ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម ឌី​ម៉ា និង​ឃី​ម បូ​រ៉ា ទៅ​រួច​អត់​ពេល​ជួប​កីឡាករ​បរទេស​នៅ​លើ​រេញ​ស៊ី​ធី​អិន​ថ្ងៃស្អែកនេះ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍ ទី​២៩ តុលា ស្អែកនេះ កីឡាករ​បងប្អូន​ត្រកូល​ឃី​ម​២​រូប​គឺ​ឃី​ម ឌី​ម៉ា និង​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ដូច​គ្នា ត្រូវ​បាន​គេ​ផ្គូផ្គង​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍ ទី​២៩ តុលា ស្អែកនេះ កីឡាករ​បងប្អូន​ត្រកូល​ឃី​ម​២​រូប​គឺ​ឃី​ម ឌី​ម៉ា និង​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ដូច​គ្នា ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស ។ អ្នក​និយម​ទស្សនាការ​ប្រកួត​ប្រដាល់​ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា ​តើ​កីឡា​ករ​កម្ពុជា​២​នាក់​បងប្អូន​នេះ​ទៅ​រួច​ឬអត់ ខណៈ​កីឡាករ​បរទេស​ដែល​ពួក​គេ​ត្រូវជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អីុចឹង​នោះ​។

ឃឹម ឌី​ម៉ា ដែល​មាន​ប្រវត្តិ​ប្រកួត​៦៣​ដង ឈ្នះ​៥៤​ដង ចាញ់​៦​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៩​ដង ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​Yod Khunphon Ekbang Sai ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ​ឡាវ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៦៩​ដង ចាញ់​១៤​ដង​ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣​ដង​។ Yod Khunphon Ekbang Sai ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ដង​រួច​មក​ហើយ ឯ​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​ដូច្នេះ​ចាំ​មើល​ឃី​ម ឌី​ម៉ា អាច​យកឈ្នះ​គេ​បាន​ឬ​អត់ ។

ចំណែក​ឃី​ម បូ​រ៉ា ធ្លាប់​ប្រកួត​៥៨​ដង ឈ្នះ​៤០​ដង ចាញ់​១៨​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៦​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Phit Noypeaka Care ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៦៥​ដង ឈ្នះ​៥៣​ដង ចាញ់​៩​ដង ស្មើ​២​ដង និង​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុកខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​សម្រាប់​ការ​មក​ជួប​ជាមួយ​ឃី​ម បូ​រ៉ា លើក​នេះ​ពិបាក​ប៉ាន់ស្មាន​លទ្ធផល​ទុក​មុន​ណាស់​ដោយសារ​កីឡាករ​ទាំង​ពីរ​មាន​សមត្ថភាព​មិន​អន់​ដូច​គ្នា ដូច្នេះ​បើចង់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​មាន​តែរង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀនប៉ុណ្ណោះ​។

នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​រវាង​កីឡាករ​ក្នុងស្រុក​ផង​ដែរ​ដូច​ជា កីឡាករ សុខ ទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ កីឡាករ ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​កីឡាករ សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​គូ​ចុង​ក្រោយ​កីឡាករ រ៉ន កត្តា មក​ពី​ក្លិប​ភិ​រម្យ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង សុ​ភ័ស្ស មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​យប់​ថ្ងៃ​សៅរ៍​នេះ​ក៏​មានការ​ប្រកួត​អន្តរជាតិ​ចំនួន​២​គូ​ផង​ដែរ ។ គូ​អន្តរជាតិ​ដែល​ត្រូវ​បង្ហាញខ្លួន​នៅ​យប់​នេះ​មាន សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Loukyort Sit Sampayark ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម និង​កំពែង ខ្មៅ មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ​ដូច​គ្នា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Samsing Loukchunprathan ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​មាន រិ​ន សា​រដ្ឋ មក​ពី​ក្លិប​ខេត្តព្រៃវែង ប្រកួត​ជាមួយ ផ​ន ផល្លា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​ចាន់ សំអាត មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ។

នៅ​ថ្ងៃអាទិត្យ​ទី​៣០ តុលា ខាង​ស្អែក នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​ប្រដាល់​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុនស្រា​សាច់ដុំ​ពិសេស​ផង​ដែរ​។ សមាសភាព​កីឡាករ​ដែល​ចូលរួម​ប្រកួត​នៅ​ថ្ងៃ​នោះ​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​។ កីឡាករ ពី​ន ណា​ថៃ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ ប៉ែន ដេ​វីត មក​ពី​ក្លិប​កងពលតូច​លេខ​៧០​។ កីឡាករ អេ សា​រ័​ត្ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឡុ​ង សុធា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ កីឡាករ ហៃ សុខ​បាន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ រឿ​ន ឈី មក​ពី​ក្លិប​គុហារ​ព្រហ្ម​មាន​ជ័យ ។ កីឡាករ នី​ម ន​ន មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង វ៉ា​ន់​ត មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ខុន បូ​ឡា មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ និង​គូ​ចុង​ក្រោយ​កីឡាករ សី ដា​វីត មក​ពី​ក្លិប​ចាន់​បុរី​វង្ស ប្រកួត​ជាមួយ​កីឡាករ សិទ្ធ ដេ​វីត មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ៕