ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​កាន់តែ​ច្បាស់ អ្វី​ទៅ​ជា​ជំងឺ​តេតាណូស?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សាស្ដ្រាចារ្យ តាំង សុ​វ​ណ្ណា ឯកទេស​សង្គ្រោះ​បន្ទាន់ និង​ប្រ​ពោ​ធន​កម្ម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ថា ៖ តេតាណូស…

រាជធានី​ភ្នំពេញ ៖ លោក​សាស្ដ្រាចារ្យ តាំង សុ​វ​ណ្ណា ឯកទេស​សង្គ្រោះ​បន្ទាន់ និង​ប្រ​ពោ​ធន​កម្ម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ថា ៖ តេតាណូស (Tétanos) គឺជា​ជំងឺ​មួយ​កើតឡើង​ដោយសារ​ជាតិពុល​របស់ Bactérie Clostridium tetani ទៅ​ភ្ជាប់​កោសិការ​ប្រព័ន្ធ​ប្រសាទ ហើយ​បណ្តាល​ឱ្យ​មានការ​កន្ត្រាក់​សាច់ដុំ ចាប់ផ្តើម​ដំបូង​នៅ​លើ​សាច់ដុំ​ផ្ទៃមុខ សាច់ដុំ​.​ក បណ្តាល ​អោយ​មានការ​ឈឺចាប់ ពិបាក​ហារ​មាត់ ពិបាក​លេបទឹកមាត់ និង​ចំណីអាហារ ដែល​តែងតែ​ចូល​មក​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​យើង​ជា​ញឹកញាប់​។

លោក​សាស្ដ្រាចារ្យ តាំង សុ​វ​ណ្ណា បាន​បកស្រាយ​បន្ថែម​ទៀត​ថា ៖ ជំងឺ​តេតាណូស​អាច​កើត ឡើង​ចំពោះ​មនុស្ស​យើង​គ្រប់​វ័យ និង​ទៅ​លើ​សត្វពាហនៈ​ផង​ដែរ​។ តែបើ​កើត​លើ​កូន​ក្មេង​ទើបនឹង​កើត​យើង​ច្រើន​ហៅ​ថា ជំងឺ​ស្ក​ន់​ជាន់​។ ដោយសារ​មិន​បានការ​ចាក់​ថ្នាំ​បង្ការ ឬ​ចាក់​មិន​បាន​គ្រប់គ្រាន់ (Vaccination incomplète) ឬ​មិន​បាន​ចាក់ រំលឹក​ឡើង​វិញ​(Absence de rappel) និង​ការ​ខ្វះ​អនាម័យ​ធ្វើ​អោយ​ជំងឺ​តេតាណូស​កើត​មាន​ឡើងជា​ញឹកញាប់ ហើយ​ធ្ងន់ធ្ងរ ដែល​បណ្តាល​អោយ​អ្នកជំងឺ​បាត់បង់​ជីវិត​។

១) ភ្នាក់ងារ​បង្ក​រោគ ៖
មេរោគ​នៃ​ជំងឺ​តេតាណូស​ឈ្មោះ​ក្លូ​ស​ទ្រី​ឌី​យ្យូ​ម​តេ​តានី (Clostridium tetani ou Bacillus tetani ou Bacille de Nicolaïer) គឺជា​បាក់​ស៊ី​ក្រាំ​បូក​មាន​ចលនា​រស់នៅ​ដោយ​មិន​ត្រូវការ​ខ្យល់​អុក​ស៊ី​សែន​។ មេរោគ​តេតាណូស​រស់នៅ​ក្នុង​ដី ក្នុង​លាមក​សត្វ​រស់នៅ​ក្នុង​ប្រដាប់​រំលាយ​អាហារ​របស់​មនុស្ស និង​សត្វពាហនៈ​ដែល​ស៊ី​ស្មៅ​ជា​អាហារ​។

មេរោគ​តេតាណូស​មាន​ទ្រង់ទ្រាយ​២ ៖

  • ទី​១៖ រូបរាង​ជា​បាក់​ស៊ី (forme végétative) ដែល​យើង​អាច​សំលាប់​ពួក​វា​បាន​ដោយសារ​ថ្នាំ​ផ្សះ ដោយសារ​កំ​ដៅ ដោយសារ​ថ្នាំ​សំលាប់​មេរោគ​ជា​ពិសេស​ពពួក​អាល់​កា​ឡាំង​។
  • ទី​២៖ រូបរាង​ជា​ស្ព័​រ (forme sporulée ) ដែល​រស់នៅ​បាន​យូរ​ឆ្នាំ​ដែល​ធន់​នឹង​កំ​ដៅ និង​ទឹក​ថ្នាំ​សំលាប់​មេរោគ​។ មេរោគ​តេតាណូស​បញ្ចេញ​ជាតិពុល​២​យ៉ាង​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ​គឺ​Tétanospasmine ធ្វើ​ដំណើរ​តាម​ចរន្តឈាម​និង​ទឹករងៃ​រួច​ទៅ​ភ្ជាប់ និង​កោសិកា​ប្រព័ន្ធ​ប្រសាទ រីឯ Tétanolysine ជួយ​សម្រួលការ​កើនឡើង​នៃ​មេរោគ​តេតាណូស​។ មេរោគ​នៃ​ជំងឺ​តេតាណូស​ចូល​មក​ក្នុង​ខ្លួន​មនុស្ស​យើង​តាម​រយៈ​របួស ដំបៅ សត្វ​ខាំ បើ​ទោះបី​បួស​នោះ​តិចតួច​ក្តី​។

២) រយៈពេល​បង្ក​រោគ ៖
ចាប់តាំងពី​ពេល​មេរោគ​តេ​ណូ​ស​ចូល​ក្នុង​ខ្លួន​យើង តាម​រយៈ​មុខរបួស​ដោយ​ប្រការ​ណាមួយ រហូត​ដល់​ចេញ​រោគ​សញ្ញា​តេតាណូស មាន​រយៈពេល​ជា​មធ្យម​ប្រហែល​ពី​១០​ថ្ងៃ​ទៅ​១៥​ថ្ងៃ​។ តែ​រោគ​សញ្ញា​អាច​នឹង​កើតឡើង​ពី​រយពេល​តិច​ជាង​២៤​ម៉ោង ដល់ ២១​ថ្ងៃ​។ កាលណា​រោគ​សញ្ញា​កាន់តែ​ឆាប់​កើតឡើង​ជំងឺ​តេតាណូស​កាន់តែ​ធ្ងន់ធ្ងរ​។

៣) រោគ​សញ្ញា​នៃ​ជំងឺ​តេតាណូស​មាន ៖

  • កា​រក​ន្ទ្រា​ក់​សាច់ដុំ​នៅ​លើ​ផ្ទៃមុខ​ធ្វើ​អោយ ៖ ពិបាក​ហាមាត់​((Trismus) មុខ​ដូច​ស្វា​សើច (rire sadonique) ពិបាក​លេបទឹកមាត់ ឬ​ចំណីអាហារ និង​ធ្វើ​អោយ​ឈ្លក់ (Dysphagie avec risque de fausse route)​។
  • កា​រក​ន្ទ្រា​ក់​សាច់ដុំ និង​សាច់ដុំ​ខ្នង​ធ្វើ​អោយ ៖ ក្បាល​ទាញ​មក​ក្រោយ​ឆ្អឹងខ្នង​កោង ផត​មក​មុខ (opisthotonos)​។
  • កា​រក​ន្ទ្រា​ក់​សាច់ដុំ​នៅ​អវយវៈ​លើ​ធ្វើ​អោយដៃ​បត់​ចូល​ហើយ​រឹង​។
  • កា​រក​ន្ទ្រា​ក់​សាច់ដុំ​នៅ​អវយវ​ក្រោម​ធ្វើ​អោយជើង​លាតសន្ធឹង​ត្រង់​ហើយ​រឹង​។
  • កា​រក​ន្ទ្រា​ក់​សាច់ដុំ​ទ្រូង​និង​សន្ទះ​ទ្រូង​ធ្វើ​អោយ​អ្នកជំងឺ​ពិបាក​ដកដង្ហើម​។
  • រោគ​សញ្ញា​ផ្សេង​ទៀត​មាន​ឡើង​ឈាម បេះដូង​ដើរ​ញាប់ បែកញើស​ខ្លាំង ក្តៅខ្លួន​។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​បេះដូង​ដើរ​យឺត និង​សម្ពាធ​ឈាម​ចុះ​។
  • មានការ​ក​ន្ទ្រា​ក់​សាច់ដុំ​ជាប់​និង​មានការ​ឈឺចាប់​ខ្លាំង​។ កា​រក​ន្ទ្រា​ក់​សាច់ដុំ​នេះ​ខ្លាំង​ឡើង​ៗ នៅ​ពេល​លឺ​សំឡេង ពេល​ត្រូវ​ពន្លឺ ឬ​នៅ​ពេល​គ្រូពេទ្យ​ពិនិត្យ​។

៤) វិធានការ​ការពារ ៖ ជំងឺ​តេតាណូស គឺជា​ជំងឺ​មួយ​ដែល​យើង​ទាំងអស់​គ្នា​អាច​ការពារ​បាន​៖

  • ចាក់​ថ្នាំ​បង្ការ​តេតាណូស (Vaccination antitétanique) អោយ​បាន​គ្រប់គ្រាន់ និង​ចាក់​រំលឹក​ឡើង​វិញ​។
  • ក្នុង​ករណី​មាន​របួស​ដោយ​ប្រការ​ណាមួយ​យើង ៖
    • ត្រូវ​លាង​សំអាត​មុខរបួស​ដោយ​ទឹក​ស្អាត ទឹក​ថ្នាំ​សម្លាប់​មេរោគ​។
    • ត្រូវ​ចាក់ Sérum antitétanique (SAT) ត្រូវ​ចាក់ Vaccin antitétanique (VAT)​។

លោក​សាស្ដ្រាចារ្យ តាំង សុ​វ​ណ្ណា ឯកទេស​សង្គ្រោះ​បន្ទាន់ និង​ប្រ​ពោ​ធន​កម្ម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​រំលឹក​ផង​ដែរ​ថា ៖ ជំងឺ​តេតាណូស តែងតែ​កើតឡើង​ចំពោះ​អ្នក​មិន​បាន​ចាក់​ថ្នាំ​ការពារ​តេតាណូស អ្នក​ចាក់​មិន​បាន​គ្រប់គ្រាន់ អ្នក​ចាក់​បាន​គ្រប់​គ្រាន់តែ​មិន​បាន​ចាក់​រំលឹក​ឡើង​វិញ នៅ​ពេល​មាន​របួស​ដោយ​ប្រការ​ណាមួយ​។ ដើម្បី​ការពារ​ជំងឺ​តេតាណូស​សូម​បងប្អូន​ទៅ​ចាក់​ថ្នាំ​បង្ការ​នៅ​តាម​មន្ទី​ពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​អស់លោក​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ