រុក្ខជាតិឱសថបុរាណកែច្នៃពីធញ្ញជាតិ មានគុណប្រយោជន៍ជួយព្យាបាលជំងឺនានា ហើយក៏មានគុណសម្បត្ដិបំបាត់ការកើតមុនលើផ្ទៃមុខ និងជាឱសថដ៏មានសុវត្ថិភាពក្នុងរាងកាយ ។ ខាងក្រោមនេះជារុក្ខជាតិប្រភេទឱសថបុរាណអាចព្យាបាលរោគមុនប្រកបដោយប្រសិទ្ធភាព ៖
១-ស្លឹកត្រចៀកក្រាញ់ ៖ យកស្លឹកត្រចៀកក្រាញ់លាងឱ្យស្អាត កិន ឬបុកឱ្យម៉ត់ ហើយលាយជាមួយនឹងទឹកបន្តិច យកទៅដាក់ពាសនៅលើគ្រាប់មុនទុករយៈពេលប្រហែល១០ទៅ១៥នាទី រួចលាងមុខឱ្យស្អាតនឹងជួយឱ្យផ្ទៃមុខអ្នកឆាប់រាបស្មើ ។
២-ប្រទាលកន្ទុយក្រពើ ៖ មានគុណសម្បត្ដិជួយបំបាត់មុន ការពារការជាំ និងកាត់បន្ថយស្នាមខ្មៅ គ្រាន់តែយកទឹកថ្លាៗរបស់ប្រទាលលាបនៅបរិវេណកើតមុនជាប្រចាំ ។
៣-ពន្លៃ ៖ យកពន្លៃហាន់ជាចំណិតៗបុកឱ្យម៉ត់ ហើយលាយជាមួយកំបោរឱ្យសព្វ រួចយកទៅដាក់បិទពីលើមុនទុកប្រហែល១៥ទៅ២០នាទីហើយលាងទឹកចេញ ការរលាកដោយសារមុននឹងបាត់បន្តិចម្ដងៗ រួមទាំងជួយសម្លាប់បាក់តេរីផងដែរ ។
៤-ខ្ទឹមក្រហម ៖ ហាន់ជាកង់ៗ ហើយយកទៅដាក់ត្រង់កន្លែងដែលកើតមុន ខ្ទឹមក្រហមអាចជួយទប់ស្កាត់បាក់តេរី ធ្វើឱ្យមុនឆាប់ជាសះស្បើយ ។
៥-ខ្ទឹមស ៖ ក្លែបខ្ទឹមស ហាន់ស្ដើងៗហើយយកទៅត្រដុស ឬដុសនៅបរិវេណមុន រួចផ្អឹបទុកចោលប្រហែល៥នាទី ហើយលាងទឹកឱ្យស្អាត ។ ខ្ទឹមអាចទប់ស្កាត់បាក់តេរី កាត់បន្ថយការរលាក និងស្នាមជាំបាន ។
៦-ក្រូចឆ្មារ ៖ ច្របាច់ក្រូចឆ្មារមួយចំណិត លាយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ក្រោយមកត្រូវយកសំឡីជ្រលក់ជូតឱ្យពេញផ្ទៃមុខ ទុកចោលប្រហែល៣០នាទី រួចលាងឱ្យស្អាត ។ វិធីសាស្ដ្រនេះ គួរប្រតិបត្ដិជាប្រចាំ នឹងធ្វើឱ្យគ្រាប់មុនថយចុះ ។
៧-ល្មៀតម៉ត់ ៖ យកម្សៅល្មៀត លាយជាមួយទឹកក្រូចឆ្មារកូរឱ្យសព្វចូលគ្នា រួចយកទៅលាបត្រង់មុខមុនទុកចោលប្រហែលពី១០ទៅ២០នាទី ហើយលាងទឹកឱ្យស្អាត ។ ល្មៀតម៉ត់និងអាស៊ីដពីក្រូចឆ្មារនឹងជួយសម្លាប់បាក់តេរី ធ្វើឱ្យមុនថយចុះ ហើយក៏ជួយឱ្យស្នាមជាំបាត់សន្សឹមៗដែរ ។
៨-អម្ពិលទុំ ៖ យកអម្ពិលទុំលាយជាមួយទឹកច្របាច់ចូលគ្នាឱ្យខាប់ ហើយផ្សំជាមួយទឹកឃ្មុំបន្តិច បន្ទាប់មកត្រូវយកទៅលាបលើមុខ ទុកចោលប្រហែល១០ទៅ១៥នាទី រួចលាងទឹកឱ្យស្អាត នឹងធ្វើឱ្យមុនឆាប់បាត់អស់ពីលើផ្ទៃមុខ ៕
ចែករំលែកព័តមាននេះ