ប្រទេសស្វីស៖ នៅម៉ោងប្រមាណ ៦ល្ងាច ម៉ោងនៅទីក្រុង សូរិក ប្រទេសស្វីស ត្រូវនឹងម៉ោងប្រមាណ ១១យប់ ម៉ោងនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ នៅទ្វីបអឺរ៉ុប ប្រមាណជា ២១០០នាក់។ ពិធីជួបជុំនេះ បានធ្វើឡើង ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២២។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរយើង នៅទ្វីបអឺរ៉ុប នៅពេលសម្តេច ទើបតែចុះពីយន្តហោះ នាល្ងាចថ្ងៃទី២១ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គិតមកដល់ថ្ងៃនេះ នៅកម្ពុជា នៅសល់អ្នកជំងឺកូវីដ១៩ តែ ៨នាក់ប៉ុណ្ណោះ គឺនៅភ្នំពេញ ៤នាក់ និងនៅខេត្តបាត់ដំបង ៤នាក់។ ក្នុងនោះ មានម្នាក់ នៅបន្ទប់សង្គ្រោះបន្ទាន់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជាកម្ពុជា មានតែអ្នកជំងឺកូវីដតែ ៨នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែកម្ពុជា ត្រូវផលិតថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងត្រូវសាងសង់មន្ទីរពេទ្យកូវីដធំមួយ នៅភ្នំពេញ ដែលអាចផ្ទុកអ្នកជំងឺដល់ទៅ ១ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការបង្កើតរោងចក្រផលិតវ៉ាក់សាំង នៅកម្ពុជា និងការសាងសង់មន្ទីរពេទ្យ សម្រាប់កូវីដ គឺជាការត្រៀមបម្រុងរបស់យើង ព្រោះពិភពលោក មិនដឹងថា កូវីដ បញ្ចប់នៅពេលណានោះទេ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ