ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្ម រុក្ខាប្រាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំពិធីអបអសាទរទិវាមច្ឆាជាតិ០១កក្កដា ថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥ ក្រោមវត្តមានគណអធិបតី
លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ លោក នេន ចំរើន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងមានការចូលរួមពី សហគមន៍នេសាទ ប្រជាពលរដ្ឋចំនួន៥០នាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១៥០នាក់ នៅសហគមន៍ស្រះជម្រកត្រី(ត្រពាំងក្រោយវត្តសុវណ្ណគង្គា) ស្ថិតក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក នេន ចំរើន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សហគមន៍នេសាទ ប្រជាពលរដ្ឋចំនួន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមក្នុងពិធីអបអសាទរទិវាមច្ឆាជាតិ ០១កក្កដា ថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានឃុំសាមគ្គីយើងនេះ ហើយនៅក្នុងឱកាស់នេះ ខណ្ឌរដ្ឋបាលជលផលកំពង់សោម ក៍បានលែងកូនត្រីសរុបចំនួន ៣០,០០០កូន ប្រភេទកូនត្រីដូចជា ត្រីឆ្ពិន ត្រីកាប ត្រីកាបឥណ្ឌា និងត្រីកាបស៊ីស្មៅ ។
លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញមានសំណេះសំណាលថា ជាការពិត ការរៀបចំពិធីមច្ឆជាតិនេះ គឺជាពិធីមួយប្រារព្ធឡើងដើម្បីដាស់ស្មារតី ពញ្ញាក់ អារម្មណ៍ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន យុវនារី ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធឱ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍ធនធានជលផល ឬវារីសត្វជាប្រពៃណីជាតិ ។ អង្គពិធីទាំងមូលជាទីមតីពិធីបុណ្យ ទិវាមច្ឆជាតិ ប្រារព្ធឡើងនាពេលនេះ មានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅសម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាការពារអភិរក្ស និងបង្កើនផលស្តុកធនធានជលផលក្នុងធម្មជាតិឱ្យកាន់តែសំបូរឡើងថែមទៀតក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ។
លោកអភិបាលរងខេត្តបានបន្តថា ការចូលរួមរបស់បងប្អូននៅថ្ងៃនេះ គឺជានិម្មិតរូបមួយនៃការបន្តវប្បធម៌ប្រពៃណីឧស្សាហ៍ព្យាយាម និងច្នៃប្រឌិតរបស់ប្រជាជនខ្មែរយើងដែលមានតាំងពីបរមបុរាណមកម្លេះ ហើយទុកជា កេរ្តិ៍មរតកឱ្យ មនុស្សជំនាន់ក្រោយចេះស្រឡាញ់ថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិរួមមាន ៖ សត្វព្រៃ មច្ឆជាតិ ព្រៃកោងកាង ព្រៃឈើ និងរ៉ែក្នុងដី ដែលមានប្រយោជន៍សន្ធឹកសន្ធាប់ ក្នុងការជួយផ្គត់ផ្គង់ ជីវភាពប្រជាជន និងកូនចៅពីជំនាន់មួយទៅជំនាន់មួយទៀត ។
នៅក្នុងឱកាសនោះ លោកក៍សូមជម្រាបជូនអង្គពិធីទាំងមូលថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី០១ ខែកក្កដា ជាទិវាមច្ឆជាតិ និងតែងតែប្រារព្ធជារៀងរាល់ឆ្នាំក្នុងរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្ស ធនធានជលផល ដែលជាធនធានធម្មជាតិដ៏មានតម្លៃរបស់យើង និងដើម្បីឱ្យត្រីមេពូជទាំងឡាយបន្ត ពូជ ពងកូន និងរីកធំធាត់។ ហើយពិតជាសំណាងណាស់ ដែលប្រទេសកម្ពុជាយើងសម្បូរត្រីនៅគ្រប់ទីកន្លែង ។ ម្យ៉ាងទៀត ត្រី គឺជាប្រភពអាហារដ៏ចម្បងមួយ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ដែលយើងចាំបាច់ត្រូវរួមគ្នាការពារ និងអភិរក្ស និងអភិវឌ្ឍន៍សម្រាប់កូនចៅជំនាន់ក្រោយៗទៀតរបស់ យើង ។ ជាពិសេស ក្រឡេកមកមើលខេត្តព្រះសីហនុរបស់យើងវិញ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានចម្ងាយ២៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ និងមានព្រំប្រទល់ខាងជើងជាប់ និងខេត្តកោះកុង ខាងកើតជាប់នឹងខេត្តកំពត និងកំពង់ស្ពឺ ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ ថៃ និងមានប្រវែងឆ្នេរសមុទ្រ៣០% នៃឆ្នេរសមុទ្រសរុបរបស់ប្រទេសកម្ពុជា ដែលទំហំនេះពិតជាធំ និងមានសក្តានុពលចំពោះធនធានជលផលរបស់យើងជាខ្លាំង និងសម្បូរទៅដោយធនធានជលផល ទាំងទឹកសាប និងទឹកប្រៃ ៕









ចែករំលែកព័តមាននេះ