រាជធានីភ្នំពេញ ៖ ក្រុមគ្រួសារលោកឧបាសិកា អ៊ឹង ហ៊ុយហួង ហៅលោកយាយម៉ៅ ហួង រស់នៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ នៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០១៦ បាននាំយកថវិកាចំនួន១០លានរៀល ដែលបានពីការដង្ហែកឋិនទានបានយកទៅប្រគល់ជូនមូលនិធិនៃមន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីចូលរួមរំលែកការខ្វះខាតរបស់មន្ទីរពេទ្យអោយបានដំណើរបម្រើមនុស្សធម៌ជួយសង្គ្រោះកុមាររងគ្រោះដោយជំងឺនិងគ្រោះថ្នាក់ផ្សេងៗ នៅកម្ពុជា។
នៅក្នុងការប្រគល់អំណោយនេះ មានការអញ្ជើញចូលរួមទទួលពីលោក DENIS LAURENT អនុប្រធានមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា និងជាតំណាងលោក BEAT RICHNER ប្រធានមន្ទីរពេទ្យ គន្ធបុប្ផា និងលោកយាយ ដែលជាម្ចាស់អំណោយនិងក្រុមគ្រួសារផងដែរ។
នាឱកាសនោះលោកឧបាសិកាអ៊ឹង ហ៊ុយហួងហៅលោកយាយ ម៉ៅ ហួង បានមានប្រសាសន៍ថា ថវិកាទាំងនេះ បានមកពីបុណ្យកឋិនទានសាមគ្គីកាលពេលកន្លងមក ដែលថវិកាពាក់កណ្តាលយកទៅវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្ត ពោធិអង្គម្រេញ ក្នុងស្រុកអង្គស្នួលនិងថវិកាមួយចំនួនបានយកមកប្រគល់ជូនមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផានៅពេលនេះ។
លោកយាយ បានបន្តថា ដោយមើលឃើញ សកម្មភាពមនុស្សធម៌ របស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការជួយសង្គ្រោះកុមារកម្ពុជាដោយពុំយកប្រាក់ និងស្របតាមការអំពាវនារកជំនួយ របស់មូលនិធិមន្ទីរពេទ្យ គុន្ធាបុប្ផា ក៏ដូចជារាជរដ្ឋាភិបាលលោកយាយ ក៍បានផ្តួចផ្តើមដង្ហែកឋិនទានដើម្បីប្រមូលបច្ច័យដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យ និងជាការចូលរួមបំពេញនូវកុសលផងដែរ។
លោក DENIS LAURENT អនុប្រធានមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា ក៏បានមានប្រសាសន៍ថា នេះជាទឹកចិត្តដ៏សប្បុរសមួយដែលលោកយាយ ហើយនិងក្រុមគ្រួសារ បានគិតគូរដល់កុមារកម្ពុជា និងមន្ទីរពេទ្យដែលកំពុងជួបការខ្វះខាត និងការរួមចំណែកក្នុងការចំណាយរបស់រាជរដ្ឋាភិបាល។លោកក៏បានថ្លែងអំណរអរគុណដល់ក្រុមគ្រួសាររបស់លោកយាយ ម៉ៅ ហួង ហើយលោកនឹងសន្យាថា និងយកថវិកានេះទៅប្រគល់ជូនមូលនិធិដើម្បីចាត់ចែងក្នុងការជួយសង្គ្រោះដល់កុមារនៅកម្ពុជា។
តាមការបញ្ជាក់របស់លោកអនុប្រធានមូលនិធិថា សាខាមន្ទីរពេទ្យ គន្ធបុប្ផា នៅក្នុងប្រទេសកម្ពុជាមានចំនួន៥កន្លែង នៅក្នុងរាជធានីភ្នំពេញមាន ៤កន្លែង និងនៅខេត្តសៀមរាបមួយកន្លែង ហើយនៅភ្នំពេញ មានកុមារកម្ពុជាចូលមកព្យាបាលនៅក្នុងមួយថ្ងៃប្រមាណ ១៦០០នាក់ទៅ ២០០០នាក់ដែលត្រូវចំណាយថវិការាបម៉ឺនដុល្លារក្នុងមួយថ្ងៃ ។
ចែករំលែកព័តមាននេះ