កណ្តាល៖ លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានសម្រេចចេញដីការឃុំខ្លួនក្រុមចោរគាស់ផ្ទះយ៉ាងសកម្មនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “លួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តហិង្សា ” តាមមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។
ជនទាំងនេះ បានលួចគាស់ផ្ទះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០១ និង១០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ម៉ៃ និមិត្ត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។ ជនត្រូវចោទទី១ ឈ្មោះ មហាម៉ាត់ ហ្វាអ៊ីស ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានមុខរបរ មិនពិតប្រាកដ ទី២ឈ្មោះ សេក វាសនា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
នគរបាលក្រុងតាខ្មៅ បានប្រាប់ថា នៅវេលាកើតហេតុ ពេលដែលជនរងគ្រោះ និងក្រុមគ្រួសារកំពុងតែដេកលង់លក់ នៅក្នុងផ្ទះ ពេលនោះ ស្រាប់តែក្រុមជនសង្ស័យ បានធ្វើសកម្មភាព កាត់សោររបង ចូលទៅឆ្កឹះសោរម៉ូតូរបស់ជនរងគ្រោះ តែឆ្កឹះមិនចេញ។
ភ្លាមនោះ ជនរងគ្រោះ បានភ្ញាក់ទាន់ ឃើញជនសង្ស័យ ក៏បានទូរស័ព្ទប្រាប់បងប្អូន ដែលនៅផ្ទះទល់មុខគ្នា អោយជួយដេញចាប់ជនសង្ស័យ បានម្នាក់ ឈ្មោះ មហាម៉ាត់ ហ្វាអ៊ីស ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់។
ដោយមានការសហការរវាងកម្លាំងផ្នែកយុត្តិធម៌ កម្លាំងប៉ុស្តិ៍កំពង់សំណាញ់ និងប៉ុស្តិ៍តាខ្មៅបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ សេក វាសនា រួមទាំងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍។ ចំណែកឯជនសង្ស័យ ឈ្មោះ ប៉ោយ ប៉ែត បានរត់គេចខ្លួនបាត់។
បន្ទាប់មក ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនបន្ត ទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕ ឆ ដា






ចែករំលែកព័តមាននេះ