ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម ឌី​ម៉ា និង រិ​ទ្ធ មុន្នី ត្រៀម​កណ្តាប់ដៃ​វ៉ៃ​ជាមួយ​កីឡាករ​ថៃ​នៅ​ថ្ងៃអាទិត្យខាន​​ស្អែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ ទី​១៣ វិច្ឆិកា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​នឹង​បើក​សង្វៀន​ឱ្យ​កីឡាករ​កម្ពុជា​២​រូប​គឺ​ឃី​ម ឌី​ម៉ា និង​រិ​ទ្ធ មុន្នី ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ជា​លក្ខណៈ​មិត្តភាព ។ ជំនួប​របស់​អ្នក​ទាំង​៤​ត្រូវ​គេ​រំពឹង​ថា

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ ទី​១៣ វិច្ឆិកា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​នឹង​បើក​សង្វៀន​ឱ្យ​កីឡាករ​កម្ពុជា​២​រូប​គឺ​ឃី​ម ឌី​ម៉ា និង​រិ​ទ្ធ មុន្នី ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ជា​លក្ខណៈ​មិត្តភាព ។ ជំនួប​របស់​អ្នក​ទាំង​៤​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ច្រើន​ក្នុង​ចំណោម​អ្នក​ស្នេហា​កីឡាប្រដាល់ ។

ការ​ប្រកួត​ដែល​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃអាទិត្យ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មានការ​រំពឹង​ទុក​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ថ្ងៃអាទិត្យ​ដែល​ជា​ម៉ោង​សម្រាក​ពេល​ព្រឹក ហើយ​រមែង​មាន​អ្នក​ទស្សនា​កកកុញ​ស្រាប់​បើ​ទោះជា​ការ​ប្រកួត​ស្ថិត​ក្នុង​លក្ខណៈ​ជាតិ និង​ជាតិ​ក្តី ។ កីឡាករ​កម្ពុជា​២​រូប​គឺ​ឃី​ម ឌី​ម៉ា និង​រិ​ទ្ធ មុន្នី ក្លាយជា​គូ​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃខានស្អែក ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ឲ្យ​ពួក​គេ​ប្រកួត​គ្នា​នេះ​ទៅ​ទៀត ។ ក្នុង​នោះ​ភាគី​កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​ខ្លួន​សាក​កណ្ដាប់ដៃ​គ្នា​តាំងពី​ឮ​មានការ​ផ្គូផ្គង​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធីប្រកួត​ប្រចាំ​សង្វៀន​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេច​ដាក់​ឃី​ម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ឱ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យុគ ភី​ត ក្នុង​នាម​ជា​គូ​ឯក​បើក​ឆាក​អន្តរជាតិ​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នោះ​។ លោក​ថា​ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​គឺ​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​ជា​មួយគូ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង​។ លោក​ថា​កីឡាករ​ឃី​ម ឌី​ម៉ា អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​សម្រាប់​ព្រឹក​ថ្ងៃអាទិត្យ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿ​ជាក់​​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា​រូប​នេះ ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ បើ​ទោះជា​កីឡាករ​ថៃ​មាន​សមត្ថភាព​មិន​អាច​មើល​ស្រាល​បាន​ក្ដី ។ លោក​និយាយ​ថា ៖« សម្រាប់​គូ​នេះ​កីឡាករ​ថៃ​ខ្លាំង​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ទុកចិត្ត​លើ ឃី​ម ឌី​ម៉ា បើ​ទោះជា​មួយ​រយៈ​ហ្នឹង​គឺ​មើលទៅ​ធ្លាក់ដៃ​ជាង​មុន​!» ។ លោក​ថា កីឡាករ​ថៃ​យុគ ភី​ត ធ្លាប់​ប្រកួត​៧១​លើក ឈ្នះ​៦១​លើក  និង​ចាញ់​៩​លើក​ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៨៤​លើក ឈ្នះ​៧០​លើក ចាញ់​១២​លើក និង​ស្មើ​២​ដង ។

សម្រាប់​កីឡាករ​រិ​ទ្ធ មុន្នី លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ​ឆាំ ណា​ដេ​ត នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ពេល​ព្រឹក​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ​ក្នុង​ពេល​ដែល​រិ​ទ្ធ មុន្នី ម្ដង​ក៏​មាន​សន្ទុះ និង​ម្ដង​ក៏​រាង​ធ្លាក់ដៃ​ដែល​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ហាក់​មិនសូវ​មាន​ទំនុកចិត្ត​។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៩​លើក ឈ្នះ​៦៨​លើក ចាញ់​៩​លើក និង​ស្មើ​២​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៥៥​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​យប់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ​ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ ៕