ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ែ​ត​វូ​ត​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ស្រា​បៀរ Budweiser នៅ​ប្រទេស​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អ៊ែ​ត​វូ​ត អាហរ័ណ នីហរ័ណ របស់​លោក​ជំទាវ​ឧកញ៉ា លឹ​ម ឈី​វ​ហូ ជា​អគ្គ​នាយិកា​បាន​ទទួល​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​ស្រា​បៀរ​របស់​អា​មេ​រិ​ក​គឺ​ស្រា​បៀរ Budweiser នៅ​ក្នុង​ទីផ្សារ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អ៊ែ​ត​វូ​ត អាហរ័ណ នីហរ័ណ របស់​លោក​ជំទាវ​ឧកញ៉ា លឹ​ម ឈី​វ​ហូ ជា​អគ្គ​នាយិកា​បាន​ទទួល​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​ស្រា​បៀរ​របស់​អា​មេ​រិ​ក​គឺ​ស្រា​បៀរ Budweiser នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ ។ កាលពី​រាត្រី​ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​សណ្ឋាគារ​ភ្នំពេញ​ក្រុមហ៊ុន អ៊ែ​ត​វូ​ត អាហរ័ណ នីហរ័ណ ក៏​បាន​រៀបចំ​ពិធី​អបអរសាទរ និង​ចុះ​កិច្ចព្រមព្រៀង​លើ​ការ​ទទួល​សិទ្ធិ​ពី​ក្រុមហ៊ុន Anheuser-Busch InBev ផង​ដែរ ។

ពិធី​នេះ​ក៏​មានការ​ចូលរួម​យ៉ាង​អធិកអធម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ព្រមទាំង​មាន​វត្តមាន​លោក ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រ​សី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក តាន់ សែ​ឆាយ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ែ​ត​វូ​ត បានឱ្យ​ដឹង​ថា​ជាង​២០​ឆ្នាំ​មកនេះ អ្នក​ឈានមុខ​ទីផ្សារ​ទុកចិត្ត​លើ​បទ​ពិសោធន៍ បណ្ដាញ​ទំនាក់ទំនង និង​ការ​ជឿ​ទុកចិត្ត​យើង​ក្នុង​ការ​នាំ​ចូល​ផលិតផល​របស់​ពួក​គាត់​ម​កាន់​ទីផ្សារ​ដែល​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​អតិថិជន​យល់​ដឹង​ពី​ម៉ាក​ល្បី​ៗ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។
លោក​បន្ត​ថា​ក្រុមហ៊ុន អ៊ែ​ត​វូ​ត មាន​ប្រវត្តិ​នាំ​ចូល និង​ចែកចាយ​ស្រា​ច្រើន​ប្រភេទ​ជា​យូរណាស់​មក​ហើយ ដោយសារ​តែ​ការ​មើលឃើញ​ពី​ចក្ខុវិស័យ​នៃ​ការ​និយម​ពិសារ​ស្រា​របស់​ប្រជាពលរដ្ឋ ទើប​ក្រុមហ៊ុន​នៅ​តែ​មាន​ភាព​រីក​ចម្រើន​ជា​លំដាប់ ។ គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​២២​ឆ្នាំ​ហើយ​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​អាជីវកម្ម​មួយ​នេះ និង​បាន​បន្ត​កើន​ឡើងជា​លំដាប់​ស្រប​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ក្នុង​រង្វង់​៧​ភាគរយ​ផង​ដែរ ។

លោក​បន្ថែម​ថា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន អ៊ែ​ត​វូ​ត បាន​នាំ​ចូល និង​ចែកចាយ​ស្រា​ម៉ាក​ល្បី​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​ស្រា Hennessy , Johnnie Walker , Kickapoo Joy Juice ស្រា​បៀរ Corona និង​ពេល​នេះ​នាំ​ចូល និង​ចែកចាយ​ស្រា​បៀរ Budweiser មួយ​ប្រភេទ​ទៀត​ផង​ដែរ ។

លោក Ricardo Vasques ប្រធាន​ផ្នែក​ធុរកិច្ច​ប្រចាំ​តំបន់​អាស៊ី​អា​គ្នេ​ហ៍​នៃ​ក្រុមហ៊ុន Anheuser-Busch InBev បានឱ្យ​ដឹង​ថា « យើង​ពិតជា​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន អ៊ែ​ត​វូ​ត ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ស្រា Budweiser ក្លាយជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លក្ខណៈ​អន្តរជាតិ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​បទ​ពិសោធន៍​ដ៏​ល្អ​របស់​ក្រុមការងារ នឹង​ជួយ​យើង​ក្នុង​ការ​ធ្វើ​អោយ​ម៉ាក​នេះ​ល្បីល្បាញ​ទូ​ទាំង​ប្រទេស » ។

លោក Willaim A. Herdt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​ថា ស្រា​បៀរ Budweiser គឺជា​ស្រា​បៀរ​ដែល​ល្បី​បំផុត​នៅ​សហរដ្ឋអាមេរិក ហើយ​បាន​ដើរតួ​ជា​តំណាង​ឱ្យ​ក្តី​សុ​បិ​ន្ត​របស់​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជាង​១​សតវត្ស​ហើយ ។ ស្រា​បៀរ​នេះ​ត្រូវ​បាន​ចាប់ផ្ដើម​ផលិត​នៅ​ក្នុង​ឆ្នាំ​១៨៧៦ ដោយ​អណិកជន​អា​ល្លឺ​ម៉​ង់​មួយ​រូប​រស់នៅ​សហរដ្ឋអាមេរិក ។ ១៤០​ឆ្នាំ​ក្រោយ​ស្រា​បៀរ Budweiser គឺជា​ស្រា​បៀរ​ដែល​លក់ដាច់​ជាងគេ​នៅ​លើ​ពិភពលោក និង​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ប្រទេស​៨៥​រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ ។

លោក​បន្ត​ថា​ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន អ៊ែ​ត​វូ​ត ជា​ក្រុមហ៊ុន​ចែកចាយ​ទំនិញ​ធំ​ៗ​ជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​បណ្ដាញ​ចែកចាយ​បន្ត​ទៅ​ទូ​ទាំង​ប្រទេស​ដូចនេះ​ខ្ញុំ​គិត​ថា​ក្រុមហ៊ុន​ទាំង​ពីរ​គឺជា​ដៃគូរ​ធ្វើ​អាជីវកម្ម​ដែល​សម​គ្នា​បំផុត ។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ក៏​បាន​កោត​ស​សើរ​ក្រុមហ៊ុន អ៊ែ​ត​វូ​ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ ជា​ពិសេស​កោតសរសើរ​ដល់​លោក​ជំទាវ ឧកញ៉ា លឹ​ម ឈី​វ​ហូ អគ្គ​នាយិកា​ក្រុមហ៊ុន អ៊ែ​ត​វូ​ត ដែល​បាន​ក្លាយជា​ស្ត្រី​គំរូ​ដ៏​ល្អ​សម្រាប់​ស្ត្រី​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​និយាយ​ថា ៖ « ក្នុង​នាម​ខ្ញុំ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ខ្ញុំ​ពិតជា​រីករាយ​ក្នុង​ការ​ជួយ​ក្រុមហ៊ុន​អា​មេ​រិ​ក​ឱ្យ​មាន​លទ្ធភាព​បោះ​ជំ​ហ៊ាន និង​ឈាន​ជើង​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា ហើយ​ការ​ឈាន​ជើង​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក គឺជា​សញ្ញា​ដ៏​វិជ្ជមាន​ដែល​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​ការ​អភិវឌ្ឍន៍​ខាង​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា ។ គោលដៅ​មួយ​សំខាន់​របស់ខ្ញុំ គឺ​បន្ត​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ដ៏​អស្ចារ្យ​ថែម​ទៀត​តាម​រយៈ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បង្កើន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា និង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ » ។

លោក ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា វត្តមាន​ស្រា​បៀរ Budweiser នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នឹង​ជំរុញ​ឱ្យ​មាន​ភាព​រស់​រវើក​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​កម្សាន្ត និង​ភោជនីយដ្ឋាន​ដែល​ជា​វិស័យ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ហើយ​នេះ​គឺជា​ដំណឹង​ល្អ​ដែល​ស្រា​បៀរ Budweiser ក្លាយជា​ផលិតផល​ផ្ដាច់មុខ​មួយទៀត​របស់​ក្រុមហ៊ុន អ៊ែ​ត​វូ​ត អាហរ័ណ នីហរ័ណ បន្ថែម​លើផលិតផល​ម៉ាក​ល្បី​ៗ​ដែល​មាន​ស្រាប់​ដូច
ជា​ស្រា Johnnie Walker , Hennessy និង​ទឹកបរិសុទ្ធ​ណា​វី​ជាដើម ។

លោក​បន្ត​ថា ៖ « ខ្ញុំ​បាន​កត់សម្គាល់​ឃើញថា​ក្រុមហ៊ុន អ៊ែ​ត​វូ​ត អាហរ័ណ នីហរ័ណ គឺជា​ក្រុមហ៊ុន​គំរូ​សម្រាប់​វិស័យ​ឯកជន ដែល​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ចជាតិ ខណៈ​ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន​ជា​ចំណុច​ស្នូល​ជា​គោលដៅ​អភិវឌ្ឍន៍​ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ។ ដូចនេះ​ខ្ញុំ​សូម​ធានា និង​ផ្ដល់​នូវ​ការ​គាំទ្រ​ពេញលេញ​ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​ក្រុមហ៊ុន​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​ជោគជ័យ និង​ចែករំលែក​សកម្មភាព​ធ​រុ​កិច្ច​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ផង
ដែរ​» ៕