រាជធានីភ្នំពេញ ៖ អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល0x017d7 រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី៥០០ml ឡើងទៅ នោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល ។ ហើយបើការបាត់បង់ឈាមចាប់ពី១០០០ml នោះគេហៅថាការធ្លាក់ឈាមកម្រិតធ្ងន់ធ្ងរ ។ នេះជាការលើកឡើងរបស់កញ្ញាវេជ្ជបណ្ឌិត ជួង សុខណែត ឯកទេសសម្ភពនិងរោគស្ត្រី នៃមន្ទីពេទ្យកាល់ម៉ែត ។
កញ្ញាវេជ្ជបណ្ឌិត ជួង សុខណែត បានបញ្ជាក់ថា៖ ការធ្លាក់ឈាមក្រោយសម្រាលគេបែងចែកជា២ប្រភេទ៖

- ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ: រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី៥០០mlឡើងទៅក្នុងកំឡុងពេល២៤ម៉ោងក្រោយសម្រាល ។
- ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ: រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី៥០០ml ក្នុងរយៈពេលលើសពី ២៤ម៉ោងរហូតដល់៦សប្តាហ៍ ។
ចំណាំ៖
ចំពោះស្ត្រីដែលមានភាពស្លេកស្លាំងនៅពេលមានផ្ទៃពោះគ្រប់ខែ ទោះជាការបាត់បង់ឈាមតិចជាង៥០០ml ក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ មិនចាំបាច់ដល់តែលើសពី៥០០ml ទេ ។

មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល?
– ស្បូនទន់ ឬខ្សោយនៅការកន្ត្រាក់រួមមកវិញក្រោយសម្រាល (Atonie utérine 70%)
– ការដាច់រហែកនៅតំបន់ទ្វារមាស តំបន់មាត់ស្បូន ឬតំបន់ប៉េរីណេ (Déchirure des filières génitales 20%)
– ការនៅសល់សុក ឬកំទេចសុកនៅក្នុងស្បូន (Rétention placentaire ou débris placentaires 10%)
– វិបិត្តកំណកឈាម (Trouble de coagulation ១%) ។
កត្តាប្រឈម ៖ កត្តាបណ្តាលមកពីស្បូនរីកធំក្នុងកំឡុងពេលមានផ្ទៃពោះ ដូចជាករណី៖
• កូនថ្លោះ
•កូនភ្លោះ
• ទឹកភ្លោះច្រើន
– ស្ត្រីធ្លាប់សម្រាលកូនច្រើនដងស្ត្រីដែលធាត់ពេកពេលមានផ្ទៃពោះ
– ស្ត្រីដែលធ្លាប់មានប្រវត្តិធ្លាក់ឈាមក្រោយសម្រាល
– ឈឺពោះយូរ
– សម្រាលបុត្រលឿនពេក
– ស្ត្រីដែលមានសុកពាំងមាត់ស្បូន មានដុំឈាមកកនៅពីក្រោយសុក មានដុំសាច់នៅនឹងស្បូន។
– ស្ត្រីដែលមានភាពស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ ។
– កត្តាប្រឈមមកពីការប្រើប្រាស់ថ្នាំមួយចំនួន Inhibiteur calcique, Bêta-mimétique , Anticoagulants…
– កត្តាប្រឈមមកពីវិបត្តិកំណកឈាមពីកំណើត ។

កញ្ញាវេជ្ជបណ្ឌិត ជួង សុខណែត គូសបញ្ជាក់ថា ផលវិបាកដែលស្ត្រីអាចជួប(Complications)៖
– វិបត្តិកំណកឈាមដែលធ្វើឲ្យមានការបាត់បង់ជីវិត
– វិបត្តិផ្លូវតម្រងនោម (ខូចតម្រងនោម)
– វិបត្តិគ្មានកូន ។
កញ្ញាវេជ្ជបណ្ឌិត ជួង សុខណែត ឯកទេសសម្ភពនិងរោគស្ត្រី នៃមន្ទីពេទ្យកាល់ម៉ែតក៏បានរំលឹកថា៖ អនុសាស្ត្ររបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត៖
– ស្ត្រីគួរមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យដើម្បីឱ្យគ្រូពេទ្យស្វែងរកនៅកត្តាប្រឈមមួយចំនួនដែលស្ត្រីមាននៅកំឡុងពេលមានផ្ទៃពោះ ។
– ស្ត្រីគួរញ៉ាំជាតិដែកឱ្យបានតិចបំផុត៩០គ្រាប់ ចំពោះស្ត្រីដែលគ្មានភាពស្លេកស្លាំងពីមុន ។
– ស្ត្រីមិនត្រូវឱ្យឡើងទម្ងន់ខ្លួនខ្លាំងពេកទេនៅពេលមានផ្ទៃពោះរហូតដល់ពេលគ្រប់ខែ ។
– ស្ត្រីគួរមកពិនិត្យផ្ទៃពោះ និងសម្រាលបុត្រនៅកន្លែងណាដែលមានគ្រប់ជំនាញ និងសម្ភារៈចំពោះស្ត្រីដែលគ្រូពេទ្យរកឃើញថា គាត់មានកត្តាប្រឈមនៅពេលមានផ្ទៃពោះ ៕
ចែករំលែកព័តមាននេះ