទិញអាហារបំប៉នតាមការឃោសនាអាចធ្វើឲ្យពលរដ្ឋខាតថវិកា និងខាតពេលវេលាព្យាបាលជំងឺធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ឬជ្រុលពេលក្នុងការព្យាបាលជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ