ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនអណ្តើកហ្លួង ចំនួន ៣០ក្បាល បានញាស់ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង

1 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កូនអណ្តើកហ្លួងចំនួន ៣០ក្បាល បានញាស់​ចេញ​ពីសម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង កាលពី​សប្តាហ៍កន្លងទៅ។ នេះគឺជាលើកទីពីរហើយ…

ខេត្តកោះកុង៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កូនអណ្តើកហ្លួងចំនួន ៣០ក្បាល បានញាស់​ចេញ​ពីសម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង កាលពី​សប្តាហ៍កន្លងទៅ។ នេះគឺជាលើកទីពីរហើយ ដែលអណ្តើកហ្លួងចិញ្ចឹម ក្នុងមជ្ឈមណ្ឌល​នេះ បានពងកូន។

ក្នុងរដូវពងកូនឆ្នាំ​២០២២នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជ នៅក្នុងមជ្ឈមណ្ឌល​អភិរក្សសត្វល្មូន កោះកុង ពងបាន​ចំនួន ៩សម្បុក ស្មើ ៨១ពង ហើយញាស់បានចំនួន ៣០កូន បើប្រៀបធៀបទៅនឹងរដូវពងកូនឆ្នាំ២០២១ គឺញាស់បានតែមួយក្បាលគត់ក្នុងចំណោម​ពង៥ សម្បុកដែលមាន ៧១ពង។

ស្របពេលជាមួយគ្នាដែរ មេអណ្តើកចិញ្ចឹមចំនួនពីរក្បាល នៅឯមជ្ឈមណ្ឌលអង្គរ សម្រាប់ការ​អភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលថែរក្សា និងបង្កាត់ពូជសត្វកម្រទីពីរនិងជាដៃគូរបស់អង្គការ WCS ពងបាន២សម្បុក (ស្មើ ១៦ពង)។ ក៏ប៉ុន្តែ ញាស់បានតែមួយក្បាលប៉ុណ្ណោះ ហើយកូន​អណ្តើកនោះ បានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។ ដូច្នេះកូនអណ្តើក​ហ្លួងញាស់បានក្នុងរដូវពងកូនឆ្នាំនេះ សរុបមានចំនួន ៣១ក្បាល។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS បានថ្លែងថា «ស្របពេល ដែលការបង្កកំណើតនៅក្នុងធម្មជាតិកំពុងមានការថយចុះ យើងទទួលបានជោគជ័យ​លើកម្មវិធី​បង្កាត់​ពូជរបស់យើង ដែលជាការធានាដល់ការរស់រានយូរអង្វែងរបស់ប្រភេទអណ្តើកហ្លួង។ នៅ​រដូវពងកូនឆ្នាំនេះ ក្រុមការងារ​មិនបានរកឃើញសម្បុកអណ្តើកហ្លួង នៅលើឆ្នេរខ្សាច់ តាមប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្នុងតំបន់គ្រប់​គ្រង​ជលផលស្ថិតក្នុង ខេត្តកោះកុង និងព្រះសីហនុ ទេ»។

 លោក ស្ទីវឹន ផ្លាត (Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វ និង​ថលជលិក នៃអង្គការ WCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា «នេះគឺជាជោគជ័យមួយក្នុងការងារអភិរក្សអណ្តើកហ្លួង​នៅកម្ពុជា។ កូនអណ្តើកហ្លួង ដែលបានញាស់ដោយជោគជ័យយ៉ាងច្រើននេះ បង្ហាញអំពីក្តី​សង្ឃឹមចំពោះការរស់រានរបស់អណ្តើកហ្លួងរយៈពេលវែងនាពេលអនាគត។» លោកស្រីបណ្ឌិត សុនចា លូហ្ស៍ (Dr Sonja Luz) អនុប្រធានប្រតិបត្តិនៃអង្គការ Mandai Nature ​បានសម្តែងនូវការ​រីករាយចំពោះដំណឹងនៃការញាស់របស់កូនអណ្តើកហ្លួងទាំងនេះ។ ជោគជ័យនៃការ ដែលអាច​បង្កាត់ពូជបានកូនញាស់ទាំងនេះ នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម​ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រុមការងារអនុវត្តផ្ទាល់នៅទីវាល និងការគាំទ្រពីដៃគូផ្សេងៗទៀត។ ការចូលរួមដ៏សកម្មក្នុងផែនការស្តារឡើងវិញនូវប្រភេទ អណ្តើកហ្លួងនេះគឺជាសក្ខីភាពបង្ហាញឱ្យ​សាធារណៈជនទូទៅបានយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងការងារបង្កាត់ពូជ នៅក្នុងមជ្ឈមណ្ឌល​ សម្រាប់ការការពារប្រភេទដ៏កម្រនេះ។​

លោក អានឌ្រូ វ៉ាល (Andrew Walde) ប្រធានផ្នែកប្រតិបត្តិនៃអង្គការ Turtle Survival Alliance បានថ្លែងថា «ការ​ញាស់របស់កូនអណ្តើកទាំងនេះ បង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃការបង្កើត​ទីកន្លែងបង្កាត់ពូជប្រភេទសត្វរងគ្រោះជិតផុតពូជនៅក្នុងប្រទេសដើមកំណើតដែលពួកវារស់នៅ។ អណ្តើកជំទង់នៅក្នុងធម្មជាតិនៅកម្ពុជាមានចំនួនតិចតួច ដូច្នេះការបង្កាត់ពូជអណ្តើកនេះ បន្ថែម នៅក្នុងមជ្ឈមណ្ឌលគឺជាជម្រើសដ៏ប្រសើរបំផុត ដោយយើងមិនត្រឹមតែបានធានាដល់ការ​រស់រានរបស់វានៅក្នុងប្រទេសប៉ុណ្ណោះទេ គឺថែមទាំងបានបង្កើនចំនួនប្រភេទនេះនៅក្នុងទីជម្រក ធម្មជាតិទៀតផង»។

លោកស្រី Christel Griffioen នាយកមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានថ្លែងថា «ទីកន្លែងបង្កាត់ពូជក្នុងមជ្ឈមណ្ឌល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងដើម្បីទប់ស្កាត់ការផុត​ពូជ​នៃប្រភេទសត្វកម្រ ហើយលទ្ធផលនៃការបង្កាត់ពូជ ឆ្នាំនេះ គឺជាសញ្ញាណដ៏ល្អមួយ សម្រាប់​កម្មវិធី​បង្កាត់ពូជសត្វអណ្តើកហ្លួងចិញ្ចឹមនាពេលអនាគត និងជាជោគជ័យដ៏ធំមួយក្នុងការងារ​អភិរក្ស​ប្រភេទនេះនៅកម្ពុជា»។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា «យើងមាន​មោទនភាព​ណាស់ដែលទទួលលទ្ធផលដ៏អស្ចារ្យនេះ។ រដ្ឋបាលជលផលសូមធ្វើការលើក​ទឹកចិត្តនិងគាំទ្រពេញទំហឹង និងបន្តកិច្ចការស្រាវជ្រាវនេះទៀត ដើម្បីសម្រេចគោលដៅក្នុងពេល​អនាគត ហើយយើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់​នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។

អង្គការ WCS បាន និងកំពុងសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីឆ្នាំ ២០០០ ដើម្បីអភិរក្សប្រភេទអណ្តើកហ្លួងនេះ (មានឈ្មោះវិទ្យាសាស្ត្រ​ថា Batagur affinis edwardmolli) នៅកម្ពុជា។

បន្ទាប់ពីបានរកឃើញវត្តមានប្រភេទនេះ សាជាថ្មីក្នុងឆ្នាំ ២០០០ នៅតាមប្រព័ន្ធព្រែកស្រែអំបិល​ភាគនិរតី (ដែលបច្ចុប្បន្នជាតំបន់គ្រប់គ្រងជលផល) នៃប្រទេសកម្ពុជា អង្គការ WCS សហការ​ជាមួយ​រដ្ឋបាលជលផលបានបង្កើតកម្មវិធីការពារសម្បុកដោយបានជ្រើសរើស​អតីតអ្នក​ដើរ​ប្រមូលពងអណ្តើកឱ្យធ្វើជាអ្នកការពារសម្បុកអណ្តើក។

ក្នុងឆ្នាំ​២០០៦ អង្គការ WCS បានសាងសង់មណ្ឌលសម្រាប់ចិញ្ចឹមថែទាំ អណ្តើកមួយស្ថិតនៅក្នុង​ស្រុក​ស្រែ​អំបិល ខេត្តកោះកុង ដើម្បីរក្សាទុកកូនអណ្តើកដែលប្រមូលបានពីតាមឆ្នេរ ខ្សាច់។ ក្រោយ​មក ក្នុងឆ្នាំ ២០១៦ មណ្ឌលនេះត្រូវបានប្តូរទីតាំងទៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ចម្ងាយប្រមាណ ១៥គ.ម ពីក្រុងខេមរៈភូមិន្ទវិញ។

រៀងរាល់ឆ្នាំ កូនអណ្តើកដែលញាស់នៅលើឆ្នេរខ្សាច់តាមប្រព័ន្ធព្រែកស្រែអំបិល ត្រូវបានក្រុម​ការពារ​សម្បុក​ប្រមូលបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ដើម្បីចិញ្ចឹមថែទាំ រហូតដល់ធំពេញវ័យទើបយកវាទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ។ សកម្មភាពអភិរក្ស​សំខាន់ៗនៅតាមទី​វាលបាននិងកំពុងអនុវត្ត ដែលរួមមាន​ការអប់រំនិងលើកកម្ពស់ការយល់ដឹង ការពង្រឹងការអនុវត្តច្បាប់ ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាសហគមន៍ ការកសាងសមត្ថភាព​សហគមន៍នេសាទ ការតាមដានក្រោយការលែងអណ្តើកហ្លួងចូលក្នុងទីជម្រកធម្មជាតិវិញ និងការ​ស្រាវជ្រាវធនធានជលផល។

បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ១៨៦ក្បាល។ អណ្តើកហ្លួង​ជំទង់ចំនួន ១៤៧ក្បាល ត្រូវបាលលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ ២០១៥មក បូករួមទាំងអណ្តើកហ្លួង ៥១ក្បាលដែលបានលែងកាលពីចុងឆ្នាំ​២០២១។

អណ្តើកស្ទើរជំទង់និងជំទង់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់​ពូជចំនួន ៤។ ចំណែកឯ អណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងអាងធំធ្វើពី ប្លាស្ទីក មុននឹងផ្ទេរ​ចូល​ទៅ​ក្នុងស្រះបង្កាត់ពូជ។

កូនអណ្តើកហ្លួង ដែលទើបនឹងញាស់ទាំងនេះ នឹងត្រូវចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលរយៈពេល​ប្រហែល ៤ឆ្នាំ រហូតដល់វាធំល្មមអាចសម្របខ្លួននឹងធម្មជាតិ និងការពារខ្លួនឯងបាន ទើបលែង​ចូលទៅក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិលវិញ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ