ការចិញ្ចឹមសត្វ រួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ
- ព្រះសីហនុ
ខេត្តព្រះសីហនុ៖ លោក វ៉ែន ស៊ីវន ជាគ្រូបង្រៀនផ្នែកគណិតវិទ្យា នៅសាលាអនុវិទ្យាល័យសម្តេចឪ ក្នុងខេត្តព្រះសីហនុ។ ក្រៅពីបង្រៀនសិស្សនៅសាលា លោកគ្រូ បានចិញ្ចឹមសត្វ…
ខេត្តព្រះសីហនុ៖ លោក វ៉ែន ស៊ីវន ជាគ្រូបង្រៀនផ្នែកគណិតវិទ្យា នៅសាលាអនុវិទ្យាល័យសម្តេចឪ ក្នុងខេត្តព្រះសីហនុ។ ក្រៅពីបង្រៀនសិស្សនៅសាលា លោកគ្រូ បានចិញ្ចឹមសត្វ…
ខេត្តព្រះសីហនុ៖ លោក វ៉ែន ស៊ីវន ជាគ្រូបង្រៀនផ្នែកគណិតវិទ្យា នៅសាលាអនុវិទ្យាល័យសម្តេចឪ ក្នុងខេត្តព្រះសីហនុ។ ក្រៅពីបង្រៀនសិស្សនៅសាលា លោកគ្រូ បានចិញ្ចឹមសត្វ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពគ្រួសាររបស់លោកគ្រូ។
ជួបអ្នកយកព័ត៌មានកាសែតកោះសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោកគ្រូ ស៊ីវន បានឲ្យដឹងថា រូបលោក មានឪពុកម្តាយ ជាកសិករ ប្រកបរបរធ្វើស្រែ-ចំការ និងចិញ្ចឹមសត្វ។ ដោយសារតែមានដើមកំណើតឈាមជ័រ ជាកូនកសិករ ក្រោយបញ្ចប់ការសិក្សា នៅសាលាគរុកោសល្យ ភូមិភាគ តាកែវ នៅឆ្នាំ១៩៨៩ រូបលោក បានចេញមកបង្រៀន ផ្នែកគណិតវិទ្យា នៅសាលាអនុវិទ្យាល័យសម្តេចឪ ក្នុងក្រុង/ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ក្រៅពីការងារជាមន្ត្រីរាជការ និងមានឧប្បនិស្ស័យ ជាកូនកសិករ លោកមានចំណូលចិត្តលើវិស័យកសិកម្ម ដូចជា ការដាំដំណាំផ្សេងៗ និងការចិញ្ចឹមសត្វ។ល។
លោក វ៉ែន ស៊ីវន បានបន្តថា ក្រៅពីម៉ោងបង្រៀនសិស្ស លោកបានរៀបចំបើកជាកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង លើទំហំដីប្រមាណជាងពីរហិកតា ដែលមានទីតាំងស្ថិតនៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សត្វ ដែលលោកគ្រូចិញ្ចឹម មានដូចជា មាន់ក្រិចតួគី មាន់ស្រែ ទាកាប ទាកាប៉ា និងក្ងាន។
លោកបានបញ្ជាក់ទៀតថា ការងារចិញ្ចឹមសត្វនេះ គឺការឲ្យចំណីតាមបែបធម្មជាតិ ដូចជា យកដើមចេកមកហាន់ជញ្រ្ចាំ លាយជាមួយកន្ទួក និងស្រូវពាក់កណ្តាល ក្នុងនោះ ក៏មានឲ្យចំណីកូនមាន់កូនទា ដែលមានអាយុចាប់ពីមួយថ្ងៃ ដល់ ៣០ថ្ងៃ ប្រើចំណីកូនមាន់របស់ក្រុមហ៊ុន។ ចំណែកទឹកសម្រាប់កូនមាន់ និងកូនទា ត្រូវប្រើវីតតាម៉ីនការពារជំងឺ ក្នុង ១សប្តាហ៍ ចំនួន ៣ដង ដើម្បីឲ្យកូនមាន់ឆាប់បានធំធាត់។
លោកគ្រូ បន្ថែមថា ក្នុងដំណាក់កាលមេមាន់ពង ត្រូវបានរៀបចំតាមបែបលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ ដោយប្រើទូកំដៅអ៊ុនៗ ក្នុងការភ្ញាស់កូនមាន់ ដោយមិនទុកឲ្យមេក្រាប នាំឲ្យខាតពេលវេលា។
បច្ចុប្បន្ននេះ នៅក្នុងកសិដ្ឋានរបស់លោកគ្រូ កំពុងតែនាំចូលទីផ្សារជាបណ្តើរៗហើយ។ ទាំងមាន់-ទា ក្នុងតម្លៃសមរម្យ ហើយទទួលបានផលចំណេញ អាចលើកកម្ពស់ជីវភាពគ្រួសារមន្ត្រីរាជការដូចជាលោកគ្រូបានមួយកម្រិត។
លោក វ៉ែន ស៊ីវន បានសំណូមពរដល់មន្ទីរជំនាញពាក់ព័ន្ធ ជួយផ្តល់ជំនាញបច្ចេកទេសនៃការចិញ្ចឹមសត្វបន្ថែម ដែលលោកមានស្រាប់ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ចៀសវាងពីហានិភ័យ ដោយសារជំងឺ ដែលកើតឡើង ដោយយថាហេតុ៕ រស់ ភីណា
ចែករំលែកព័តមាននេះ