ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើកីឡាករកម្ពុជា ណាខ្លះ ជាម្ចាស់ជ័យលាភី មេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ?

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំ​ពេញ៖ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដែលបានបិទបញ្ចប់​នៅថ្ងៃទី២៣ ខែឧសភានេះ កីឡាករកម្ពុជាយើង ទទួល​បានមេដាយសរុប ៦៣គ្រឿង…

ភ្នំ​ពេញ៖ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដែលបានបិទបញ្ចប់​នៅថ្ងៃទី២៣ ខែឧសភានេះ កីឡាករកម្ពុជាយើង ទទួល​បានមេដាយសរុប ៦៣គ្រឿង ក្នុងនោះ មេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៣ និងសំរឹទ្ធ៤១គ្រឿង។ ​

តាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុនសង្គ្រាមកើតឡើង កម្ពុជារកបានមេដាយមាស រហូតដល់ពីរខ្ទង់ គឺស៊ីហ្គេម លើកទី៣ ឆ្នាំ១៩៦៥ រកបានមេដាយមាស ចំនួន ១៥គ្រឿង ស៊ីហ្គេម លើកទី៦ ឆ្នាំ១៩៧១ រកបានមេដាយមាស ចំនួន ១៧គ្រឿង និងស៊ីហ្គេម លើកទី៧ ឆ្នាំ១៩៧៣ រកបានមេដាយមាសចំនួន ៩គ្រឿង។

ចាប់ពីស៊ីហ្គេម លើកទី៨ ដល់ទី១១ ឆ្នាំ១៩៨១ កម្ពុជាមិនបានបញ្ជូនអត្តពលិកទៅចូលរួមប្រកួតទេ ដោយសារសង្គ្រាម។ ស៊ីហ្គេម លើកទី១២ និងលើកទី១៣ កម្ពុជាបានចាប់ផ្តើមបញ្ជូនអត្តពលិក​ទៅចូលរួមប្រកួតជាថ្មី ប៉ុន្តែមិនទទួលបានមេដាយឡើយ ហើយស៊ីហ្គេម លើកទី១៤ ឆ្នាំ១៩៨៧ ទើបកម្ពុជារកបានមេដាយ។

មេដាយ ដែលកម្ពុជា ទទួល​បាន​ក្នុងស៊ីហ្គេម កន្លងមក រួមមាន៖
-ស៊ីហ្គេម លើកទី២ ឆ្នាំ១៩៦១៖ មាស១ ប្រាក់៦ សំរឹទ្ធ ៥ សរុប ១១
-ស៊ីហ្គេម លើកទី៣ ឆ្នាំ១៩៦៥៖ មាស១៥ ប្រាក់១៩ សំរឹទ្ធ១៧ សរុប ៥១
-ស៊ីហ្គេម លើកទី៦ ឆ្នាំ១៩៧១៖ មាស១៧ ប្រាក់១៨ សំរឹទ្ធ១៨ សរុប ៥៣
-ស៊ីហ្គេម លើកទី៧ ឆ្នាំ១៩៧៣៖ មាស៩ ប្រាក់១២ សំរឹទ្ធ៣០ សរុប ៥១
-ស៊ីហ្គេម លើកទី១៤ ឆ្នាំ១៩៨៧៖ ប្រាក់១ សំរឹទ្ធ៩ សរុប ១០
-ស៊ីហ្គេម លើកទី១៨ ឆ្នាំ១៩៩៥៖ សំរឹទ្ធ ២ សរុប ២
-ស៊ីហ្គេម លើកទី១៩ ឆ្នាំ១៩៩៧៖ សំរឹទ្ធ៦ សរុប ៦
-ស៊ីហ្គេម លើកទី២១ ឆ្នាំ២០០១៖ មាស១ ប្រាក់១ សំរឹទ្ធ៥ សរុប ៧
-ស៊ីហ្គេម លើកទី២២ ឆ្នាំ២០០៣៖ មាស១ ប្រាក់៥ សំរឹទ្ធ១១ សរុប ១៧
-ស៊ីហ្គេម លើកទី២៣ ឆ្នាំ២០០៥៖ ប្រាក់៣ សំរឹទ្ធ៩ សរុប ១២
-ស៊ីហ្គេម លើកទី២៤ ឆ្នាំ២០០៧៖ មាស២ ប្រាក់៥ សំរឹទ្ធ១១ សរុប ១៨
-ស៊ីហ្គេម លើកទី២៥ ឆ្នាំ២០០៩៖ មាស៣ ប្រាក់១០ សំរឹទ្ធ២៧ សរុប ៤០
-ស៊ីហ្គេម លើកទី២៦ ឆ្នាំ២០១១៖ មាស៤ ប្រាក់១១ សំរឹទ្ធ២៤ សរុប ៣៩
-ស៊ីហ្គេម លើកទី២៧ ឆ្នាំ២០១៣៖ មាស៨ ប្រាក់១១ សំរឹទ្ធ២៨ សរុប ៤៧
-ស៊ីហ្គេម លើកទី២៨ ឆ្នាំ២០១៥៖ មាស១ ប្រាក់៥ សំរឹទ្ធ៩ សរុប ១៩
-ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧៖ មាស៣ ប្រាក់២ សំរឹទ្ធ១២ សរុប ១៧
-ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩៖ មាស៤ ប្រាក់៦ សំរឹទ្ធ៣៦ សរុប ៤៦
-ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមក២០២២) ៖ មាស៩ ប្រាក់១៣ សំរឹទ្ធ៤១ សរុបចំនួន ៦៣។

សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ដែលទើបតែបិទបញ្ចប់ នៅប្រទេសវៀតណាម នាថ្ងៃទី២៣ ខែឧសភានេះ កីឡាករកម្ពុជា ដែលជាម្ចាស់មេដាយមាស ៩គ្រឿង រួមមាន៖

១-កីឡាប្រដាល់គុនខ្មែរ៖

កីឡាករ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) វិញ្ញាសាទម្ងន់ ៦៣,៥គីឡូក្រាម

២-កីឡាប្រដាល់ឃីកបុកស៊ីង៖

កីឡាករ ទូច រ៉ាឆាន់ វិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម

៣- កីឡាចំបាប់៖

កីឡាករ ស៊ូ បាលី វិញ្ញាសា Freestyle ទម្ងន់ ១២៥គីឡូក្រាម

៤- កីឡាតេក្វាន់ដូ WT៖

កីឡាករ វ៉ា មិថុនា វិញ្ញាសាបុរស Kyorugi ទម្ងន់ ៧៤គីឡូក្រាម

៥- កីឡាប៉ូល និងប៉េតង់៖  

កីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា វិញ្ញាសាវាយគូចម្រុះបុរស-នារី។

កីឡាការិនី អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី និង ឌួង ឌីណា វិញ្ញាសាវាយក្រុមនារី ៣នាក់ ទល់ ៣នាក់

៦- កីឡាវ៉ូវីណាម៖

កីឡាក លី បូរ៉ាមី, ជ្រិន ប៊ុនឡុង, ប្រាក់ សុវណ្ណនី និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី វិញ្ញាសាសម្ដែងការពារខ្លួនស្រី ១ ប្រុស ៣ មានអាវុធ

កីឡាករ អេ វីរៈខាំឈីតភូថង វិញ្ញាសាប្រយុទ្ធទម្ងន់ ៦៥គីឡូក្រាម។

កីឡាករ ជិន ពិសិដ្ឋ និង ម៉េត សុភត្ដ្រា វិញ្ញាសាក្រុមការពារខ្លួនកាំបិតធំ បុរស ២នាក់។

សូមរម្លឹកថា ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ កម្ពុជា​បានទទួលទង់ ស៊ីហ្គេម ដើម្បីកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍​ ស៊ីហ្គេម នៅឆ្នាំ២០២៣​។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាស អំពាវ​នាវ​ឲ្យ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ ត្រៀមចូលរួមគាំទ្រ និង​អប​អរ​សា​ទរ​ដល់​ដំ​ណើរ​មក​ដល់​នៃ​ទង់​ស៊ីហ្គេម (SEA Games) ដើម្បីកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ-កីឡាការិនី ជ័យ​លាភី​មេ​ដាយ​មាស ប្រាក់ និងមេដាយសំរឹទ្ធ ឲ្យ​បាន​ច្រើន​កុះ​ករ។

ពិធីដង្ហែទង់ស៊ីហ្គេម​ និងអបអរដល់កីឡាករកីឡាការិនីជ័យលាភី​នេះ នឹងធ្វើឡើង នាវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ២០២២ ដោយក្បួនរថយន្ត នឹងចាកចេញពីអាកាស​យានដ្ឋាន​​អន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធ​រុស្ស៊ី បត់តាម​មហាវិថីព្រះនរោត្តម ត្រង់មន្ទីរពេទ្យ​ព្រះអង្គឌួង ឆ្ពោះទៅ​វិមានឯករាជ្យ ព័ទ្ធជុំវិញ​សួនវិមានឯករាជ្យខាងកើត ត្រឡប់​មក​វិថីព្រះសុរាម្រិត ដល់មហាវិថីព្រះសីហនុ រួចបត់​ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ